វិទ្យាស្ថានកងទ័ពជើងទឹកវៀតណាម បិទបញ្ចប់វគ្គបណ្តុះបណ្តាលសម្រាប់គ្រូបង្រៀនថ្នាក់យុទ្ធសាស្ត្រកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ
កប.អនឡាញ - នារសៀលថ្ងៃទី២៦ ខែមិថុនា នៅទីក្រុង Nha Trang ខេត្ត Khanh Hoa ភាគកណ្តាលវៀតណាម វិទ្យាស្ថានកងទ័ពជើងទឹក បានប្រារព្ធពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាលសម្រាប់គ្រូបង្រៀនថ្នាក់យុទ្ធសាស្ត្រកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។
លោកវរសេនីយ៍ឯក សាស្ត្រាចារ្យរង បណ្ឌិត Ho Thanh Hoa នាយករងនៃវិទ្យាស្ថានបានចូលរួម និងជាអធិបតី។
សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលគ្រូបង្រៀនថ្នាក់យុទ្ធសាស្ត្រត្រូវបានជ្រើសរើសដោយកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទដែលមានអត្តចរិត សមត្ថភាព និងសុខភាពល្អ។
    |
 |
លោកវរសេនីយ៍ឯក Ho Thanh Hoa ប្រគល់សញ្ញាបត្រដល់សិក្ខាកាម (រូបថត៖ baokhanhhoa.vn) |
ក្នុងអំឡុងពេលនៃដំណើរការសិក្សា និងហាត់ពត់លត់ដំនៅវិទ្យាស្ថានកងទ័ពជើងទឹក សិក្ខាកាមទាំងឡាយតែងតែលើកកំពស់ស្មារតីសាមគ្គីភាព ជំនះពុះពារការលំបាក ខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ដើម្បីទទួលបានចំណេះដឹង និងបទពិសោធន៍ បំពេញខ្លឹមសារ កម្មវិធី សម្រេចបាននូវគោលដៅ និងតម្រូវការដែលបានកំណត់។ សិក្ខាកាមចំនួន ១០០% មានលក្ខណៈគ្រប់គ្រាន់ដើម្បីបញ្ចប់ការសិក្សា។
មានប្រសាសន៍នៅក្នុងពិធី លោកវរសេនីយ៍ឯក Ho Thanh Hoa បានវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សិក្ខាកាមទាំងឡាយ ក៏ដូចជាស្មារតីកសាងទំនាក់ទំនងសាមគ្គីភាព មិត្តភាពជាប្រពៃណីរវាងប្រជាជាតិទាំងពីរ និងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ។ លោកវរសេនីយ៍ឯក Ho Thanh Hoa សង្ឃឹមថា សិក្ខាកាមដែលបានបញ្ចប់ការសិក្សា នឹងអនុវត្តប្រកបដោយភាពច្នៃប្រឌិតនូវចំណេះដឹង និងបទពិសោធន៍ដែលខ្លួនបានរៀននៅវិទ្យាស្ថានកងទ័ពជើងទឹក ដើម្បីបម្រើ និងកសាងកងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទឱ្យកាន់តែអភិវឌ្ឍថែមទៀត បន្តក្លាយជាកម្លាំងស្នូលក្នុងការកសាងចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណីរវាងវៀតណាម និងកម្ពុជា ឲ្យកាន់តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ៕
បកប្រែដោយ Huyen Trang