វៀតណាម-ជប៉ុនបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន
កប.អនឡាញ - នាថ្ងៃទី ២៩ ខែឧសភា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារទៅចូលរួមកិច្ចប្រជុំអនាគតអាស៊ីលើកទី ៣០ និងធ្វើការនៅប្រទេសជប៉ុន លោក Nguyen Chi Dung ឧបនាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក Muto Yoji រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន (METI)។
នៅក្នុងជំនួប លោក Nguyen Chi Dung ឧបនាយករដ្ឋមន្ត្រីបានសង្ឃឹមថា ក្រសួង METI នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័ននានារបស់វៀតណាម ដើម្បីជំរុញការអនុវត្តកិច្ចសន្យារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ ជាពិសេសលើវិស័យថាមពល បរិវត្តកម្មបៃតង ឧស្សាហកម្ម និងការអភិវឌ្ឍសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការថ្មីរវាងប្រទេសទាំងពីរលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ លោកឧបនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យលោក Muto Yoji រដ្ឋមន្ត្រីយកចិត្តទុកដាក់ ជំរុញកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់រវាងអង្គភាពអាជីវកម្មនៃប្រទេសទាំងពីរក្នុងស្ថានភាពថ្មី ព្រមទាំងជួយឧបត្ថម្ភអង្គភាពអាជីវកម្មវៀតណាមចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់អង្គភាពអាជីវកម្មជប៉ុន។
    |
 |
លោក Nguyen Chi Dung ឧបនាយករដ្ឋមន្ត្រី ទទួលជួបលោក Muto Yoji រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន (METI) (រូបថត៖ vnanet.vn) |
លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យជប៉ុនបន្តគាំទ្រវៀតណាមក្នុងការអនុវត្តការធ្វើបរិវត្តកម្មបៃតង និងបរិវត្តកម្មឌីជីថល អនុវត្តប្រកបដោយប្រសិទ្ធភាពនូវគម្រោងកាត់បន្ថយការបំភាយឧស្ម័នចំនួន ១៥ ដែលមានតម្លៃជាង ២០ ពាន់លានដុលារអាមេរិកនៅវៀតណាមក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមសហគមន៍បំភាយឧស្ម័នសូន្យអាស៊ី (AZEC) ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ semiconductor ថាមពលបៃតង បញ្ញាសិប្បនិមិត្ត (AI)។ល។ ក្នុងបរិបទពាណិជ្ជកម្មពិភពលោកប្រែប្រួលយ៉ាងស្មុគស្មាញ ភាគីទាំងពីរចាំបាច់ត្រូវបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្ម និងស្នើឱ្យជប៉ុនបង្កើតលក្ខខណ្ឌសម្រាប់ការនាំចេញទំនិញវៀតណាមជាច្រើនបន្ថែមទៀតទៅកាន់ទីផ្សារជប៉ុន។
លោក Muto Yoji រដ្ឋមន្ត្រីបានវាយតំលៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ចំនួនពីរ ព្រមទាំងឯកភាពបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជាមួយវៀតណាម។ លោក Muto Yoji រដ្ឋមន្ត្រីបានឲ្យដឹងថា រដ្ឋាភិបាលជប៉ុនមានគោលបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យឧស្សាហកម្ម semiconductor តាមរយៈការអនុវត្តគម្រោងសហប្រតិបត្តិការលើការផលិតស៊ីលីកុនប៉ូលីគ្រីស្តាល់លីន និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីជួយវៀតណាមសម្រេចបាននូវគោលដៅធនធានមនុស្សចំនួន ៥០,០០០ នាក់ក្នុងវិស័យ semiconductor រួមទាំងកម្មវិធីទទួលធនធានមនុស្ស semiconductor វៀតណាមទៅធ្វើការនៅប្រទេសជប៉ុន រួមចំណែកដល់ការអភិវឌ្ឍបច្ចេកវិទ្យា semiconductor នៅវៀតណាមបន្ទាប់ពីត្រលប់មកប្រទេសវិញ។
ក្នុងវិស័យ AI លោក Muto Yoji រដ្ឋមន្ត្រីបានឲ្យដឹងថា ជប៉ុនមានបំណងចង់សហប្រតិបត្តិការជាមួយវៀតណាម ដើម្បីអនុវត្តគម្រោងនានាក្នុងក្របខ័ណ្ឌនៃវេទិកាសហបង្កើតសេដ្ឋកិច្ចអាស៊ាន-ជប៉ុន។
នាថ្ងៃដដែល លោក Nguyen Chi Dung ឧបនាយករដ្ឋមន្ត្រីបានទទួលជួបលោក Kishida Fumio អតីតនាយករដ្ឋមន្ត្រីជប៉ុន និងទទួលជួបលោក Ichimi Katsuyuki អភិបាលខេត្ត Mie៕
បកប្រែដោយ Huyen Trang