នៅក្នុងជំនួបនេះ លោក Tran Hong Ha បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពដ៏ទូលំទូលាយ ប្រកបដោយប្រសិទ្ធភាព របស់លោក Marc Knapper ក្នុងវិស័យជាច្រើនដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ការតភ្ជាប់ប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋាភិបាលទាំងពីរ និងរវាងសហគមន៍ធុរកិច្ច ជាមួយរដ្ឋាភិបាល រួមទាំងដើរតួនាទីយ៉ាងសកម្មក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងកិច្ចព្រមព្រៀងស្តីពីការប្រែប្រួលអាកាសធាតុ។

ឆ្លៀតក្នុងឱកាសនេះ លោកឧបនាយករដ្ឋមន្ត្រីបានផ្ញើសាអបអរសាទរជូនប្រជាជននៃសហរដ្ឋអាមេរិក ក្នុងឱកាសទិវាបុណ្យឯករាជ្យ​ជាតិ។ ទន្ទឹមនឹងនោះ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃឱកាសរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-អាមេរិក។ ភាគីទាំងពីរបានខិតខំប្រឹងប្រែងជំនះការលំបាក កសាងទំនាក់ទំនងភាពជា​ដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ បង្ហាញស្មារតីគោរពអតីតកាល និងឆ្ពោះទៅរក​អនាគតរបស់វៀតណាម។

leftcenterrightdel
លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រី ទទួលជួបលោក Marc Knapper ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម

លោកឧបនាយករដ្ឋមន្ត្រី បានអះអាងថា វៀតណាមតែងតែចាត់ទុកសហរដ្ឋអាមេរិកជាដៃគូយុទ្ធសាស្ត្រក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទោះបីជាយ៉ាង​ណា​​​ក៏​ដោយ ក៏ភាគីទាំងពីរត្រូវបន្តដកចេញនូវរបាំងនានា ជាពិសេសលើវិស័យពាណិជ្ជកម្ម ការវិនិយោគ និងបច្ចេកវិទ្យាខ្ពស់។

លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យសហរដ្ឋអាមេរិកឆាប់ទទួលស្គាល់វៀតណាមជាសេដ្ឋកិច្ចទីផ្សារ បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ការទទួលបានបច្ចេកវិទ្យាខ្ពស់ ជាពិសេសក្នុងវិស័យថាមពល រ៉ែ និងឧស្សាហកម្មយុទ្ធសាស្ត្រ។ វៀតណាមត្រៀមខ្លួនជាស្រេច សហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ចែករំលែកផលប្រយោជន៍ និងហានិភ័យជាមួយសហរដ្ឋអាមេរិកក្នុងគម្រោងសហប្រតិបត្តិការរយៈពេលវែង ដោយឈរលើគោលការណ៍តម្លាភាព និងយុត្តិធម៌។

លោកឧបនាយករដ្ឋមន្ត្រីក៏បានសង្កត់ធ្ងន់លើបំណងចង់ឱ្យសហរដ្ឋអាមេរិកជួយវៀតណាមក្នុងការអភិវឌ្ឍវិស័យបញ្ញាសិប្បនិមិត្ត (AI) តាមរយៈការផ្ទេរបច្ចេកវិទ្យា ការវិនិយោគ ការបណ្តុះបណ្តាល និងការបណ្តាក់ទុនរួមគ្នា បង្កើតនិមិត្តសញ្ញាថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ។

ថ្លែងអំណរគុណ លោក Tran Hong Ha ដែលបានចំណាយពេលទទួលជួបនោះ លោក Marc Knapper បានបញ្ជាក់ពីសារៈសំខាន់នៃឱកាសរំលឹកខួបលើកទី ៣០ នៃការធ្វើឱ្យមានប្រក្រតីភាពនូវទំនាក់ទំនងការទូតរវាងវៀតណាម និងសហរដ្ឋអាមេរិក។ ពីការចាប់ផ្តើមយ៉ាងតិចតូចនៅឆ្នាំ១៩៩៥ ឥឡូវនេះ ទំនាក់ទំនងវៀតណាម-អាមេរិកបានអភិវឌ្ឍទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយនឹងកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយលើគ្រប់វិស័យ៖ ពាណិជ្ជកម្ម ការពារជាតិ ថាមពល ការអប់រំ វប្បធម៌។ល។

ចែករំលែកជាមួយគោលដៅអភិវឌ្ឍរបស់វៀតណាមដូចជា៖ ការក្លាយជាសេដ្ឋកិច្ចបៃតងនៅឆ្នាំ ២០៥០ មានចំណូលខ្ពស់នៅឆ្នាំ ២០៤៥ និងសេដ្ឋកិច្ចបច្ចេកវិទ្យាខ្ពស់នាពេលអនាគត លោក Marc Knapper អះអាងថា អាមេរិកមានបំណងរួមដំណើរ និងត្រៀមខ្លួនជាស្រេចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ជាពិសេសលើវិស័យបច្ចេកវិទ្យាខ្ពស់ បញ្ញាសិប្បនិមិត្ត ខ្សែសង្វាក់ផ្គត់ផ្គង់ទិន្នន័យជាយុទ្ធសាស្ត្រ។

នៅក្នុងកិច្ចប្រជុំនេះ តំណាងទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិបានជូនដំណឹងអំពីការសម្រេចចិត្តបិទការិយាល័យនៅវៀតណាម យោងតាមគោលនយោបាយកែសម្រួលសកលរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនោះ ទីភ្នាក់ងារ USAID នឹងបន្តផ្ទេរកម្មវិធីសំខាន់ៗដែលកំពុងអនុវត្តនៅវៀតណាមទៅក្រសួងការបរទេសអាមេរិក ដូចជាការបង្ការទប់ស្កាត់ប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍/ជំងឺអេដស៍ ការជំនះផលវិបាកនៃសង្គ្រាម ការការពារបរិស្ថាន សុខភាពសាធារណៈជាដើម។

លោក Tran Hong Ha បានទទួលស្គាល់ការរួមចំណែកជាក់ស្តែង និងខ្ជាប់ខ្ជួនរបស់ USAID ចំពោះវៀតណាមក្នុងរយៈពេល ៣ ទស្សវត្សកន្លងមក ក្លាយជាស្ពានដ៏សំខាន់ក្នុងវិស័យវប្បធម៌ សេដ្ឋកិច្ច និងការកសាងទំនុកចិត្តរវាងប្រទេសទាំងពីរ ព្រមទាំងអះអាងថា “បេសកកម្ម និងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់ USAID នឹងបន្តរក្សា និងលើកកំពស់”។

បកប្រែដោយ Duy Hoan