វៀតណាមត្រៀមខ្លួនជាស្រេចរួមចំណែកដល់ការធានាសន្តិសុខស្បៀង ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ
កប.អនឡាញ - នារសៀលថ្ងៃទី១ ខែកក្កដា (ម៉ោងក្នុងតំបន់) នៅទីក្រុង Seville ប្រទេសអេស្ប៉ាញ ក្នុងក្របខ័ណ្ឌនៃសន្និសីទអន្តរជាតិលើកទី៤ ស្តីពីហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍ (FfD4) លោក Ho Duc Phoc ឧបនាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថានៅកិច្ចពិភាក្សាតុមូលក្រោមប្រធានបទ “បង្កើតខ្លឹមសារថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ”។
លោក Ho Duc Phoc បានសង្កត់ធ្ងន់ថា ការបង្កើតខ្លឹមសារថ្មីនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិមិនត្រឹមតែជាជម្រើសប៉ុណ្ណោះទេ ប៉ុន្តែជាតម្រូវការបន្ទាន់ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ទៀតផង។
    |
 |
លោក Ho Duc Phoc មានប្រសាសន៍ក្នុងសម័យប្រជុំពេញអង្គនៃសន្និសីទ FfD4 (រូបថត៖ vnanet.vn) |
លោក Ho Duc Phoc បានលើកសំណើចំនួន ៥ ស្តីពីការធ្វើកំណែទម្រង់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ ឆ្ពោះទៅរកគោលដៅជាច្រើន ដែលមិនត្រឹមតែលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ថែមទាំងបម្រើដល់ការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច ឆ្ពោះទៅរកនិរន្តរភាពផងដែរ; ជំរុញការកែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ដើម្បីធានាបាននូវភាពយុត្តិធម៌ បរិយាប័ន្ន និងប្រកាន់យកប្រជាជនជាស្នូល; កសាងយន្តការសហការមានប្រសិទ្ធភាពជាងរវាងបណ្ដាប្រទេស ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ធានានូវការបំពេញបន្ថែម និងការរួមបញ្ចូលគ្នានៃបណ្ដាធនធាន; ផ្តល់អាទិភាពដល់ការគាំទ្រសម្រាប់ប្រទេស និងតំបន់ងាយរងគ្រោះ បណ្ដាប្រទេសអភិវឌ្ឍន៍តិចតួច ប្រទេសដែលមិនជាប់សមុទ្រ ប្រទេសដែលរងផលប៉ះពាល់ដោយការកើនឡើងកម្រិតទឹកសមុទ្រ និងការប្រែប្រួលអាកាសធាតុ; ជំរុញការចែករំលែកចំណេះដឹង និងការចែករំលែកបទពិសោធន៍រវាងប្រទេសនានា ហើយអំពាវនាវឲ្យពង្រីកកិច្ចសហប្រតិបត្តិការត្បូង-ត្បូង កិច្ចសហប្រតិបត្តិការត្រីភាគី ដើម្បីឲ្យបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍អាចជួយគាំទ្រគ្នាទៅវិញទៅមកតាមរយៈការផ្ទេរបច្ចេកវិទ្យា និងគំរូអភិវឌ្ឍន៍សមស្រប។
ក្នុងឱកាសនេះ លោក Ho Duc Phoc បានលើកឡើងពីសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់វៀតណាម ហើយអះអាងថា សមិទ្ធិផលទាំងនេះមានការរួមវិភាគទានសំខាន់ពីដើមទុន ODA ការរួមបញ្ចូលគ្នាប្រកបដោយសុខដុមរមនានៃជំនួយអន្តរជាតិ និងកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាម។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា វៀតណាមត្រៀមខ្លួនជាស្រេចសហការជាមួយដៃគូដើម្បីអនុវត្តកិច្ចសន្យា និងចូលរួមយ៉ាងសកម្ម មានការទទួលខុសត្រូវក្នុងការធានាសន្តិសុខស្បៀង និងឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពក្នុងពិភពលោក ក៏ដូចជានៅក្នុងប្រទេសនីមួយៗ និងតំបន់នីមួយៗ ដើម្បីសុភមង្គល និងវិបុលភាពរបស់ប្រជាជនទាំងអស់៕
បកប្រែដោយ Thuy Anh