ក្រសួងការពារប្រទេសវៀតណាម បញ្ជាឲ្យស្ថាប័ន និងអង្គភាពនានា ឆ្លើយតបជាបន្ទាន់ចំពោះព្យុះលេខ៥
កប.អនឡាញ - ក្នុងបំណងប្រឈមមុខនឹងការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃព្យុះលេខ៥ (Kajiki) នាថ្ងៃទី ២៤ ខែសីហា ក្រសួងការពារប្រទេសវៀតណាមបានផ្ញើសារទូរលេខដល់ស្ថាប័ន និងអង្គភាពនានា ស្ដីពីការតាមដានស្ថានការណ៍ ការបញ្ជូនកងកម្លាំងនិងមធ្យោបាយទៅបំពេញភារកិច្ចធានាសុវត្ថិភាពនៃបន្ទាយ ឃ្លាំង និងមូលដ្ឋានដែលអង្គភាពឈរជើង។
អង្គភាពទាំងឡាយត្រូវពិនិត្យផែនការ និងដំណោះស្រាយសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ ជម្លៀសកងកម្លាំងពីតំបន់ដែលមានហានិភ័យនៃការរអិលបាក់ដី និងអសន្តិសុខទៅកាន់ទីទួលសុវត្ថិភាព សហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីជម្លៀសប្រជាជនចេញពីតំបន់គ្រោះថ្នាក់ ណែនាំនាវា កប៉ាល់អំពីការបោះយុថ្កាប្រកបដោយសុវត្ថិភាព ធានាសុវត្ថិភាពនៃសំណង់សំខាន់ៗ មណ្ឌលឧស្សាហកម្ម និងតំបន់ទំនាប។ល។
    |
 |
កងទ័ពការពារព្រំដែនជួយអ្នកនេសាទបោះយុថ្កាទូកនេសាទ ដើម្បីបញ្ចៀសខ្យល់ព្យុះ |
អគ្គសេនាធិការដ្ឋាននៃកងទ័ពប្រជាជនវៀតណាមបានបង្កើតក្រុមបេសកកម្មទៅចូលរួមការដឹកនាំនៅយោធភូមិភាគទី៤។ អគ្គនាយកដ្ឋាននយោបាយនៃកងទ័ពប្រជាជនវៀតណាមបានបញ្ជាឲ្យកាសែតកងទ័ពប្រជាជន មជ្ឈមណ្ឌលវិទ្យុនិងទូរទស្សន៍យោធា ស្ថាប័នសារព័ត៌មាននិងវប្បធម៌ក្នុងកងទ័ពបង្កើនការឃោសនាអំពីសកម្មភាពរបស់កងទ័ពក្នុងការជួយប្រជាជនឆ្លើយតប និងជំនះផលវិបាកនៃព្យុះលេខ៥ ទឹកជំនន់ ការរអិលបាក់ដី ហើយក្នុងការស្វែងរកនិងជួយសង្គ្រោះ។ អគ្គនាយកដ្ឋានផ្សេងៗ បង្កើនការដឹកនាំ និងការត្រួតពិនិត្យអង្គភាពក្រោមឱវាទ ដើម្បីដាក់ចេញនូវវិធានការឆ្លើយតប និងជំនះនូវផលវិបាកនៃគ្រោះទឹកជំនន់ និងការរអិលបាក់ដី។
យោធភូមិភាគទី៤ សហការជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំក្រុមបេសកកម្មចុះពិនិត្យ និងដឹកនាំការឆ្លើយតបទៅនឹងព្យុះលេខ៥ និងក្រោយទឹកជំនន់តាមបណ្តាខេត្ត។ កងទ័ពជើងទឹក បញ្ជាការដ្ឋានកងឆ្មាំសមុទ្រ និងកងទ័ពការពារព្រំដែនរក្សាកម្លាំង និងមធ្យោបាយ ដើម្បីត្រៀមខ្លួនជាស្រេចស្វែងរក និងជួយសង្គ្រោះនៅសមុទ្រនៅពេលមានការបញ្ជា។ ប្រភេទទ័ពការពារដែនអាកាស - ទ័ពជើងអាកាស កងពលលេខ១៨ បញ្ជូនកងកម្លាំង និងមធ្យោបាយ ដើម្បីចូលរួមការស្វែងរក និងជួយសង្គ្រោះ ដឹកជញ្ជូនស្បៀងអាហារ គ្រឿងឧបភោគ បរិភោគទៅកាន់តំបន់ឆ្ងាយដាច់ស្រយាលនៅពេលមានការបញ្ជា។ល៕
បកប្រែដោយ Thuy Anh