វៀតណាមត្រៀមខ្លួមជាស្រេចដើម្បីធ្វើជាស្ពានតភ្ជាប់រវាងហុងគ្រី និងអាស៊ាន
នៅក្នុងជំនួបនេះ លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានសង្កត់ធ្ងន់ថា ប្រជាជាតិទាំងពីរមានទំនាក់ទំនងពិសេស បក្សនិងរដ្ឋវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះហុងគ្រី ដែលជាដៃគូអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់វៀតណាមនៅក្នុងតំបន់អឺរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើត ហើយមានបំណងចង់ពង្រីកទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ។ លោកអគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម បានអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាស្ពានតភ្ជាប់រវាងហុងគ្រី និងអាស៊ីអាគ្នេយ៍ ហើយចាត់ទុកហុងគ្រីជាច្រកទ្វារដ៏សំខាន់ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយតំបន់អឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត និងសហភាពអឺរ៉ុប។
    |
 |
លោក To Lam អគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម និងលោក Sulyok Tamas ប្រធានាធិបតីហុងគ្រី |
ដោយវាយតំលៃខ្ពស់ចំពោះលទ្ធផលល្អនៃកិច្ចពិភាក្សាការងាររវាងលោកប្រធានាធិបតីហុងគ្រី និងលោក Luong Cuong ប្រធានរដ្ឋវៀតណាម ក៏ដូចជាជំហានអភិវឌ្ឍន៍ជាវិជ្ជមានក្នុងទំនាក់ទំនងវៀតណាម - ហុងគ្រី លោក To Lam អគ្គលេខាបក្ស បានពិភាក្សាជាមួយលោក Sulyok Tamas ប្រធានាធិបតីអំពីទិសដៅនិងវិធានការសំខាន់ៗមួយចំនួនដើម្បីជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ រួមទាំងការលើកកម្ពស់ប្រសិទ្ធភាពនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់ដូចជា គណៈកម្មាធិការចំរុះស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ឆ្លៀតយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម សហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) នាពេលខាងមុខ រៀបចំកិច្ចប្រជុំនៃគណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជំរុញកិច្ចសហប្រតិបត្តិការលើការធ្វើនវានុវត្ដន៍ឲ្យបានឆាប់ ព្រមទាំងស្នើឱ្យហុងគ្រីបណ្តុះបណ្តាលអ្នកជំនាញវៀតណាមលើវិស័យថាមពលនុយក្លេអ៊ែរ ...
ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ កសិកម្ម ឱសថ ពលកម្ម វប្បធម៌ មូលដ្ឋាននានា និងសម្របសម្រួលគ្នារៀបចំពិធីរំលឹកខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-ហុងគ្រីនៅឆ្នាំនេះ។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាបន្តពង្រឹងទំនុកចិត្តខាងនយោបាយ និងភាពស្អិតរមួតរវាងប្រទេសទាំងពីរ និងបក្សកាន់អំណាចទាំងពីរ ជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់លំដាប់ថ្នាក់ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការលើសសរស្តម្ភនៃពាណិជ្ជកម្ម-វិនិយោគ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ ការអប់រំ-បណ្តុះបណ្តាល។ល។ ថ្នាក់ដឹកនាំទាំងពីរសង្កត់ធ្ងន់ថា វិស័យការពារជាតិនិងសន្តិសុខគួរតែក្លាយជាសសរស្តម្ភថ្មីក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរគួរតែជំរុញការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន រួមចំណែកបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជាជាតិទាំងពីរ។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា វៀតណាមនិងហុងគ្រីនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិក្នុងក្របខ័ណ្ឌអាស៊ាន-សហភាពអឺរ៉ុប គាំទ្រគោលជំហរដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ រួមចំណែករក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខក្នុងតំបន់ និងពិភពលោក។
សេដ្ឋកិច្ចគឺជាចំណុចភ្លឺក្នុងទំនាក់ទំនងទ្វេភាគី
គួររំលឹកថា នាព្រឹកថ្ងៃទី ២៨ ឧសភា នៅវិមានប្រធានរដ្ឋ លោក Luong Cuong ប្រធានរដ្ឋវៀតណាម និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីទទួលបដិសណ្ឋារកិច្ចលោក Sulyok Tamas ប្រធានាធិបតីហុងគ្រី និងលោកជំទាវ ក្នុងឱកាសមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។ ភ្លាមៗបន្ទាប់មក ថ្នាក់ដឹកនាំទាំងពីរបានជួបពិភាក្សាគ្នា។
នៅក្នុងជំនួបពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវក្តីរីករាយចំពោះជំហានអភិវឌ្ឍន៍ជាវិជ្ជមានក្នុងទំនាក់ទំនងវៀតណាម-ហុងគ្រីលើវិស័យជាច្រើន ជាពិសេសចាប់តាំងពីប្រទេសទាំងពីរបានតម្លើងទំនាក់ទំនងទៅជាភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងឆ្នាំ ២០១៨។ ភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ជាច្រើន ជាពិសេសគណៈប្រតិភូជាន់ខ្ពស់។ សេដ្ឋកិច្ចបន្តជាចំណុចភ្លឺក្នុងទំនាក់ទំនងទ្វេភាគី ជាមួយទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបានជិត ១ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤។ កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា អប់រំ-បណ្តុះបណ្តាល បរិស្ថាន វប្បធម៌ ទេសចរណ៍ ការពារជាតិ សន្តិសុខ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនបន្តទទួលបានលទ្ធផលល្អ។
    |
 |
លោក Luong Cuong ប្រធានរដ្ឋវៀតណាម ជួបពិភាក្សាការងារជាមួយលោក Sulyok Tamas ប្រធានាធិបតីហុងគ្រី |
ចំពោះពាណិជ្ជកម្មនិងវិនិយោគ ថ្នាក់ដឹកនាំទាំងពីរបានអះអាងថា នេះជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពលើកកំពស់តួនាទីរបស់គណៈកម្មាធិការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច លើកទឹកចិត្តក្រសួង ស្ថាប័ន មូលដ្ឋាន និងធុរកិច្ចនៃប្រទេសទាំងពីរ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង EVFTA និងឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការនិងវិនិយោគក្នុងវិស័យដែលប្រទេសហុងគ្រីមានប្រៀបខ្លាំង ដូចជា បច្ចេកវិទ្យាព័ត៌មាន ថាមពល កសិកម្ម ឧស្សាហកម្មម្ហូបអាហារ សុខាភិបាល ឱសថ ជាដើម និងធ្វើជាស្ពានភ្ជាប់សម្រាប់គ្នាចូលទៅក្នុងទីផ្សារអាស៊ាន (ដែលមានប្រជាពលរដ្ឋជាង ៦៥០ លាននាក់ និងផលិតផលក្នុងស្រុកសរុបជាង ៤,០០០ ពាន់លានដុល្លារអាមេរិក) និងទីផ្សារសហភាពអឺរ៉ុប រួមទាំងតំបន់អឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើតផងដែរ។
ចំពោះអប់រំនិងបណ្តុះបណ្តាល ភាគីទាំងពីរបានវាយតម្លៃថា នេះជាវិស័យសហប្រតិបត្តិការប្រពៃណីរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានឯកភាពគ្នាប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវអាហារូបករណ៍ចំនួន ២០០ កន្លែង ដែលហុងគ្រីផ្តល់ជារៀងរាល់ឆ្នាំដល់និស្សិតវៀតណាម ដោយផ្តល់អាទិភាពដល់ការបណ្តុះបណ្តាលសម្រាប់វៀតណាមលើវិស័យដែលវៀតណាមមានតម្រូវការខ្ពស់ដូចជា សុខាភិបាល ឱសថ បច្ចេកវិទ្យាព័ត៌មាននិងផ្សព្វផ្សាយ បរិស្ថាន កសិកម្ម។ល។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើវិស័យប្រពៃណីដូចជា៖ ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា កសិកម្ម ឱសថ និងឱសថ វប្បធម៌ ទេសចរណ៍ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ការធ្វើបរិវត្ដកម្មឌីជីថល បច្ចេកវិទ្យាព័ត៌មាន បរិស្ថាន និងគ្រប់គ្រងធនធានទឹកជាដើម។ ភាគីទាំងពីរបានឯកភាពគ្នាបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសអង្គការសហប្រជាជាតិ រួមចំណែកក្នុងការរួមគ្នាដោះស្រាយបញ្ហាប្រឈមសកល។
ចំពោះបញ្ហាតំបន់និងអន្តរជាតិ ភាគីទាំងពីរបានឯកភាពថា ជម្លោះលើពិភពលោកចាំបាច់ត្រូវដោះស្រាយដោយសន្តិវិធី ដោយឈរលើគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) រួមចំណែករក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅក្នុងតំបន់និងពិភពលោក ដើម្បីកិច្ចសហប្រតិបត្តិការ និងវិបុលភាពនៅលើពិភពលោក។
បង្កើនការផ្លាស់ប្តូររវាងសមាជិកសភាវ័យក្មេង និងរៀបចំវេទិកាសភាជាប្រចាំ
នារសៀលថ្ងៃទី ២៨ ឧសភា នៅវិមានរដ្ឋសភា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានជួបសវនាការជាមួយលោក Sulyok Tamas ប្រធានាធិបតីហុងគ្រី។
លោកប្រធានរដ្ឋសភាវៀតណាម ជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់លោក Sulyok Tamas ប្រធានាធិបតី នឹងបើកទំព័រថ្មីក្នុងទំនាក់ទំនងវៀតណាម-ហុងគ្រី ដែលនាំទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព។ លោកអះអាងថា រដ្ឋសភាវៀតណាមប្តេជ្ញារួមដំណើរជាមួយរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធដើម្បីអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចលើកនេះ រួមចំណែកនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងពីរ។
    |
 |
លោក Tran Thanh Man ប្រធានរដ្ឋសភា ជួបសវនាការជាមួយលោក Sulyok Tamas ប្រធានាធិបតីហុងគ្រី |
លោកប្រធានរដ្ឋសភាវៀតណាមបានស្នើឱ្យសភានៃប្រទេសទាំងពីរបង្កើនការផ្លាស់ប្តូររវាងសមាជិកសភាវ័យក្មេង និងរៀបចំវេទិកាសភាទ្វេភាគីជាប្រចាំ និងសហការគ្នាក្នុងការកសាងក្របខ័ណ្ឌច្បាប់ ដើម្បីគាំទ្រដល់ការធ្វើបរិវត្ដកម្មឌីជីថលនិងការពារបរិស្ថាន ព្រមទាំងចែករំលែកបទពិសោធន៍ក្នុងការត្រួតពិនិត្យការអនុវត្តគោលនយោបាយសាធារណៈ ជាពិសេសក្នុងវិស័យគ្រប់គ្រងធនធានទឹក និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដែលហុងគ្រីមានប្រៀបខ្លាំង។
ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការអភិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងទ្វេភាគី ជាពិសេសក្នុងវិស័យនយោបាយ និងការទូត រួមទាំងបណ្តាញសភាផងដែរ។ ថ្នាក់ដឹកនាំទាំងពីរវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍកិច្ចសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរនាពេលកន្លងមកនេះ ដោយភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ដឹកនាំសភាជាប្រចាំ និងរវាងគណៈកម្មាធិការ និងក្រុមសមាជិកសភាមិត្តភាព ព្រមទាំងសម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាសភាអន្តរតំបន់ និងអន្តរជាតិ ជាពិសេសសហភាពអន្តរសភាផងដែរ៕
បកប្រែដោយ Pham Diep