តបតាមការអញ្ជើញរបស់ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវេណេស៊ុយអេឡា នាពេលថ្មីៗនេះ គណៈប្រតិភូក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវៀតណាម ដឹកនាំដោយលោកសាស្ត្រាចារ្យបណ្ឌិត Tu Minh Phuong ប្រធានក្រុមប្រឹក្សាវិទ្យាស្ថានបច្ចេកវិទ្យាប្រៃសណីយ៍ និងទូរគមនាគមន៍វៀតណាម (PTIT) បានទៅទស្សនកិច្ចការងារនៅវេណេស៊ុយអេឡា អញ្ជើញចូលរួមក្នុងពិធីសម្ពោធសាកលវិទ្យាល័យវិទ្យាសាស្ត្រជាតិនៃប្រទេសវេណេហ្ស៊ុយអេឡា (UNC) និងអញ្ជើញចូលរួមសន្និសីទអន្តរជាតិក្រោមប្រធានបទ "ប្រមូលផ្តុំវិទ្យាសាស្ត្រដើម្បីអនាគតចែករំលែកគ្នា"។
ក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូបានជួបជាមួយ លោកស្រី Gabriela Jiménez Ramírez អនុប្រធានាធិបតី និងជារដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ មានប្រសាសន៍ក្នុងជំនួបនេះ លោកស្រី Gabriela Jiménez Ramírez អនុប្រធានាធិបតីបានឲ្យដឹងថា ប្រទេសវេណេស៊ុយអេឡាសង្ឃឹមថា វៀតណាមនឹងចែករំលែកបទពិសោធន៍របស់ខ្លួនលើវិស័យដែលវៀតណាមមានឧត្តមភាពដូចជា បញ្ញាសិប្បនិមិត្ត នវានុវត្តន៍ បច្ចេកវិទ្យាព័ត៌មាន និងការធ្វើបរិវត្តកម្មឌីជីថលជាដើម។ លោកសាស្ត្រាចារ្យបណ្ឌិត Tu Minh Phuong បានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនជាស្រេចជំរុញកិច្ចសហប្រតិបត្តិការជាមួយវេណេស៊ុយអេឡាក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីសហការគ្នាឆ្ពោះទៅរកការអភិវឌ្ឍប្រទេស។
ក្នុងដំណើរទស្សនកិច្ចនេះ វិទ្យាស្ថានបច្ចេកវិទ្យាប្រៃសណីយ៍ និងទូរគមនាគមន៍វៀតណាម និងសាកលវិទ្យាល័យវិទ្យាសាស្ត្រជាតិនៃប្រទេសវេណេហ្ស៊ុយអេឡាបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា អាស្រ័យលើនេះសាលាទាំងពីរនឹងផ្តោតលើការផ្លាស់ប្តូរកម្មវិធីសហប្រតិបត្តិការ និងគម្រោងនានាអំពីវិស័យអប់រំ និងបណ្តុះបណ្តាល ជំរុញការផ្លាស់ប្តូរការសិក្សារវាងគ្រូបង្រៀន និងនិស្សិត ព្រមទាំងរៀបចំសិក្ខាសាលាវិទ្យាសាស្ត្ររវាងសាកលវិទ្យាល័យទាំងពីរ។
បកប្រែដោយ Thanh Cong
Type the code from the image