លោកនាយឧត្តមសេនីយ៍ Phan Van Giang អញ្ជើញជាអធិបតីនៃកិច្ចប្រជុំធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Tien Giang ខេត្ត Dong Thap ខេត្ត Ca Mau និងខេត្ត Bac Lieu
កប.អនឡាញ - នាព្រឹកថ្ងៃទី ២៨ ឧសភា លោកនាយឧត្តមសេនីយ៍ Phan Van Giang សមាជិកការិយាល័យនយោបាយ អនុលេខាគណៈកម្មាធិការបក្សយោធាមជ្ឈិម រដ្ឋមន្ត្រីក្រសួងការពារប្រទេស និងគណៈប្រតិភូនៃការិយាល័យនយោបាយ បានធ្វើការជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Tien Giang ខេត្ត Dong Thap ខេត្ត Ca Mau និងខេត្ត Bac Lieu ស្តីពីការអនុវត្តសេចក្តីសម្រេចចិត្ត នៃសន្និបាតលើកទី ១១ របស់គណៈកម្មាធិការមជ្ឈិមបក្ស នីតិកាលទី១៣។
    |
 |
លោកនាយឧត្តមសេនីយ៍ Phan Van Giang មានប្រសាសន៍ក្នុងកិច្ចប្រជុំ |
មានប្រសាសន៍ក្នុងកិច្ចប្រជុំ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឱ្យគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សបណ្តាខេត្ត បន្តយល់ជ្រាប និងអនុវត្តយ៉ាងម៉ត់ចត់នូវសេចក្តីសម្រេចចិត្តលេខ ១១ នៃគណៈកម្មាធិការមជ្ឈិមបក្សលើកទី១៣ សេចក្តីសន្និដ្ឋានលេខ ១៥៧-KL/TW របស់ការិយាល័យនយោបាយ ស្តីពីការរៀបចំរចនាសម្ព័ន្ធអង្គភាពរដ្ឋបាល ធានាវឌ្ឍនភាព និងតម្រូវការស្តីពីការបង្រួមអង្គភាពរដ្ឋបាលថ្នាក់ខេត្ត មិនរៀបចំអង្គភាពរដ្ឋបាលថ្នាក់ស្រុក និងរៀបចំអង្គភាពរដ្ឋបាលថ្នាក់ឃុំ-សង្កាត់ឡើងវិញ។
លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា ការងាររៀបចំអង្គភាពរដ្ឋបាលឡើងវិញ និងកសាងគំរូអង្គភាពរដ្ឋបាលមូលដ្ឋាន ២ កម្រិត មានបរិមាណការងារយ៉ាងច្រើន ប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធនយោបាយ កម្មាភិបាល បក្ខជន និងប្រជាជន។ អាស្រ័យហេតុនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឱ្យគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សបណ្តាខេត្ត លើកកំពស់ទំនួលខុសត្រូវរបស់ខ្លួន ផ្តោតលើការដឹកនាំ ជំរុញការងារផ្សព្វផ្សាយអប់រំ បង្កើតការឯកភាពខ្ពស់ បន្តសិក្សាស្រាវជ្រាវ លើកឡើងគោលនយោបាយ វិធានការដឹកនាំ កសាងផែនការអនុវត្តតឹងរឹង មានប្រសិទ្ធភាព គោរពយ៉ាងម៉ឺងម៉ាត់តាមគោលការណ៍ បទប្បញ្ញត្តិរបស់បក្ស និងច្បាប់របស់រដ្ឋ ដោយទិសស្លោកថា "មូលដ្ឋានសម្រេចចិត្ត មូលដ្ឋានធ្វើ មូលដ្ឋានទទួលខុសត្រូវ"។
ទន្ទឹមនឹងនោះ គណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការបក្សបណ្តាខេត្ត ចាំបាច់ត្រូវដឹកនាំ រៀបចំមហាសន្និបាតបក្សគ្រប់លំដាប់ថ្នាក់ដោយជោគជ័យ ព្រមទាំង ធានាបាននូវសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម និងសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់មូលដ្ឋាន៕
បកប្រែដោយ Duy Hoan