លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមអញ្ជើញចូលរួមសម័យប្រជុំពិភាក្សា “បណ្តាញឆ្លាតវៃ៖ តភ្ជាប់តាមរយៈបញ្ញាសិប្បនិម្មិតអធិបតេយ្យ (Sovereign AI)”
កប.អនឡាញ - នៅសម័យពិភាក្សា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមបានអះអាងថា AI ដើរតួនាទីយ៉ាងសំខាន់ក្នុងយុទ្ធសាស្ត្រឧស្សាហកម្មរបស់វៀតណាម។
នាព្រឹកថ្ងៃទី ២៨ ឧសភា ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀតនៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអញ្ជើញចូលរួមសម័យប្រជុំ “បណ្តាញឆ្លាតវៃ៖ តភ្ជាប់តាមរយៈបញ្ញាសិប្បនិម្មិតអធិបតេយ្យ (Sovereign AI)” ដែលជាផ្នែកមួយនៃកម្មវិធីវេទិកាសេដ្ឋកិច្ចអាស៊ាន - ក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ឈូងសមុទ្រ (GCC) ២០២៥។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមមានប្រសាសន៍ក្នុងសម័យប្រជុំ “បណ្តាញឆ្លាតវៃ៖ តភ្ជាប់តាមរយៈបញ្ញាសិប្បនិម្មិតអធិបតេយ្យ (Sovereign AI)” |
សម័យប្រជុំនេះមានគោលបំណងបង្ហាញពីចក្ខុវិស័យរបស់មេដឹកនាំក្នុងតំបន់ស្តីពីបញ្ញាសិប្បនិម្មិតអធិបតេយ្យ ការធ្វើបរិវត្តកម្មឌីជីថលយ៉ាងទូលំទូលាយ និងតួនាទីរបស់កិច្ចសហប្រតិបត្តិការអាស៊ាន - ក្រុមប្រឹក្សាសហប្រតិបត្តិការតំបន់ឈូងសមុទ្រ - ចិនក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលគួរឲ្យជឿទុកចិត្ត និងបរិយាប័ន្ន។
នៅសម័យពិភាក្សា លោក Pham Minh Chinh នាយករដ្ឋមន្ត្រីបានអះអាងថា AI ដើរតួនាទីយ៉ាងសំខាន់ក្នុងយុទ្ធសាស្ត្រឧស្សាហកម្មរបស់វៀតណាម។ ក្នុងយុទ្ធសាស្ត្រនោះ វៀតណាមមានបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងអភិបាលកិច្ច AI។ ដោយសង្កត់ធ្ងន់លើភាពចាំបាច់នៃសាមគ្គីភាព និងឯកភាពអន្តរជាតិ ការលើកកម្ពស់ពហុភាគីនិយម ពីព្រោះគ្មាននរណាម្នាក់ គ្មានប្រទេសណាមួយអាចដោះស្រាយបញ្ហាសកល បានតែម្នាក់ឯងនោះទេ៖ "ទន្ទឹមនឹងការលើកកម្ពស់ការទាញយកផលប្រយោជន៍ពីទិដ្ឋភាពវិជ្ជមានដើម្បីបម្រើការប្រាស្រ័យទាក់ទង ផលិតកម្ម ការធ្វើអាជីវកម្ម និងការអភិវឌ្ឍនិយាយរួមនោះ គឺត្រូវស្វែងរកគ្រប់មធ្យោបាយដើម្បីគ្រប់គ្រងយ៉ាងសុវត្ថិភាព ស៊ីវិល័យ និងមនុស្សធម៌ ដោយស្មារតីគឺត្រូវមានហេដ្ឋារចនាសម្ព័ន្ធទំនើប និងរលូន អភិបាលកិច្ចឆ្លាតវៃ ជំរុញការអភិវឌ្ឍ និងអាចគ្រប់គ្រងបាន”។
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម សង្ឃឹមថា ប្រទេសអ្នកមាន អភិវឌ្ឍន៍ ចាំបាច់ត្រូវគាំទ្រ និងជួយប្រទេសក្រីក្រ កំពុងអភិវឌ្ឍន៍ ដើម្បីអភិវឌ្ឍ AI ធានាការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងទូលំទូលាយ “មិនទុកនរណាម្នាក់ចោល” តាមរយៈឧបករណ៍នានារួមគ្នាកសាងយន្តការ និងគោលនយោបាយ ជំរុញការអភិវឌ្ឍ គ្រប់គ្រងភាពអវិជ្ជមាន អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ដូចជា មូលដ្ឋានទិន្នន័យ អគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ផ្សេងទៀត។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ជឿជាក់ថា តំបន់ទាំងបី អាស៊ាន-GCC និងប្រទេសចិន នឹងគាំទ្រ ហើយបំពេញបន្ថែមគ្នាទៅវិញទៅមក ដើម្បីបង្កើនសក្តានុពល ឱកាសលេចធ្លោ គុណសម្បត្តិប្រកួតប្រជែង និងអភិវឌ្ឍរួមគ្នា៕
បកប្រែដោយ Duy Hoan