កិច្ចប្រជុំនេះមានប្រធានបទ “លើកកម្ពស់ការយល់ដឹងរបស់សាធារណៈអំពីសិទ្ធិ និងការរួមចំណែករបស់ជនពិការក្នុងការអភិវឌ្ឍសង្គម ឆ្ពោះទៅកិច្ចប្រជុំកំពូលពិភពលោកលើកទី២ ស្ដីពីការអភិវឌ្ឍសង្គម”។ កិច្ចប្រជុំមានការចូលរួមពីរដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីជាច្រើននៃបណ្ដាប្រទេសជាសមាជិក រួមជាមួយនឹងតំណាងអង្គការអន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលជាច្រើនផងដែរ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកស្រី Amina J. Mohammed អគ្គលេខាធិការរងអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ការលើកកម្ពស់សមភាព និងបង្កើតឱកាសសម្រាប់ជនពិការតែងតែជាអាទិភាពខ្ពស់ក្នុងរបៀបវារៈរបស់អង្គការសហប្រជាជាតិ។ ប៉ុន្តែ ជនពិការនៅជុំវិញពិភពលោកនៅតែប្រឈមមុខនឹងការលំបាក និងវិសមភាពជាច្រើនក្នុងការទទួលបានការអប់រំ ការងារ ការថែទាំសុខភាព និងបច្ចេកវិទ្យា។

leftcenterrightdel
លោក Nguyen Hoang Nguyen ថ្លែងប្រសាសន៍ក្នុងកិច្ចប្រជុំ (រូបថត៖ vnanet.vn)

ក្នុងកិច្ចពិភាក្សា បណ្តាប្រទេសទាំងឡាយបានអះអាងថា អនុសញ្ញា CRPD គឺជាឯកសារដ៏សំខាន់ ដែលបង្កើតមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការជាសកលស្ដីពីការធានាសិទ្ធិជនពិការ ដោយសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលពិភពលោកលើកទី២ ស្ដីពីការអភិវឌ្ឍសង្គម គឺជាឱកាសពង្រឹងថែមទៀតនូវកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យនេះ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោក Nguyen Hoang Nguyen អគ្គទីប្រឹក្សា ភារធារីនៃស្ថានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការលើកកម្ពស់ និងការពារសិទ្ធិជនពិការ ដែលបង្ហាញតាមរយៈគោលនយោបាយ និងច្បាប់ រួមទាំងច្បាប់ស្តីពីជនពិការឆ្នាំ២០១០ និងការផ្ដល់សច្ចាប័នលើអនុសញ្ញា CRPD ឆ្នាំ២០១៤។

លោក Nguyen Hoang Nguyen បានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យនេះ ហើយសង្កត់ធ្ងន់ថា វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយប្រទេស និងអង្គការពាក់ព័ន្ធ ដើម្បីធានាសិទ្ធិជនពិការ ឆ្ពោះទៅរកយុត្តិធម៌សង្គម គ្មានអ្នកណាម្នាក់ត្រូវទុកចោលនៅពីក្រោយឡើយ៕

បកប្រែដោយ Thanh Cong