ទំហំពាណិជ្ជកម្មវៀតណាម-ម៉ាឡេស៊ីមានកំណើនគួរឲ្យចាប់អារម្មណ៍
កប.អនឡាញ - ក្នុងរយៈពេលមួយទស្សវត្សរ៍កន្លងមកនេះ ទំហំពាណិជ្ជកម្មរវាងវៀតណាម និងម៉ាឡេស៊ីមានកំណើនគួរឲ្យចាប់អារម្មណ៍ ដោយកើនឡើងពី ៨ ពាន់លានដុល្លារនៅឆ្នាំ ២០១៥ ឡើង ១៤,២ ពាន់លានដុល្លារនៅឆ្នាំ ២០២៤ តាមរយៈនោះសម្រេចបាននូវគោលដៅសម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគី ១៨ ពាន់លានដុល្លារលឿនជាងការរំពឹងទុក។
ចែករំលែកជាមួយអ្នកសារព័ត៌មានប្រចាំនៅទីក្រុង Kuala Lumpur លោក Le Phu Cuong ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមប្រចាំនៅម៉ាឡេស៊ី បានចែករំលែកថា ចាប់តាំងពីការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីក្លាយជាភាពជាដៃគូយុទ្ធសាស្ត្រនៅ ឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន ទំហំនៃការនាំចេញពីម៉ាឡេស៊ីទៅកាន់វៀតណាមបានកើនឡើងយ៉ាងខ្លាំងដែលសម្រេចបានប្រហែល ១៦០% បង្ហាញពីការកើនឡើងនៃតម្រូវការរបស់វៀតណាមចំពោះសម្ភារៈផលិតកម្ម ដូចជាឥន្ធនៈ ផលិតផលអេឡិចត្រូនិក ផលិតផលប្រេង។ ទាំងនេះជាទំនិញសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសផ្នែកនាំចេញរបស់វៀតណាម។ ទន្ទឹមនឹងនោះ ការនាំចេញរបស់វៀតណាមទៅកាន់ម៉ាឡេស៊ីបានកើនឡើងជាង ៨០% ហើយមានបើកទូលាយនៃចំណែកទីផ្សារ ជាពិសេសផលិតផលកសិកម្ម និងកែច្នៃ។
    |
 |
លោក Le Phu Cuong (កណ្តាល) ណែនាំផលិតផលប្រពៃណីរបស់វៀតណាមដល់ភ្ញៀវ (រូបថត៖ vnanet.vn) |
នៅឆ្នាំ២០២៤ ការនាំចូលអង្កររបស់ម៉ាឡេស៊ីបានកើនឡើងយ៉ាងខ្លាំង ហើយអង្កររបស់វៀតណាមបានក្លាយជាមុខទំនិញមួយក្នុងចំណោមទំនិញនាំចូលច្រើនទាំងបី បន្ទាប់ពីគ្រឿងអេឡិចត្រូនិក និងដែកថែប។ ទន្ទឹមនឹងនោះ ការនាំចេញកាហ្វេរបស់វៀតណាមទៅកាន់ប្រទេសម៉ាឡេស៊ីក៏មានការកើនឡើងយ៉ាងខ្លាំង ហើយនឹងក្លាយជាផលិតផលដែលមានសក្ដានុពលកំណើន។
ចំពោះកិច្ចសហប្រតិបត្តិការវិនិយោគ គិតត្រឹមដំណាច់ខែមេសា វិនិយោគិនម៉ាឡេស៊ីមានគម្រោងចំនួន ៧៧០ ដោយមានដើមទុនចុះបញ្ជីសរុបជិត ១៣.៦ ពាន់លានដុល្លារអាមេរិក ជាប់ចំណាត់ថ្នាក់ទី ១០ ក្នុងចំណោមប្រទេស និងដែនដីចំនួន ១៥០ ដែលវិនិយោគនៅវៀតណាម និងជាប់ចំណាត់ថ្នាក់ទី៣ ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
ប្រទេសម៉ាឡេស៊ីវិនិយោគលើវិស័យសេដ្ឋកិច្ចចំនួន ១៨ ក្នុងចំណោមវិស័យសេដ្ឋកិច្ចទាំង២១ របស់វៀតណាម ដែលផ្តោតលើវិស័យអប់រំ និងបណ្តុះបណ្តាលដោយមានគម្រោងចំនួន៧ ជាមួយដើមទុនចុះបញ្ជីជាង ៣.៦ ពាន់លានដុល្លារអាមេរិក។ ទីពីរគឺឧស្សាហកម្មកែច្នៃ និងផលិតកម្មដែលមានគម្រោងចំនួន២៤៩ ដោយមានដើមទុនចុះបញ្ជីសរុបជិត ២.៩ ពាន់លានដុល្លារ។ ទី៣ គឺវិស័យផលិតកម្ម និងចែកចាយអគ្គិសនី និងឧស្ម័ន ជាមួយគម្រោងចំនួន៥ ដោយមានដើមទុនវិនិយោគចុះបញ្ជីសរុបជិត ២.៥ ពាន់លានដុល្លារ។
ម៉្យាងវិញទៀត គិតត្រឹមដំណាច់ខែមេសា វិនិយោគិនវៀតណាមបានវិនិយោគលើគម្រោងចំនួន ២៧ នៅប្រទេសម៉ាឡេស៊ី ជាមួយនឹងទុនចុះបញ្ជីសរុបជិត ៨៥៤.៨ លានដុល្លារអាមេរិក។
លោក Le Phu Cuong បានផ្តល់អនុសាសន៍ថា ដើម្បីបន្តមានឱកាសចូលរួមនៅក្នុងទីផ្សារម៉ាឡេស៊ី ធុរកិច្ចវៀតណាមគួរតែស្រាវជ្រាវវប្បធម៌ម៉ាឡេស៊ី ដើម្បីទាក់ទាញក្រុមអតិថិជនផ្សេងៗគ្នា ដូចជាម៉ាឡេម៉ូស្លីម ជនម៉ាឡេស៊ីដែលមានដើមកំណើតឥណ្ឌា និងដើមកំណើតចិន ហើយផលិតផលត្រូវបានការដាក់ស្លាកពហុភាសា ដើម្បីទាក់ទាញអតិថិជនកាន់តែច្រើន។
នាពេលកន្លងមកនេះ ការិយាល័យពាណិជ្ជកម្មវៀតណាមបានបង្កើនសកម្មភាពផ្សព្វផ្សាយ ជួយគាំទ្រធុរកិច្ចនានាចូលរួមប្រព័ន្ធចែកចាយលក់រាយតាមរយៈពិព័រណ៍ពាំណិជ្ជកម្ម ព្រឹត្តិការណ៍ផ្សព្វផ្សាយពាណិជ្ជកម្ម និងការតភ្ជាប់អាជីវកម្ម៕
បកប្រែដោយ Thuy Anh