ជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-អូស្ត្រាលី
កប.អនឡាញ - នាថ្ងៃទី ២៦ ខែមិថុនា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស លោក To Lam អគ្គលេខាបក្សកុម្មុយនិស្សតវៀតណាម បានទទួលជួបលោកស្រី Gillian Bird ឯកអគ្គរដ្ឋទូតអូស្ត្រាលី ក្នុងឱកាសចាប់ផ្តើមអាណត្តិបេសកកម្មការទូតនៅវៀតណាម។
លោកអគ្គលេខាបក្សបានអបអរសាទរចំពោះលោកស្រី Gillian Bird មកបំពេញបេសកកម្មការទូតនៅវៀតណាម ហើយជឿជាក់ថា ជាមួយនឹងបទពិសោធន៍ និងការយល់ដឹងរបស់ខ្លួនអំពីតំបន់ លោកស្រី Gillian Bird នឹងរួមចំណែកយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - អូស្ត្រាលី។ ដោយវាយតំលៃខ្ពស់ចំពោះការអភិវឌ្ឍប្រកបដោយវិជ្ជមាន និងមានប្រសិទ្ធភាពនៃទំនាក់ទំនងភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ លោកអគ្គលេខាបក្ស បានអះអាងថា អូស្ត្រាលីតែងតែជាដៃគូមួយក្នុងចំណោមដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យឈានមុខគេរបស់វៀតណាមនៅក្នុងតំបន់។ វៀតណាមវាយតំលៃខ្ពស់ចំពោះមនោសញ្ចេតនា និងជំនួយដ៏មានតម្លៃដែលរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី បានផ្តល់ដល់វៀតណាមក្នុងរយៈពេលជាង ៥០ ឆ្នាំកន្លងមក។
    |
 |
លោក To Lam អគ្គលេខាបក្ស ទទួលជួបលោកស្រី Gillian Bird |
លោកស្រី Gillian Bird បានសម្តែងនូវការកោតសរសើរចំពោះសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដែលវៀតណាមសម្រេចបាននាពេលកន្លងមកនេះ ព្រមទាំងចក្ខុវិស័យយុទ្ធសាស្ត្ររយៈពេលវែង ដើម្បីនាំប្រទេសជាតិឆ្ពោះទៅកាន់យុគសម័យថ្មី យុគសម័យស្ទុះឈានទៅមុខ។
លោក To Lam អគ្គលេខាបក្ស បានស្នើថា លោកស្រី Gillian Bird យកចិត្តទុកដាក់លើការជម្រុញវិស័យមួយចំនួននៃកិច្ចសហប្រតិបត្តិការទ្វេភាគី រួមមាន៖ ការពង្រឹងកិច្ចសហប្រតិបត្តិការនយោបាយ-ការបរទេស បង្កើនការតភ្ជាប់សេដ្ឋកិច្ចដោយខិតខំជម្រុញឲ្យទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ២០ ពាន់លានដុល្លារអាមេរិក និងបង្កើនការវិនិយោគទ្វេភាគី ហើយពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខឲ្យកាន់តែមានប្រសិទ្ធភាព ជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ បរិស្ថាន និងថាមពល។
លោកស្រី Gillian Bird ថ្លែងអំណរគុណចំពោះលោក To Lam អគ្គលេខាបក្ស ដែលបានវាយតម្លៃ និងការដាក់ទិសដៅសំខាន់ៗសម្រាប់ទំនាក់ទំនងទ្វេភាគីនាពេលខាងមុខ ហើយសម្តែងនូវសេចក្តីរីករាយក្នុងការទទួលបេសកកម្មស្របពេលទំនាក់ទំនងទ្វេភាគីស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ដ៏ល្អប្រសើរ។ លោកស្រីអះអាងថា រដ្ឋាភិបាលអូស្ត្រាលីចាត់ទុកវៀតណាមជាដៃគូមួយក្នុងចំណោមដៃគូសំខាន់ក្នុងយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ដល់ឆ្នាំ ២០៤០ និងលើកទឹកចិត្តធុរកិច្ចអូស្ត្រាលីបង្កើនការវិនិយោគនៅវៀតណាម។
លោក To Lam អគ្គលេខាបក្ស បានវាយតំលៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងការគាំទ្ររបស់រដ្ឋាភិបាលអូស្ត្រាលីចំពោះសហគមន៍ជនវៀតណាមដែលកំពុងរស់នៅ និងសិក្សានៅក្នុងប្រទេសសាមី។ លោកបានស្នើឲ្យលោកស្រី Gillian Bird ជាស្ពានតភ្ជាប់ ដើម្បីអូស្ត្រាលីអាចបន្តបង្កើតលក្ខណៈងាយស្រួលសម្រាប់សហគមន៍ជនវៀតណាមក្នុងការរស់នៅ តភ្ជាប់ និងអភិវឌ្ឍន៍៕
បកប្រែដោយ Thuy Anh