គណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាមចូលជួបសម្តែងការគួរសមជាមួយអាជ្ញាធរទីក្រុងហ្សាកាតា
កប.អនឡាញ - នាថ្ងៃទី ២៧ សីហា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ច និងចែករំលែកបទពិសោធន៍នៅឥណ្ឌូនេស៊ី គណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក Nguyen Tran Dong មេបញ្ជាការរងកងឆ្មាំសមុទ្រតំបន់លេខ ៣ បានចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំទីក្រុងហ្សាកាតា (ឥណ្ឌូនេស៊ី)។
អមគណៈប្រតិភូរួមមានលោក Ta Van Thong ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅសាធារណរដ្ឋឥណ្ឌូនេស៊ី និងសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ព្រមទាំងលោកវរសេនីយ៍ឯក Nguyen Tuan Duc អនុព័ន្ធយោធាវៀតណាមប្រចាំឥណ្ឌូនេស៊ី។
    |
 |
លោកវរសេនីយ៍ឯក Nguyen Tran Dong មេបញ្ជាការរងកងឆ្មាំសមុទ្រតំបន់លេខ ៣ ចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំទីក្រុងហ្សាកាតា |
ក្នុងជំនួបជាមួយគណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាមនិងនាវាកងឆ្មាំសមុទ្រលេខ ៨០០១ លោក Pramono Anung Wibowo អភិបាលក្រុងហ្សាកាតា បានសង្កត់ធ្ងន់ថា ការវត្តមានរបស់គណៈប្រតិភូកងឆ្មាំសមុទ្រវៀតណាមនៅឥណ្ឌូនេស៊ីលើកនេះ គឺជាការបង្ហាញយ៉ាងរស់រវើកនៃទំនាក់ទំនងមិត្តភាពកាន់តែស៊ីជម្រៅរវាងកងឆ្មាំសមុទ្រនៃប្រទេសទាំងពីរនិយាយដោយឡែក និងអាជ្ញាធរ ប្រជាជនទីក្រុង Jakarta និងមូលដ្ឋាននានានៃប្រទេសវៀតណាមនិយាយរួម។ តាមរយៈនោះ រួមចំណែកជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងរដ្ឋាភិបាលឥណ្ឌូនេស៊ីនិងវៀតណាម។
តាងនាមគណៈប្រតិភូ លោកវរសេនីយ៍ឯក Nguyen Tran Dong ក៏បានអះអាងដែរថា ដំណើរទស្សនកិច្ចលើកនេះមិនត្រឹមតែជាឱកាសសម្រាប់ភាគីទាំងពីរផ្លាស់ប្តូរជំនាញ និងពង្រឹងកិច្ចសហការប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកម្មាភិបាល និងយុទ្ធជននៃកងឆ្មាំសមុទ្រវៀតណាមយល់កាន់តែច្បាស់អំពីប្រទេស ប្រជាជន និងវប្បធម៌ឥណ្ឌូនេស៊ីផងដែរ។
ជាពិសេសក្នុងបរិបទដែលសន្តិសុខដែនសមុទ្រក្នុងតំបន់មានការវិវឌ្ឍន៍យ៉ាងស្មុគស្មាញ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនឹងបន្តបើកឱកាសសម្រាប់ភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការ បង្កើនការចែករំលែកបទពិសោធន៍ និងគាំទ្រគ្នាទៅវិញទៅមកក្នុងការអនុវត្តច្បាប់ ធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពនៅសមុទ្រ។ អាស្រ័យហេតុនេះ រួមចំណែកក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការល្អរវាងភាគីទាំងពីរ បង្កើតមូលដ្ឋានគ្រឹះពង្រីកយន្តការសម្របសម្រួលនាពេលខាងមុខដើម្បីដែនសមុទ្រសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព៕
បកប្រែដោយ Pham Diep