លោក Le Quoc Minh សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អគ្គនិពន្ធនាយកកាសែត Nhan Dan និងជាប្រធានសមាគមអ្នកកាសែតវៀតណាម បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូឡាវ ដោយបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកបន្ថែមទៀតដល់ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាគមអ្នកកាសែតទាំងពីរ ក៏ដូចជារវាងទីភ្នាក់ងារសារព័ត៌មាននៃប្រទេសឡាវ និងវៀតណាម។

leftcenterrightdel
លោក Le Quoc Minh ទទួលជួបគណៈប្រតិភូនៃសមាគមអ្នកសារព័ត៌មានឡាវ

លោកបានវាយតម្លៃថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ សារព័ត៌មាននៃប្រទេសទាំងពីរបានសហការយ៉ាងជិតស្និទ្ធ ជាពិសេសក្នុងការរៀបចំវគ្គបណ្តុះបណ្តាល ដើម្បីលើកកម្ពស់ជំនាញសម្រាប់អ្នកយកព័ត៌មាននិងអ្នកនិពន្ធ។ ទន្ទឹមនឹងនោះ សមាគមអ្នកកាសែតនៃប្រទេសទាំងពីរ ក៏បានរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ ផ្លាស់ប្តូរព័ត៌មានយ៉ាងសកម្មស្ដីពីស្ថានភាពសេដ្ឋកិច្ចសង្គម និងការអភិវឌ្ឍប្រទេសជាតិរបស់ប្រទេសវៀតណាម និងឡាវ។

ក្នុងនាមគណៈប្រតិភូការងារ លោក Savanhkhone Razmountry ប្រធានសមាគមអ្នកកាសែតឡាវ បានថ្លែងអំណរគុណសមាគមអ្នកកាសែតវៀតណាម ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ព្រមទាំងផ្ដល់ព័ត៌មានអំពីស្ថានភាពនៃសកម្មភាពសារព័ត៌មាន និងការរៀបចំព្រឹត្តិការណ៍សំខាន់ៗនៅក្នុងប្រទេសឡាវនាពេលកន្លងមកនេះ។ លោកក៏បានសង្ឃឹមផងដែរថា សមាគមអ្នកកាសែតវៀតណាម និងសមាគមអ្នកកាសែតឡាវ នឹងបន្តសហការ និងផ្លាស់ប្តូរបទពិសោធន៍ក្នុងវិស័យសារព័ត៌មាន។ លោកបានស្នើឲ្យសសមាគមអ្នកកាសែតវៀតណាម បញ្ជូនអ្នកជំនាញ និងអ្នកកាសែតដែលមានបទពិសោធន៍ទៅកាន់ប្រទេសឡាវ ដើម្បីជួយគាំទ្រការបណ្តុះបណ្តាលអ្នកយកព័ត៌មានឡាវ ជាពិសេសការប្រើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ក្នុងការធ្វើសកម្មភាពសារព័ត៌មាន។

នៅថ្ងៃទី ៨ ខែធ្នូ ភាគីទាំងពីរបានបើកវគ្គបណ្តុះបណ្តាលកម្រិតខ្ពស់ និងការផ្លាស់ប្តូរបទពិសោធន៍ស្តីពី "ជំនាញផ្ដល់ព័ត៌មានអំពីបញ្ហាបរិស្ថាន" សម្រាប់អ្នកកាសែតឡាវ។ នេះគឺជាសកម្មភាពសហប្រតិបត្តិការសារព័ត៌មាន ការផ្លាស់ប្តូរជំនាញ ការពង្រឹងទំនាក់ទំនងមិត្តភាពពិសេសរវាងវៀតណាម និងឡាវ និងលើកកម្ពស់តួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការការពារបរិស្ថានរួម៕

បកប្រែដោយ Thuy Anh