វៀតណាមយកចិត្តទុកដាក់ដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយអាមេរិក
កប.អនឡាញ - នារសៀលថ្ងៃទី ២៨ ខែឧសភា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបគណៈប្រតិភូគណបក្សពីរនៃសភាតំណារាស្រ្តរបស់សហរដ្ឋអាមេរិកដែលដឹកនាំលោក John Moolenaar សមាជិកសភាក្នុងឱកាសដែលមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានវាយតំលៃខ្ពស់ចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្នុងឱកាសរំលឹកខួបលើកទី ៣០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយអះអាងថា វៀតណាមបានយកចិត្តទុកដាក់ដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហរដ្ឋអាមេរិក និងសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងរក្សាបាននូវការអភិវឌ្ឍជាវិជ្ជមាន កាន់តែជាក់ស្ដែង និងស៊ីជម្រៅ។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានសម្តែងក្តីរីករាយ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីនាពេលថ្មីៗ និងស្នើឲ្យសហរដ្ឋអាមេរិកបង្កើនការផ្ទេរបច្ចេកវិទ្យាក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ លោកក៏បានស្នើឲ្យលោក John Moolenaar និងសមាជិកសភាអាមេរិកបន្តយកចិត្តទុកដាក់ និងគាំទ្រការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។ ទាក់ទិននឹងបញ្ហាពន្ធដារ លោក Pham Minh Chinh នាយករដ្ឋមន្ត្រី បានស្នើថា ក្នុងដំណើរការចរចា អាមេរិកយកចិត្តទុកដាក់ចំពោះលក្ខខណ្ឌ និងកាលៈទេសៈជាក់លាក់របស់វៀតណាម ហើយឆ្ពោះទៅរកទំនាក់ទំនងពាណិជ្ជកម្មប្រកបដោយនិរន្តរភាព និងស្ថិរភាព នាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ធុរកិច្ច និងប្រជាជននៃប្រទេសទាំងពីរ។
    |
 |
លោក Pham Minh Chinh និងលោក John Moolenaar (រូបថត៖ vnanet.vn) |
លោក John Moolenaar និងសមាជិកគណៈប្រតិភូបានសម្តែងនូវការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍដ៏រឹងមាំរបស់វៀតណាម និងទំនាក់ទំនងអាមេរិក-វៀតណាមក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ហើយអះអាងថា វៀតណាមជាដៃគូសំខាន់របស់អាមេរិកក្នុងតំបន់។ លោក John Moolenaar និងសមាជិកគណៈប្រតិភូទាំងឡាយសង្កត់ធ្ងន់ថែមទៀតថា ការជំរុញទំនាក់ទំនងអាមេរិក-វៀតណាម ទទួលបានការគាំទ្រពីគណបក្សទាំងពីរនៅក្នុងសភាអាមេរិក។ លោក John Moolenaar និងសមាជិកគណៈប្រតិភូ បញ្ជាក់ជាថ្មីម្ដងទៀតថា អាមេរិកនឹងបន្តដើរតួនាទីយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រវៀតណាមក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍ ហើយសន្យាថានឹងខិតខំប្រឹងប្រែងដើម្បីជំរុញទំនាក់ទំនងទ្វេភាគី រួមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងការចរចារពន្ធរវាងប្រទេសទាំងពីរ។
*នាព្រឹកថ្ងៃដដែល នៅទីក្រុងហាណូយ លោក Tran Luu Quang លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការគោលនយោបាយ និងយុទ្ធសាស្ត្រមជ្ឈិមបានទទួលជួបគណៈប្រតិភូ។ លោក Tran Luu Quang សង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តអភិវឌ្ឍជាវិជ្ជមាន និងជាក់ស្តែង។ ទាក់ទិននឹងបញ្ហាពន្ធ លោក Tran Luu Quang បានស្នើថា ភាគីទាំងពីរបន្តការចរចាក្នុងស្មារតីសហប្រតិបត្តិការ ទទួលយកយោបល់របស់គ្នាទៅវិញទៅមក និងឆ្ពោះទៅរកកិច្ចព្រមព្រៀងប្រកបដោយសុខដុមរមនាដែលធានាផលប្រយោជន៍របស់ភាគីទាំងពីរ និងស្របតាមទំនាក់ទំនងទ្វេភាគីនាពេលបច្ចុប្បន្ន។
លោក John Moolenaar និងសមាជិកគណៈប្រតិភូបានអះអាងថា អាមេរិកយកចិត្តទុកដាក់ចំពោះតួនាទីរបស់វៀតណាមក្នុងតំបន់ ហើយមានបំណងចង់បន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ទាក់ទិននឹងបញ្ហាពន្ធ លោក John Moolenaar និងសមាជិកគណៈប្រតិភូ បានសម្តែងសុទិដ្ឋិនិយមចំពោះលទ្ធផលវិជ្ជមាននៃការចរចា ហើយថា ការដែលភាគីទាំងពីរសម្រេចបានកិច្ចព្រមព្រៀងសមស្រប នឹងនាំមកនូវផលប្រយោជន៍ដល់ប្រជាជន និងធុរកិច្ចនៃប្រទេសទាំងពីរ។
* នាព្រឹកថ្ងៃទី ២៨ ខែឧសភា នៅវិមានរដ្ឋសភា លោក Tran Quang Phuong អនុប្រធានរដ្ឋសភាវៀតណាម បានទទួលជួបគណៈប្រតិភូ។ លោក Tran Quang Phuong បានវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់សភាសហរដ្ឋអាមេរិក សមាជិកសភានៃគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី។
    |
 |
លោក Tran Quang Phuong និងលោក John Moolenaar ថតរូបជាមួយប្រតិភូ |
លោកបានស្នើថា សភានៃប្រទេសទាំងពីរ បន្តបង្កើនការផ្លាស់ប្តូរ និងជំនួបរវាងសមាជិកសភានៃភាគីទាំងពីរ បង្កើនកិច្ចសហការ ដើម្បីបង្កើតលក្ខណៈងាយស្រួលសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ដោយមានលក្ខណៈបំពេញបន្ថែមនៃសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ វៀតណាមសង្ឃឹមថា ភាគីទាំងពីរនឹងស្វែងរកដំណោះស្រាយដែលមានផលប្រយោជន៍ទៅវិញទៅមក ឆ្ពោះទៅរកទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រកបដោយស្ថិរភាព ភាពសុខដុមរមនា និងនិរន្តរភាព នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ធុរកិច្ច និងប្រជាជននៃប្រទេសទាំងពីរ។
លោក John Moolenaar ថ្លែងអំណរគុណវៀតណាមចំពោះកិច្ចខិតខំប្រឹងប្រែងស្វែងរកទាហានអាមេរិកដែលបាត់ខ្លួនក្នុងសង្គ្រាម។ លោក John Moolenaar និងសមាជិកគណៈប្រតិភូបានឯកភាពជាមួយសំណើរបស់វៀតណាមលើការពង្រឹងទំនាក់ទំនងទ្វេភាគី និងការបង្កើនដំណើរទស្សនកិច្ចរបស់សមាជិកសភាអាមេរិកនៅវៀតណាម៕
បកប្រែដោយ Thuy Anh