នៅក្នុងជំនួបទាំងនេះ លោក Nguyen Chi Dung ឧបនាយករដ្ឋមន្ត្រីបានសម្តែងនូវក្តីសោមនស្សរីករាយចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងខេត្ត Aichi និងទីក្រុង Nagoya ជាមួយវៀតណាម ដែលត្រូវបានលើកកំពស់លើវិស័យជាច្រើន ជាពិសេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វិនិយោគ ពលកម្ម ការផ្លាស់ប្តូរវប្បធម៌ ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។ល។ លោក Nguyen Chi Dung បានថ្លែងអំណរគុណ និងស្នើឲ្យអាជ្ញាធរខេត្ត Aichi និងទីក្រុង Nagoya បន្តយកចិត្តទុកដាក់ គាំទ្រ និងបង្កលក្ខណៈងាយស្រួលសម្រាប់សហគមន៍អាណិកជនវៀតណាមដែលកំពុងរស់នៅ សិក្សា និងធ្វើការក្នុងខេត្ត។

leftcenterrightdel
លោក Nguyen Chi Dung ឧបនាយករដ្ឋមន្ត្រីវៀតណាម មានជំនួបជាមួយលោក Omura Hideaki អភិបាលខេត្ត Aichi (រូបថត៖ baochinhphu.vn)

លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យអភិបាលខេត្ត Aichi និងអភិបាលក្រុង Nagoya យកចិត្តទុកដាក់ចំពោះការជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមបន្ថែមទៀត ធ្វើឱ្យកិច្ចសហប្រតិបត្តិការរវាងវៀតណាម ជាមួយខេត្ត Aichi និងទីក្រុង Nagoya ក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននានារបស់ប្រទេសទាំងពីរ។

ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងខេត្ត Aichi លើការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន និងទេសចរណ៍ លោក Omura Hideaki អភិបាលខេត្ត Aichi សង្ឃឹមថានឹងបើកការហោះហើរត្រង់បន្ថែមទៀតពីក្រុមហ៊ុនអាកាសចរណ៍នៃប្រទេសទាំងពីរនាពេលខាងមុខ។

ជាមូលដ្ឋានឈានមុខគេរបស់ប្រទេសជប៉ុនក្នុងវិស័យឧស្សាហកម្មធុនធ្ងន់ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា semiconductors និងសុខាភិបាល លោក Omura Hideaki អភិបាលខេត្ត Aichi បានត្រៀមខ្លួនជាស្រេចដើម្បីជំរុញសហគ្រាសនៃខេត្តទៅបណ្តាក់ទុននៅវៀតណាមលើវិស័យបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ នវានុវត្តន៍ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា semiconductors ឧស្សាហកម្មគាំទ្រ។ល។

លោក Hirosawa Ichiro អភិបាលក្រុង Nagoya បានឲ្យដឹងថា Nagoya នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ី នៅឆ្នាំ ២០២៦ ហើយសង្ឃឹមថានឹងស្វាគមន៍កីឡាករវៀតណាមជាច្រើននាក់មកទីក្រុង Nagoya ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងទេសចរណ៍រវាងទីក្រុង Nagoya និងវៀតណាមក្នុងឱកាសនេះ ព្រមទាំងបើកជើងហោះហើរត្រង់បន្ថែមទៀតរវាងទីក្រុង Nagoya និងទីក្រុងផ្សេងទៀតរបស់វៀតណាមផងដែរ៕

បកប្រែដោយ Thanh Cong