* អបអរសាទរលោក Shawn Perry Steil ឯកអគ្គរដ្ឋទូតកាណាដា ដែលបានបញ្ចប់អាណត្តិដោយជោគជ័យនៅវៀតណាម លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានវាយតំលៃខ្ពស់ចំពោះតួនាទី និងការរួមចំណែកជាវិជ្ជមានរបស់លោក Shawn Perry Steil ឯកអគ្គរដ្ឋទូត ក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរបន្ដរីកចម្រើន និងមានប្រសិទ្ធភាព។ ទោះបីជាមានការវិវឌ្ឍនៃស្ថានភាពអន្តរជាតិ និងតំបន់ក្នុងរយៈពេលកន្លងមកក៏ដោយ ក៏ទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម និងកាណាដា បានរក្សានូវសន្ទុះអភិវឌ្ឍវិជ្ជមាន។ ភាគីទាំងពីរបានរៀបចំជំនួបរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរនៅខាងក្រៅកិច្ចប្រជុំអន្តរជាតិសំខាន់ៗ។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មមានការរីកចម្រើនជាវិជ្ជមាន ជាមួយនឹងទំហំពាណិជ្ជកម្មកើនឡើងជាលំដាប់។ កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិតែងតែជាចំណុចភ្លឺក្នុងទំនាក់ទំនងវៀតណាម និងកាណាដា។

leftcenterrightdel
លោក  Luong Cuong ប្រធានរដ្ឋវៀតណាម និងលោក Shawn Perry Steil ឯកអគ្គរដ្ឋទូតកាណាដា

លោក Luong Cuong ប្រធានរដ្ឋវៀតណាម ស្នើឱ្យលោក Shawn Perry Steil ឯកអគ្គរដ្ឋទូត បន្តរួមចំណែកក្នុងការជំរុញទំនាក់ទំនងវៀតណាម និងកាណាដា លើកតម្កើងទំនាក់ទំនងទ្វេភាគីឈានឡើងដល់កម្រិតថ្មី នាំមកនូវផលប្រយោជន៍ជូនប្រជាជន និងអង្គភាពអាជីវកម្មនៃភាគីទាំងពីរ។ ព្រមទាំងស្នើឲ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ កិច្ចសន្ទនា ពង្រីកកិច្ចសហប្រតិបត្តិការលើបណ្តាញបក្ស រដ្ឋ រដ្ឋសភា ជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន និងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា កម្មសិទ្ធិបញ្ញា ព័ត៌មាន និងគមនាគមន៍ ... និងវិស័យនានាដែលភាគីទាំងពីរមានប្រៀបខ្លាំង។

លោក Shawn Perry Steil ឯកអគ្គរដ្ឋទូត វាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងគ្រប់ជ្រុងជ្រោយរបស់វៀតណាមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងកិត្យានុភាពរបស់វៀតណាមកាន់តែកើនឡើងក្នុងឆាកអន្តរជាតិ។ លោក Shawn Perry Steil ឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលកាណាដា យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាមួយវៀតណាម ជាពិសេសក្នុងបរិបទដែលរដ្ឋាភិបាលថ្មីរបស់កាណាដាកំពុងធ្វើការកែសម្រួលយុទ្ធសាស្ត្រដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរសកល។

លោក Shawn Perry Steil ឯកអគ្គរដ្ឋទូត អះអាងថា កាណាដានឹងរួមដំណើរ គាំទ្រ និងសហប្រតិបត្តិការជាមួយវៀតណាមក្នុងវិស័យឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការផ្លាស់ប្តូរថាមពល ការអប់រំ និងការអភិវឌ្ឍធនធានមនុស្ស។

* ទទួលជួបលោក Ali Akbar Nazari ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ លោក Luong Cuong ប្រធានរដ្ឋវៀតណាម បានអបអរសាទរចំពោះលោកឯកអគ្គរដ្ឋទូតដែលបានបញ្ចប់អាណត្តិការងារដ៏ជោគជ័យនៅវៀតណាម ដោយមានការរួមចំណែកជាវិជ្ជមានក្នុងការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់អ៊ីរ៉ង់ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

leftcenterrightdel
លោក Luong Cuong ប្រធានរដ្ឋវៀតណាម និងលោក Ali Akbar Nazari ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ 

លោក Luong Cuong ប្រធានរដ្ឋវៀតណាមអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងនិងមានបំណងចង់បន្តជំរុញទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនជាមួយអ៊ីរ៉ង់។ លោក Luong Cuong ប្រធានរដ្ឋ សង្ឃឹមថា ទោះបីជាស្ថិតក្នុងឋានៈណាក៏ដោយ ក៏ជាមួយបទពិសោធន៍ និងការយល់ដឹងយ៉ាងស៊ីជម្រៅអំពីវៀតណាម លោក Ali Akbar Nazari ឯកអគ្គរដ្ឋទូត នឹងបន្តយកចិត្តទុកដាក់និងជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។

រីឯខ្លួនវិញ លោក Ali Akbar Nazari ឯកអគ្គរដ្ឋទូត បានសំដែងនូវការចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍដ៏ខ្លាំងក្លារបស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ និងមនោសញ្ចេតនាដែលប្រជាជនវៀតណាមផ្ដល់ដល់លោកឯកអគ្គរដ្ឋទូតផ្ទាល់។ លោក Ali Akbar Nazari ឯកអគ្គរដ្ឋទូត សង្កត់ធ្ងន់ថា ក្នុងអាណត្តិរបស់ខ្លួន ប្រទេសទាំងពីរបានចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការសំខាន់ៗជាច្រើននៅអង្គការអន្តរជាតិ និងវេទិកាពហុភាគី បង្កើតមូលដ្ឋានគ្រឹះដ៏រឹងមាំ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីបន្ថែមទៀត។

លោក Ali Akbar Nazari ឯកអគ្គរដ្ឋទូតបន្ថែមថា ភាគីទាំងពីរនៅមានសក្ដានុពលជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ ជាពិសេសលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ហើយលោករំពឹងថា ជាមួយនឹងការប្តេជ្ញាចិត្តពីភាគីទាំងពីរនោះ ទំហំពាណិជ្ជកម្មទ្វេភាគីនឹងសម្រេចបាន ២ ពាន់លានដុល្លារនាពេលឆាប់ៗនេះ។ លោក Ali Akbar Nazari ឯកអគ្គរដ្ឋទូត ប្ដេជ្ញាចិត្ដនឹងបន្តរួមចំណែកលើកកម្ពស់ និងពូនជ្រំទំនាក់ទំនងអ៊ីរ៉ង់និងវៀតណាមឲ្យកាន់តែរីកចម្រើន និងមានប្រសិទ្ធភាព៕

បកប្រែដោយ Pham Diep