គណៈប្រតិភូថាមពលវៀតណាមបំពេញទស្សនកិច្ច និងស្វែងយល់ឱកាសសហប្រតិបត្តិការនៅអង់គ្លេស
កប.អនឡាញ - ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២៣ ខែមិថុនា ស្ថានទូតអង់គ្លេសប្រចាំទីក្រុងហាណូយ និងស្ថានអគ្គកុងស៊ុលអង់គ្លេសប្រចាំទីក្រុងហូជីមិញ បានរៀបចំដំណើរទស្សនកិច្ចរបស់គណៈប្រតិភូថាមពលវៀតណាមទៅកាន់អង់គ្លេស។
គណៈប្រតិភូថាមពលវៀតណាមចំនួន ១២ នាក់ មកពីនាយកដ្ឋានអគ្គិសនីនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម និងសម្ព័ន្ធក្រុមហ៊ុនអគ្គិសនីវៀតណាម (EVN) និងអគ្គក្រុមហ៊ុនភាគហ៊ុនសេវាកម្មបច្ចេកទេសប្រេងឧស្ម័ន្ធវៀតណាម (PTSC) នឹងធ្វើទស្សនកិច្ចការងាររយៈពេលប្រាំថ្ងៃនៅទីក្រុងឡុងដ៍ និងទីក្រុង Hull និងទីក្រុង Grimsby ស្ថិតក្នុងតំបន់ Humber ដើម្បីរៀនសូត្រពីបទពិសោធន៍ ស្វែងយល់ឱកាសសហប្រតិបត្តិការ និងតភ្ជាប់ជាមួយដៃគូដែលមានសក្តានុពល។
គណៈប្រតិភូថាមពលវៀតណាមបានចូលរួមសិក្ខាសាលា “ចែករំលែកបទពិសោធន៍របស់អង់គ្លេសក្នុងការដេញថ្លៃ និងផ្តល់អាជ្ញាប័ណ្ណគម្រោងថាមពលខ្យល់នៅឆ្នេរសមុទ្រ និងពិព័រណ៍ “ថាមពលខ្យល់នៅឆ្នេរសមុទ្រសកលឆ្នាំ ២០២៥” និងកិច្ចពិភាក្សាស្ដីពី “ដំណោះស្រាយហិរញ្ញវត្ថុសម្រាប់គម្រោងថាមពលខ្យល់នៅឆ្នេរសមុទ្រវៀតណាម”។
សកម្មភាពទាំងនេះបានធ្វើឡើងនៅទីក្រុងឡុងដ៍ ដោយចូលរួមពីអ្នកជំនាញឈានមុខគេរបស់អង់គ្លេសទាំងក្នុងវិស័យឯកជន និងសាធារណៈ ដោយចូលរួមធ្វើបទបង្ហាញ និងផ្តល់អនុសាសន៍ដើម្បីជួយវៀតណាមបំពេញក្របខ័ណ្ឌច្បាប់យ៉ាងឆាប់រហ័សនិងអភិវឌ្ឍខ្សែសង្វាក់ផ្គត់ផ្គង់ដើម្បីទាក់ទាញការវិនិយោគពីបរទេស និងអនុវត្តគម្រោងនានា ហើយឆ្ពោះទៅសម្រេចបានគោលដៅដំឡើងថាមពលខ្យល់នៅឆ្នេរសមុទ្រ ១៧,០០០ មេហ្គាវ៉ាត់នៅឆ្នាំ ២០៣៥។
    |
 |
គណៈប្រតិភូថាមពលវៀតណាមធ្វើទស្សនកិច្ចនៅអង់គ្លេស |
លោក Alexandra Smith អគ្គកុងស៊ុលអង់គ្លេសប្រចាំទីក្រុងហូជីមិញ ឲ្យដឹងថា៖ “អង់គ្លេសវាយតម្លៃខ្ពស់ចំពោះគោលដៅដំឡើងថាមពលខ្យល់នៅឆ្នេរសមុទ្រ ១៧,០០០ មេហ្គាវ៉ាត់ រហូតដល់ឆ្នាំ ២០៣៥ ក៏ដូចជាការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការបំពេញក្របខ័ណ្ឌច្បាប់ និងអភិវឌ្ឍន៍ខ្សែសង្វាក់ផ្គត់ផ្គង់។ ការវិនិយោគឯកជននឹងដើរតួនាទីយ៉ាងសំខាន់សម្រាប់ឧស្សាហកម្មដែលទាមទាឲ្យមានដើមទុននិងបច្ចេកទេស។ ការប្តេជ្ញាចិត្តទាំងនេះកំពុងផ្ញើសារដ៏ខ្លាំងក្លា និងទាក់ទាញធនធានជាច្រើនពីជុំវិញពិភពលោក។ រដ្ឋាភិបាលអង់គ្លេសតែងតែជាដៃគូដែលគួរឲ្យទុកចិត្តរបស់វៀតណាមក្នុងការផ្លាស់ប្តូរថាមពល។ ការពិត យើងខ្ញុំបានជំរុញយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការដូចជាទំនាក់ទំនងភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ (JETP) និងមជ្ឈមណ្ឌលស្រាវជ្រាវថាមពលខ្យល់នៅឆ្នេរសមុទ្រវៀតណាម ហើយគំនិតផ្តួចផ្តើមចំនួនពីរនេះនឹងនាំមកនូវលទ្ធផលជាក់ស្តែងនាពេលឆាប់ៗនេះ...”៕
បកប្រែដោយ Pham Diep