វៀតណាមនិងស៊ុយអែត បង្កើតរបកគំហើញសម្រាប់ការអភិវឌ្ឍ
កប.អនឡាញ - នាយប់ថ្ងៃទី ១១ ខែមិថុនា (ម៉ោងក្នុងតំបន់) បន្ទាប់ពីបានមកដល់រដ្ឋធានី Stockholm ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រស៊ុយអែត លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងលោកជំទាវ បានជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃស្ថានទូតនិងសហគមន៍ជនវៀតណាមប្រចាំប្រទេសស៊ុយអែត។
ថ្លែងក្នុងជំនួបនេះ លោក Pham Minh Chinh នាយករដ្ឋមន្ដ្រីវៀតណាម បានអះអាងថា សហគមន៍ជនវៀតណាមនៅក្រៅប្រទេសគឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានពីសហគមន៍បណ្ដាជនជាតិរបស់វៀតណាមជាដាច់ខាត។ លោកនាយករដ្ឋមន្ត្រីវៀតណាមសង្ឃឹមថា អាណិកជននៅទីនេះ នឹងបង្ហាញសេចក្តីស្រឡាញ់ចំពោះមាតុភូមិ និងប្រទេសជាតិ តាមរយៈការថែខ្លួនឯង ក្រុមគ្រួសារ និងមិត្តភក្តិជិតស្និទ្ធ។ លោកនាយករដ្ឋមន្ត្រី លើកឡើងថា ការដែលអាណិកជនចូលរួមចំណែកដល់ប្រទេសសាមី ក៏ជាក្ដីស្រឡាញ់ប្រទេសជាតិដែរ។
* ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅប្រទេសស៊ុយអែត នាព្រឹកថ្ងៃទី១២ ខែមិថុនា (ម៉ោងក្នុងតំបន់) លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានូវគោលនយោបាយនៅសាកលវិទ្យាល័យសេដ្ឋកិច្ច Stockholm។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ថ្លែងសុន្ទរកថានូវគោលនយោបាយនៅសាកលវិទ្យាល័យសេដ្ឋកិច្ច Stockholm (រូបថត៖ vnanet.vn) |
លោកនាយករដ្ឋមន្ត្រីវៀតណាម ឲ្យដឹងថា៖ វៀតណាមនិងស៊ុយអែតកំពុងប្រឈមមុខនឹងឱកាសជាប្រវត្តិសាស្ត្រដើម្បីបញ្ជាក់ពីតួនាទីជាខឿនសេដ្ឋកិច្ចនាំមុខគេក្នុងតំបន់ លើកកម្ពស់ទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាពក្នុងស្មារតីផ្ដល់ផលប្រយោជន៍គ្នាទៅវិញទៅមក ព្រមទាំងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅអាស៊ីអាគ្នេយ៍ និងអឺរ៉ុបខាងជើង រួមទាំងនៅអាស៊ីប៉ាស៊ីហ្វិក និងអឺរ៉ុប។
ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងសេចក្តីប្រាថ្នានេះ យោងតាមលោកនាយករដ្ឋមន្ត្រីវៀតណាម ប្រទេសទាំងពីរគួរតែពង្រឹងទំនាក់ទំនងនយោបាយនិងការទូត លើកកំពស់តម្លៃរួម ទំនុកចិត្តខាងនយោបាយ និងមិត្តភាពយ៉ាងជ្រាលជ្រៅរវាងប្រទេសទាំងពីរ ហើយកំណត់ទិសដៅសំខាន់ៗសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី បង្កើតកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងវៀតណាម-ស៊ុយអែត អភិវឌ្ឍឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព ជាពិសេសលើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ល។
យោងលោកនាយករដ្ឋមន្ត្រីវៀតណាមថា ក្នុងពិភពលោកមួយកាន់តែអស្ថិរភាព ប្រទេសទាំងពីរគួរតែបន្តជំរុញកិច្ចសហប្រតិបត្តិការពហុភាគី គោរពគ្នាទៅវិញទៅមក និងអនុវត្តធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជាច្បាប់អន្តរជាតិដែរ។ ប្រទេសទាំងពីរគប្បីជំរុញការសន្ទនា និងស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះ។ លោកនាយករដ្ឋមន្ត្រីវៀតណាម បញ្ជាក់ថា “វៀតណាមត្រៀមខ្លួនជាស្រេចសហការជាមួយស៊ុយអែត ដើម្បីលើកកម្ពស់សន្តិភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍នៅអាស៊ីអាគ្នេយ៍ និងអឺរ៉ុបខាងជើង រួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-អឺរ៉ុប (EU) ឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពថែមទៀត”។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបន្តបង្កើតរបកគំហើញក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងអភិវឌ្ឍន៍ សក្ដិសមនឹងកម្រិតទំនាក់ទំនងនិងកិត្យានុភាពសេដ្ឋកិច្ចនៃប្រទេសទាំងពីរ។ វៀតណាមសន្យាថា នឹងធ្វើការជាមួយស៊ុយអែត ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ដើម្បីជំរុញការតភ្ជាប់ និងបើកទីផ្សារសម្រាប់គ្នាទៅវិញទៅមក ហើយជម្រុញឲ្យកិច្ចព្រមព្រៀងគាំពារវិនិយោគវៀតណាម-សហភាពអឺរ៉ុប (EVIPA) ចូលជាធរមាន។
* គួររំលឹកថា មុននោះ នាព្រឹកថ្ងៃទី ១២ មិថុនា នៅទីក្រុង Stockholm លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានពិសារអាហារពេលព្រឹក និងធ្វើការជាមួយថ្នាក់ដឹកនាំបណ្ដាសាជីវកម្មសេដ្ឋកិច្ចធំៗរបស់ស៊ុយអែត ដើម្បីពិភាក្សាលើកិច្ចសហប្រតិបត្តិការ និងវិនិយោគលើវិស័យជាច្រើន។
    |
 |
លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមធ្វើការជាមួយថ្នាក់ដឹកនាំបណ្ដាសាជីវកម្មសេដ្ឋកិច្ចធំៗរបស់ស៊ុយអែត (រូបថត៖ vnanet.vn) |
ពិភាក្សាអំពីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម ជាពិសេសគោលនយោបាយការបរទេស ដែលជួយវៀតណាមអភិវឌ្ឍគួរឱ្យកត់សម្គាល់ និងរក្សាទំនាក់ទំនងល្អជាមួយប្រទេសនានាក្នុងបរិបទនៃការប្រកួតប្រជែងជាយុទ្ធសាស្ត្រមានការវិវឌ្ឍដ៏ស្មុគស្មាញនោះ លោកនាយករដ្ឋមន្ត្រីវៀតណាម ឲ្យដឹងថា វៀតណាមប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ស្វ័យភាព ពហុភាគី និងពិពិធកម្ម ជាមិត្តនឹងប្រទេសទាំងអស់ និងជាដៃគូដែលគួរឲ្យទុកចិត្តរបស់សហគមន៍អន្តរជាតិ និងសមាហរណកម្មអន្តរជាតិ...។
ឆ្លើយតបនឹងសំណួររបស់ធុរកិច្ចស៊ុយអែតអំពីកាលានុវត្តភាពសហប្រតិបត្តិការ និងការវិនិយោគក្នុងការស្រាវជ្រាវអភិវឌ្ឍន៍ និងផលិតមនុស្សយន្ត និងបន្ទះឈីប semiconductor នៅវៀតណាម លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម ឲ្យដឹងថា ទាំងនេះគឺជាវិស័យដែលវៀតណាមយកចិត្តទុកដាក់ និងចង់វិនិយោគនិងអភិវឌ្ឍន៍។ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម សង្ឃឹមថា អាជីវកម្មស៊ុយអែតនឹងវិនិយោគ ផ្ទេរបច្ចេកវិទ្យានិងបទពិសោធន៍គ្រប់គ្រង រួមទាំងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីអភិវឌ្ឍឧស្សាហកម្មទាំងនេះនៅវៀតណាម៕
បកប្រែដោយ Pham Diep