សំណង់និមិត្តរូបនៃចំណងមិត្តភាពកម្ពុជា-វៀតណាម
កប.អនឡាញ - នារសៀលថ្ងៃទី១២ ខែមិថុនា នៅរាជធានីភ្នំពេញ រដ្ឋសភាកម្ពុជា បានប្រារព្ធពិធីប្រគល់ទទួលអគាររដ្ឋបាល នៃរដ្ឋសភាកម្ពុជា ដែលឧបត្ថម្ភដោយប្រទេសវៀតណាម ហើយក្លាយជានិមិត្តរូបនៃចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រទេសទាំងពីរ។
ពិធីនេះបានប្រព្រឹត្តទៅយ៉ាងឱឡារិកក្រោមអធិបតីភាព លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា។ លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធី រួមជាមួយនឹងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងអង្គភាពប្រឹក្សាយោបល់ តាមដាន ត្រួតពិនិត្យ សាងសង់គម្រោងនេះ។
មានប្រសាសន៍ក្នុងពិធី លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា បានឲ្យដឹងថា អគាររដ្ឋបាលដែលត្រូវបានប្រគល់ និងដាក់ឱ្យដំណើរការជាផ្លូវការនេះ ជាអំណោយដ៏មានអត្ថន័យ បង្ហាញពីមនោសញ្ជេតនារបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ជូនចំពោះរដ្ឋ និងប្រជាជនកម្ពុជា។
    |
 |
លោក Nguyen Minh Vu ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា (ទីបួនពីឆ្វេង) ប្រគល់សំណង់ជូន លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជា (រូបថត៖ vnanet.vn) |
បើតាម លោក ឡេង ប៉េងឡុងនេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនដែលវៀតណាមបានប្រគល់ជូនកម្ពុជាដោយឈរលើស្មារតីមិត្តភាព និងសាមគ្គីភាព ជាពិសេសគោលការណ៍គោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី និងភាពជាអ្នកជិតខាងល្អ តែងតែជួយគ្នាទៅវិញទៅមក រវាងប្រទេសជិតខាងទាំងពីរកម្ពុជា-វៀតណាម។
លោកបានសង្កត់ធ្ងន់ថា៖ «នោះគឺជាចំណងមិត្តភាពដ៏ថ្លៃថ្នូ និងមិនអាចកាត់ថ្លៃបាន»។
ក្រៅពីការរំលឹកឡើងវិញដំណើរការសាងសង់សំណង់ពោលខាងលើនេះ លោកអគ្គលេខាធិការរដ្ឋសភាកម្ពុជា ក៏បានចែករំលែកនូវអារម្មណ៍ផ្ទាល់ខ្លួន ដែលជាសាក្សីរស់នៃចំណងមិត្តភាពកម្ពុជា-វៀតណាម ក្នុងដំណើរការប្រវត្តិសាស្ត្រផងដែរ។ ក្នុងការចងចាំរបស់លោក នៅក្រោមសម័យអាណានិគមបារាំង ប្រជាជននៃប្រទេសទាំងពីរកម្ពុជា និងវៀតណាមបានរួបរួមគ្នាតស៊ូប្រយុទ្ធ និងរំដោះប្រទេស ចេញពីអាណានិគមនិយម។
បន្ទាប់មក ប្រទេសទាំងពីរបានបន្តរួបរួមគ្នាក្នុងការតស៊ូបណ្តេញពួកចក្រពត្តិឈ្លានពាន ឆ្ពោះទៅការបង្រួបបង្រួមវៀតណាមនៅឆ្នាំ១៩៧៥។ នៅពេលដែលប្រទេសកម្ពុជា ធ្លាក់ទៅក្នុងរបបប្រល័យពូជសាសន៍ដ៏អាក្រក់ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ វៀតណាមបានមកជួយកម្ពុជាឲ្យរស់រានមានជីវិតឡើងវិញ និងជួយគាំទ្រចំពោះការកសាងប្រព័ន្ធរដ្ឋបាលនិងយោធា ដែលអាចមានសមត្ថភាពការពារខ្លួនឯងរហូតមកដល់សព្វថ្ងៃនេះ។
ពីការចងចាំជាប្រវត្តិសាស្ត្រនោះ លោក ឡេង ប៉េងឡុង បានមានប្រសាសន៍ថា ការសាងសង់អគាររដ្ឋបាល ដែលជាអំណោយរបស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ជូនរដ្ឋ និងប្រជាជនកម្ពុជា គឺជាគំរូសហប្រតិបត្តិការមួយដែលបង្ហាញពីការប្តេជ្ញាចិត្តក្នុងការពង្រឹងចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ។ បើតាម លោក ឡេង ប៉េងឡុង មិត្តភាពជាតម្រូវការរបស់ប្រទេសជិតខាងទាំងពីរ ត្រូវតែរួមគ្នារក្សាជានិច្ច សំដៅឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍរបស់ប្រទេសជាតិ និងប្រជាជននីមួយៗ។
    |
 |
អគាររដ្ឋបាលនៃរដ្ឋសភាកម្ពុជា មានកម្ពស់ ១២ ជាន់ ដោយមានទុនវិនិយោគសរុប ២៥ លានដុល្លារអាមេរិក ដែលឧបត្ថម្ភដោយប្រទេសវៀតណាម (រូបថត៖ vnanet.vn) |
សំណង់នេះមានទុនវិនិយោគសរុប ២៥ លានដុល្លារអាមេរិក មានកម្ពស់ ១២ ជាន់ រចនាតាមរចនាបថស្ថាបត្យកម្មខ្មែរ និងមានប្រព័ន្ធបរិក្ខារទំនើបៗ រួមចំណែកបម្រើប្រកបដោយប្រសិទ្ធភាពចំពោះការងាររដ្ឋបាលរបស់រដ្ឋសភាកម្ពុជា ជាមួយការិយាល័យនានារបស់លេខាធិការដ្ឋាន គណៈកម្មការជំនាញនៃរដ្ឋសភា និងសាលប្រជុំ...
បកប្រែដោយ Duy Hoan