ទំនាក់ទំនងវៀតណាម និងបណ្ដាប្រទេសនៅអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើតជំនះបញ្ហាប្រឈមនៃប្រវត្តិសាស្ត្រ
កប.អនឡាញ - ទំនាក់ទំនងប្រពៃណី ជិតស្និទ្ធ រវាងវៀតណាមនិងបណ្តាប្រទេសនៅអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត បានជម្នះបញ្ហាប្រឈមជាច្រើនរាប់មិនអស់នៃពេលវេលា និងប្រវត្តិសាស្ត្រ។
លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រីវៀតណាម បានអះអាងដូច្នេះក្នុងសិក្ខាសាលាក្រោមប្រធានបទ “៧៥ឆ្នាំនៃទំនាក់ទំនងការទូតរវាងវៀតណាម និងបណ្តាប្រទេសនៅអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត៖ រឹតបន្តឹងចំណងមិត្តភាព - ពង្រឹងកិច្ចសហប្រតិបត្តិការ - ឆ្ពោះទៅអនាគត” ដែលរៀបចំឡើងដោយក្រសួងការបរទេសវៀតណាម និងស្ថានទូតនៃប្រទេសទាំង ៦ នៅអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត រួមមានប្រទេសប៉ូឡូញ ប៊ុលហ្គារី ហុងគ្រី រ៉ូម៉ានី ឆែក ស្លូវ៉ាគី នារសៀលថ្ងៃទី២៦ ខែមិថុនា។
ទំនាក់ទំនងរវាងវៀតណាម និងប្រទេសទាំង ៦ នេះត្រូវបានបង្កើតឡើងនៅក្នុងគ្រាដ៏លំបាកបំផុតនៃការតស៊ូដើម្បីឯករាជ្យរបស់ប្រជាជនវៀតណាម។ ប្រទេសទាំង៦នេះ គឺជាក្រុមប្រទេសដំបូងដែលទទួលស្គាល់ និងបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាមនៅឆ្នាំ១៩៥០។ នៅពេលនោះ វៀតណាមទទួលបានការជួយគាំទ្រដ៏មានតម្លៃ សាមគ្គីភាពដោយស្មោះស្ម័គ្រ និងមានប្រសិទ្ធភាពពីបណ្តាប្រទេសនៅអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត។ វាមិនត្រឹមតែជាជំនួយផ្នែកសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចែករំលែកយ៉ាងស៊ីជម្រៅនៃស្មារតីសាមគ្គីភាព ឧត្តមគតិនៃឯករាជ្យភាព សន្តិភាព និងការអភិវឌ្ឍ។
    |
 |
លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រី និងប្រតិភូចូលរួមសិក្ខាសាលា |
មន្ទីរពេទ្យ និងសាលារៀនជាច្រើននៅប្រទេសវៀតណាមត្រូវបានសាងសង់ឡើងអាស្រ័យលើជំនួយដែលឥឡូវបានក្លាយជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងវៀតណាម ជាមួយប៉ូឡូញ ប៊ុលហ្គារី ហុងគ្រី រូម៉ានី និងឆេកូស្លូវ៉ាគី។ បណ្តាប្រទេសនៅអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត បានជួយបណ្តុះបណ្តាលសម្រាប់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងអ្នកជំនាញវៀតណាមជាច្រើនជំនាន់ រួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍរបស់វៀតណាម ហើយក្លាយជាមូលដ្ឋានគ្រឹះសម្រាប់ទំនាក់ទំនងវៀតណាម - អឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត។
នៅក្នុងសិក្ខាសាលានេះ ប្រតិភូទាំងឡាយបានវាយតម្លៃថា រយៈពេល ៧៥ ឆ្នាំកន្លងទៅ គឺជារបត់ប្រវត្តិសាស្ត្រដ៏មានអត្ថន័យ ជាដំណាក់កាលសហប្រតិបត្តិការជិតស្និទ្ធ និងស៊ីជម្រៅរវាងវៀតណាម និងបណ្តាប្រទេសនៅអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត ដែលជាមិត្តប្រពៃណី និងដៃគូយុទ្ធសាស្ត្រដ៏មានសក្តានុពលក្នុងតំបន់។
ក្នុងរយៈពេល ៧៥ ឆ្នាំកន្លងមក វៀតណាម និងបណ្តាប្រទេសនៅអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត មានមោទនភាពចំពោះសមិទ្ធិផលនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ វៀតណាម និងប្រទែសទាំង៦ បានកសាង និងលើកកម្ពស់ការជឿទុកចិត្តជាយុទ្ធសាស្ត្រ ដោយផ្អែកលើកិច្ចសហប្រតិបត្តិការនយោបាយ ការទូតរដ្ឋ និងការទូតប្រជាជនដ៏រឹងមាំនិងជាក់ស្ដែង។ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ កិច្ចសហប្រតិបត្តិការវៀតណាម-បណ្តាប្រទេសនៅអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត ដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងសហភាពអឺរ៉ុប (EU) ហើយកំពុងត្រូវបានជម្រុញយ៉ាងខ្លាំងដោយផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA)។ បណ្តាប្រទេសនៅអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត គឺជាស្ពានយុទ្ធសាស្ត្រសម្រាប់វៀតណាមក្នុងការជ្រៀតចូលទីផ្សារ EU ព្រមទាំងវៀតណាមជាស្ពានសម្រាប់ប្រទេសទាំង៦ ក្នុងការចូលទៅកាន់ទីផ្សារអាស៊ាន។ ទន្ទឹមនឹងនោះ និស្សិតវៀតណាមជាង ១២,០០០ នាក់ទទួលបានការបណ្តុះបណ្តាលនៅបណ្តាប្រទេសនៅអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត ដែលភាគច្រើនបានក្លាយជាអ្នកដឹកនាំ និងអ្នកជំនាញឈានមុខក្នុងវិស័យសំខាន់ៗ។
ក្នុងបរិបទដែលពិភពលោកកំពុងប្រឈមមុខនឹងការផ្លាស់ប្តូរយ៉ាងជ្រាលជ្រៅ ទំនាក់ទំនងរវាងវៀតណាមជាមួយបណ្តាប្រទេសនៅអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើតកាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់។ ជាមួយនឹងទីតាំងភូមិសាស្ត្រយុទ្ធសាស្រ្ត សេដ្ឋកិច្ចមានសន្ទុះស្វាហាប់ និងដើរតួនាទីកាន់តែលេចធ្លោ ក្នុងយន្តការពហុភាគី វៀតណាមនិងបណ្តាប្រទេសនៅអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើតគឺជាដៃគូដ៏មានសក្តានុពលសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ មិនមែនសម្រាប់តែកម្រិតទ្វេភាគីនោះទេ គឺសម្រាប់កម្រិតតំបន់ និងអន្តរជាតិទៀតផង។ លោក Tran Hong Ha សង្កត់ធ្ងន់ថា ជាមួយនឹងមូលដ្ឋានដ៏រឹងមាំក្នុងរយៈពេល ៧៥ ឆ្នាំ យើងជឿជាក់យ៉ាងមុតមាំថា ទំនាក់ទំនងរវាងវៀតណាមជាមួយបណ្តាប្រទេសនៅអឺរ៉ុបកណ្តាលនិងអឺរ៉ុបខាងកើតនឹងបន្តអភិវឌ្ឍ នាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃភាគីទាំងពីរ ព្រមទាំង រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក៕
បកប្រែដោយ Thuy Anh