លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បំពេញទស្សនកិច្ចនៅសកលវិទ្យាល័យជាតិម៉ាឡេស៊ី
កប.អនឡាញ - លោក Pham Minh Chinh នាយករដ្ឋមន្ត្រីស្នើឱ្យភាគីទាំងពីរបង្កើនការចែករំលែកព័ត៌មាន និងបទពិសោធន៍ ក្នុងការកសាងច្បាប់សម្រាប់គំរូសេដ្ឋកិច្ចថ្មី និងអភិបាលកិច្ច AI។
បន្តដំណើរបំពេញទស្សនកិច្ច និងធ្វើការនៅប្រទេសម៉ាឡេស៊ី នាព្រឹកថ្ងៃទី ២៨ ឧសភា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញទៅទស្សនកិច្ចនៅសាកលវិទ្យាល័យជាតិម៉ាឡេស៊ី។
ថ្លែងទៅកាន់សាស្ត្រាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យជាតិម៉ាឡេស៊ី លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការច្នៃប្រឌិត និងការធ្វើបរិវត្តកម្មឌីជីថលសម្រាប់ប្រទេសនីមួយៗ និងតំបន់នីមួយៗ។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ចំណេះដឹងគឺជាគន្លឹះ បច្ចេកវិទ្យាគឺជាទ្វារសម្រាប់បើកអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រទេសនានា។ លោកនាយករដ្ឋមន្ត្រីបានអះអាងថា ក្នុងបរិបទសកលភាវូបនីយកម្ម ការធ្វើបរិវត្តកម្មឌីជីថល និងបដិវត្តន៍ឧស្សាហកម្មលើកទី៤ តម្រូវការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ កាន់តែមានភាពបន្ទាន់ជាងពេលណាៗទាំងអស់ ហើយនេះគឺជាពេលវេលាដែលគ្រឹះស្ថានបណ្តុះបណ្តាលដើរតួនាទីស្នូលក្នុងការកសាងធនធានមនុស្សសម្រាប់អនាគត ដែលមិនត្រឹមតែសម្រាប់ប្រទេសមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់តំបន់ទាំងមូល និងពិភពលោកទាំងមូលទៀតផង។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម មានប្រសាសន៍នៅសកលវិទ្យាល័យជាតិម៉ាឡេស៊ី (រូបថត៖ VGP) |
ដោយសង្ខេបអំពីស្ថានភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការធ្វើបរិវត្តកម្មឌីជីថលរវាងវៀតណាម និងម៉ាឡេស៊ី លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា ចាំបាច់ត្រូវពង្រឹង និងលើកកំពស់ប្រកបដោយប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងបណ្តុះបណ្តាល ជាពិសេសនៅកម្រិតសាកលវិទ្យាល័យ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយបច្ចេកវិទ្យាខ្ពស់ ជាពិសេសក្នុងវិស័យសំខាន់ៗដូចជា បញ្ញាសិប្បនិម្មិត (AI) ការធ្វើបរិវត្តកម្មឌីជីថល បច្ចេកវិទ្យាឌីជីថល សន្តិសុខតាមអ៊ីនធឺណិត ជំរុញកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ ការច្នៃប្រឌិត រវាងសាកលវិទ្យាល័យ វិទ្យាស្ថានស្រាវជ្រាវ និងសហគ្រាសនៃប្រទេសទាំងពីរ ពង្រីកការផ្លាស់ប្តូរការសិក្សា - ការតភ្ជាប់និស្សិត - ការផ្លាស់ប្តូរអាហារូបករណ៍ សំរបសំរួលក្នុងការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាល ការវាយតម្លៃគុណភាព និងការជំរុញកិច្ចសហប្រតិបត្តិការក្នុងការចាប់ផ្តើមអាជីវកម្ម។
លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យភាគីទាំងពីរបង្កើនការចែករំលែកព័ត៌មាន និងបទពិសោធន៍ក្នុងការកសាងច្បាប់សម្រាប់គំរូសេដ្ឋកិច្ចថ្មី អភិបាលកិច្ច AI និងជំរុញការតភ្ជាប់តំបន់បច្ចេកវិទ្យាខ្ពស់ មជ្ឈមណ្ឌលច្នៃប្រឌិត និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី របស់ភាគីទាំងពីរ។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យជាតិម៉ាឡេស៊ីដែលបានចុះហត្ថលេខាលើលិខិតសម្តែងបំណងស្តីពីកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យឈានមុខចំនួនពីររបស់វៀតណាម៕
បកប្រែដោយ Duy Hoan