វៀតណាមនឹងក្លាយជាសេដ្ឋកិច្ចធំទីពីរនៅអាស៊ីអាគ្នេយ៍នាពេលឆាប់ៗ
កប.អនឡាញ - ទស្សនាវដ្ដី Asia Week (ហុងកុង ចិន) ព្យាករណ៍ថា វៀតណាមនឹងក្លាយជាសេដ្ឋកិច្ចធំទីពីរនៅអាស៊ីអាគ្នេយ៍ក្រោយឆ្នាំ២០២៨។
មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងធុរកិច្ច (ចក្រភពអង់គ្លេស) ចាត់ទុកថា អត្រាកំណើនជាមធ្យមប្រចាំឆ្នាំនៃសេដ្ឋកិច្ចវៀតណាមនឹងសម្រេចបាន ៦.៥% ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។ កំណើននេះគឺអាស្រ័យលើការជម្រុញរបស់ផ្នែកផលិតកម្ម និងការធ្វើសមាហរណកម្មអន្តរជាតិកាន់តែស៊ីជម្រៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់អន្តរជាតិ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការនាំចេញសម្បូរបែប។
ប៉ុន្តែ នាពេលខាងមុខ សេដ្ឋកិច្ចវៀតណាមកំពុងប្រឈមមុខនឹងបញ្ហាប្រឈមទាំងខាងក្រៅ និងខាងក្នុង រួមទាំងការធ្លាក់ចុះយ៉ាងខ្លាំងនៃពាណិជ្ជកម្មពិភពលោក និងបញ្ហានៃការកើនឡើងយ៉ាងលឿនរបស់ប្រជាជនវ័យចំណាស់។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ គប្បីមានគោលនយោបាយដែលមានប្រសិទ្ធភាពជាង ជាពិសេសនៅក្នុងវិស័យដែលងាយរងគ្រោះដោយស្វ័យប្រវត្តិកម្ម ការអភិវឌ្ឍនៃផ្នែកបច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុ។
    |
 |
អត្រាកំណើនសេដ្ឋកិច្ចជាមធ្យមប្រចាំឆ្នាំរបស់វៀតណាមនឹងសម្រេចបាន ៦.៥% ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ (រូបថត៖ Pexels) |
យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) GDP របស់ប្រទេសថៃនៅឆ្នាំ២០២៤ មានចំនួន ៥២៦.៤ ពាន់លានដុល្លារ GDP សម្រាប់មនុស្សម្នាក់គឺ ៧.៤៩០ ដុល្លារ ខណៈដែល GDP របស់វៀតណាមគឺ ៤៥៩.៤ ពាន់លានដុល្លារ GDP សម្រាប់មនុស្សម្នាក់គឺ ៤.៥៤០ ដុល្លារ។ ភាពខុសគ្នានៃអត្រាកំណើនសេដ្ឋកិច្ចរវាងប្រទេសទាំងពីរបានធ្វើឲ្យទិន្នផលសេដ្ឋកិច្ចសរុបរបស់វៀតណាមកាន់តែខិតជិតទៅនឹងប្រទេសថៃ ហើយនឹងលើសប្រទេសថៃក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ កំណើនសេដ្ឋកិច្ចរបស់វៀតណាមសម្រេចបាន ៧.១% នៅឆ្នាំ២០២៤ ហើយត្រូវបានគេរំពឹងថានឹងកើនឡើង ៥.២% នៅឆ្នាំនេះ។
ទន្ទឹមនឹងនោះ កាសែត The Nation (ប្រទេសថៃ) បានអត្ថាធិប្បាយថា ជាមួយនឹងទិសដៅអភិវឌ្ឍន៍របស់រដ្ឋាភិបាល វៀតណាមនឹងអាចវ៉ាដាច់ប្រទេសថៃលើវិស័យជាច្រើនក្នុងរយៈពេលពី ៣ ដល់ ៥ ឆ្នាំខាងមុខ។ ចំពោះការនាំចេញកសិផល វៀតណាមបានបង្រួមគម្លាតយ៉ាងឆាប់រហ័ស តាមរយៈការវិនិយោគលើបច្ចេកវិជ្ជាក្នុងវិស័យស្បៀងអាហារ និងកសិកម្ម។ វៀតណាមមានគោលនយោបាយពន្ធដែលទាក់ទាញអ្នកវិនិយោគច្រើនជាងប្រទេសថៃ។
គេរំពឹងថានៅឆ្នាំ២០២៥ វៀតណាមនឹងវ៉ាដាច់ប្រទេសថៃដើម្បីក្លាយជាប្រទេសនាំចេញអង្ករធំទីពីររបស់ពិភពលោកបន្ទាប់ពីឥណ្ឌា។
ផ្តល់យោបល់អំពីសេដ្ឋកិច្ចវៀតណាមផងដែរ ទស្សនាវដ្ដី Nikkei Asia (ជប៉ុន) បានចាត់ទុកថា ជោគជ័យគឺអាស្រ័យលើគោលនយោបាយ "ផ្លាស់ប្តូរថ្មី" ដែលលើកឡើងនៅមហាសន្និបាតបក្សកុម្មុយនិស្តឆ្នាំ ១៩៨៦។ ក្រុមហ៊ុន Samsung បានក្លាយជាអ្នកវិនិយោគបរទេសធំជាងគេនៅវៀតណាម។ ចាប់តាំងពីទស្សវត្សរ៍ឆ្នាំ ២០១០ មក វៀតណាមទទួលបានអត្ថប្រយោជន៍ពីការក្លាយជាប្រទេសនាំមុខគេក្នុងនិន្នាការ "ចិន + ១"៕
បកប្រែដោយ Thuy Anh