បើយោងតាមលោក លោក អ៊ុច លាង ប្រទេសកម្ពុជា និងវៀតណាមបានភ្ជាប់ទំនាក់ទំនងការទូតផ្លូវការបាន ៥៨ ឆ្នាំមកហើយ គឺតាំងពី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ មកម្លេះ។ បើក្រឡេកទៅមើលរយៈពេល ៥៨ ឆ្នាំកន្លងទៅ នៃទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជា-វៀតណាម គឺមានការរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ ភាគីទាំងពីរតែងតែរក្សាបានជាប្រចាំនូវការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់គ្រប់កម្រិត ជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្មនិងវិនិយោគ កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ និងការពារជាតិ ត្រូវបានបន្តពង្រឹងជាបន្តបន្ទាប់ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនត្រូវបានអនុវត្តជាប្រចាំ ដើម្បីការពារកុំឱ្យកម្លាំងអមិត្ត ឆ្លៀតឱកាសទាញយកផលប្រយោជន៍ និងការបំផ្លិចបំផ្លាញទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ។

លោក អ៊ុច លាង បានសង្តត់ធ្ងន់ថា ជាងកន្លះសតវត្សកន្លងទៅនេះ គឺជាព្រឹត្តិការប្រវត្តិសាស្ត្រមួយដែលនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៦៧ លោកប្រធានហូជីមិញ បានផ្ញើទូរលេខ មកកាន់ប្រមុខរដ្ឋកម្ពុជា សម្តេច នរោត្ដម សីហនុ ដោយសង្កត់ធ្ងន់លើទំនាក់ទំនងជាភាពអ្នកជិតខាងដ៏ល្អរវាងប្រទេសទាំងពីរ។ ទូរលេខបានបញ្ជាក់យ៉ាងច្បាស់ថា៖ ការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងកម្ពុជា គឺជាការបង្ហាញយ៉ាងត្រចះត្រចង់ នៃទំនាក់ទំនងមិត្តភាពយ៉ាងជិតស្និទ្ធ និងរួបរួមគ្នាដើម្បីប្រយុទ្ធ។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ តាមរយៈប្រវត្តិសាស្ត្រដ៏រប៉ាក់រប៉ើក ទំនាក់ទំនងកម្ពុជា-វៀតណាមកាន់តែមានភាពជិតស្និទ្ធ និងកាន់តែរឹងមាំ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្ននេះ កំពុងមានការអភិវឌ្ឍស្របតាមបាវចនា “ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងស្ថិភាពភាពយូរអង្វែង”។ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស និងរដ្ឋនៃប្រទេសទាំងពីរ បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរួមគ្នាបណ្តុះសាមគ្គីភាព និងមិត្តភាព ដោយផ្អែកលើមូលដ្ឋានប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ ហើយបានអះអាង ជាបន្តបន្ទាប់ថា ទំនាក់ទំនងរវាងបក្ស និងរដ្ឋនៃប្រទេសទាំងពីរ មានការអភិវឌ្ឍកាន់តែទូលំទូលាយ ជាក់ស្តែង និងមានប្រសិទ្ធភាព លើគ្រប់វិស័យ ក្លាយជាទ្រព្យសម្បត្តិរួមដ៏មានតម្លៃ ដែលមិនអាចកាត់ថ្លៃបាន របស់ប្រជាជន នៃប្រទេសទាំងពីរ និងរួមចំណែកបង្កើតបរិយាកាសសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយូរអង្វែង។

លោក អ៊ុច លាង បន្តថា ប្រទេសទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ មានប្រពៃណីសាមគ្គីភាព និងមិត្តភាពជាយូរលង់ណាស់មកហើយ ដោយបានជួយគ្នាទៅវិញទៅមកតាំងពីប្រវត្តិសាស្ត្រ។ ប្រជាជននៃប្រទេសទាំងពីរតែងតែរួបរួមគាំទ្រគ្នា និងជួយគ្នាទៅវិញទៅមក ក្នុងការតស៊ូទាមទារឯករាជ្យជាតិ និងការតស៊ូប្រយុទ្ធប្រឆាំងនឹងរបបអាណានិគមនិយមបារាំង និងចក្រពត្តិអាម៉េរិក។ ជាពិសេសបំផុតនោះនាជាង៤ទសវត្សរ៍កន្លងទៅនេះ កម្ពុជាបានជួយជ្រោមជ្រែងឱ្យប្រទេសវៀតណាមបង្រួបបង្រួមទឹកដីទាំងមូល នាថ្ងៃទី៣០ ខែ មេសា ឆ្នាំ១៩៧៥ ហើយប្រទេសវៀតណាមបានគាំទ្រ និងជួយប្រទេសកម្ពុជាក្នុងការផ្ដួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ឱ្យប្រទេសជាតិ និងប្រជាជនកម្ពុជា បានរួចចាកផុតពីការស្លាប់ ក៏ដូចជាក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។

leftcenterrightdel
លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា មានការចែករំលែកអំពីអត្ថន័យ សមិទ្ធិផលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

លោក អ៊ុច លាង បញ្ជាក់ថា បើក្រឡេកទៅមើលអតីតកាលត្រឹម ៤៦ ឆ្នាំកន្លងមក ក្រោយកម្ពុជារួចចាកផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ទំនាក់ទំនងកម្ពុជា-វៀតណាម បានជំនះពុះពារឧបសគ្គជាច្រើន និងបានអភិវឌ្ឍជាបន្តបន្ទាប់រហូតមកដល់សព្វថ្ងៃនេះ ហើយកំពុងរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យវិស័យ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្ដែងយ៉ាងច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម មិនត្រឹមតែជាទំនាក់ទំនងជាប្រពៃណី ក្នុងភាពជាអ្នកជិតល្អខាងប៉ុណ្ណោះទេ ថែមទាំងជាទំនាក់ទំនងជាបងប្អូន “រួមសុខ រួមទុក្ខជាមួយគ្នា" ក្នុងបុព្វហេតុកសាង និងអភិវឌ្ឍន៍ប្រទេសជាតិរៀងៗខ្លួន រហូតមកដល់សព្វថ្ងៃនេះ។ ទំនាក់ទំនងនេះ តែងតែត្រូវបានថែរក្សា និងបីបាច់គ្រប់ជំនាន់ គ្រប់ជាន់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរ ហើយយុវជនជំនាន់ក្រោយនៃប្រទេសទាំងពីរបានបន្តកសាងចំណងមិត្តភាពនេះ ក្រោមពាក្យស្លោក "អ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និង​និរន្តរភាពយូរអង្វែង ដែលប្រមុខដឹក​នាំ​នៃប្រទេសទាំង​ពីរ បាន​ឯកភាពគ្នាតាំងពីឆ្នាំ២០០៥ តរហូតរៀងមក។

ដោយពិនិត្យឡើងវិញនូវសមិទ្ធិផលគួរឱ្យកត់សម្គាល់ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លោក អ៊ុច លាង បានឲ្យដឹងថា៖ “ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ទោះបីជាស្ថានភាពពិភពលោក និងតំបន់មានភាពស្មុគស្មាញក៏ដោយ ហើយស្ថានភាពនៃប្រទេសនីមួយៗមានការលំបាកខ្លះ ប៉ុន្តែដោយមានការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ទំនាក់ទំនងរវាងវៀតណាម និងកម្ពុជាបានបន្តមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលបានក្លាយទៅជាកត្តាសំខាន់ រួមចំណែកបង្កើតបរិយាកាសសន្តិភាព ស្ថិរភាពយូរអង្វែងដើម្បីជម្រុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាឯករាជ្យ អធិបតេយ្យភាពជាតិនៃប្រទេសនីមួយៗ។

ភាគីទាំងពីរបន្តរក្សា និងលើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការទ្វេភាគី បង្កើនការផ្លាស់ប្តូរទស្សនកិច្ច និងទំនាក់ទំនងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់។ ឯកសារសហប្រតិបត្តិការជាច្រើនរវាងប្រទេសទាំងពីរត្រូវបានចុះហត្ថលេខា ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងភាគីទាំងពីរ។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរបន្តមានការរីកចម្រើនយ៉ាងខ្លាំងក្លា។

បច្ចុប្បន្ននេះ វៀតណាមមានគម្រោងវិនិយោគនៅកម្ពុជាប្រមាណ ២១៥ គម្រោង ដែលមានទុនចុះបញ្ជីសរុបប្រមាណ ២.៩៤ ពាន់លានដុល្លារអាមេរិក។ គម្រោងនានាក្នុងវិស័យទូរគមនាគមន៍ អាកាសចរណ៍ និងកសិកម្ម កំពុងដំណើរការប្រកបដោយប្រសិទ្ធភាព។ មិនត្រឹមតែជួយកម្ពុជាអភិវឌ្ឍន៍សេដ្ឋកិច្ចប៉ុណ្ណោះទេ សហគ្រាសវៀតណាមក៏ជាវិនិយោគិនដែលមានទំនួលខុសត្រូវដែលធ្វើបានល្អការងារសុខុមាលភាពសង្គម បណ្តុះបណ្តាលធនធានមនុស្ស លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ ដែលទទួលបានការវាយតម្លៃខ្ពស់ពីភាគីកម្ពុជា។

កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខបន្តត្រូវបានពង្រឹងកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែង។ ភាគីទាំងពីរតែងតែបញ្ជាក់ថា នឹងមិនអនុញ្ញាតឱ្យកងកម្លាំងអរិភាពណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីបំផ្លាញសន្តិសុខរបស់ប្រទេសម្ខាងទៀតឡើយ។ ភាគីទាំងពីរបានសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការអនុវត្តការងារខ័ណ្ឌសីមាបោះបង្គោលព្រំដែនគោក ដែលសម្រេចបាន ៨៤% និងបន្តពិភាក្សាយ៉ាងសកម្មដើម្បីដោះស្រាយ ១៦% ដែលនៅសេសសល់ ក្នុងបំណងបន្តកសាងព្រំដែនប្រកបដោយ​សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។

ជារៀងរាល់ឆ្នាំ វៀតណាមបានផ្តល់អាហារូបករណ៍បណ្តុះបណ្តាលរយៈពេលវែង និងរយៈពេលខ្លីជូនកម្ពុជា។ កម្ពុជាក៏ជួយវៀតណាមបណ្តុះបណ្តាលបរិញ្ញាបត្រអក្សរសាស្រ្តខ្មែរផងដែរ។ ទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ អង្គការមហាជន មូលដ្ឋាននានា ជាពិសេសមូលដ្ឋានជាប់ព្រំដែននៃប្រទេសទាំងពីរកាន់តែមានប្រសិទ្ធភាព។

ភាគីទាំងពីរបានសម្របសម្រួលយ៉ាងល្អក្នុងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ ធានាការថែរក្សាស្ថិរភាពនយោបាយ និងសង្គមរបស់ប្រទេសនីមួយៗ រក្សាសន្តិសុខ និងសុវត្ថិភាពលើព្រំដែនគោក និងសមុទ្រ។ ទន្ទឹមនឹងនោះ បានសម្របសម្រួលយ៉ាងសកម្មនៅវេទិកាអន្តរជាតិ និងតំបន់ ជាពិសេសក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) និងវេទិកាសហប្រតិបត្តិការអនុតំបន់មេគង្គ។

ប្រសិនបើយើងពិនិត្យឱ្យបានកាន់តែស៊ីជម្រៅនូវទំនាក់ទំនងរវាងប្រទេសទេសទាំងពីរ តាំងពីដើមរៀងរហូតមកទល់បច្ចុប្បន្ននេះ ហើយជាពិសេសនៅក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ បក្ស​ និងរដ្ឋនៃប្រទេសទាំងពីរ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃប្រទេសទាំងពីរនោះយើងពិតជាបានឃើញថា ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមកជាប្រចាំ ហើយប្រទេសទាំងពីរតែងតែធ្វើការពិភាក្សាគ្នា ដើម្បីស្វែងរកដំណោះស្រាយរាល់បញ្ហាដែលនោះសេសសល់ ព្រមទាំងបញ្ហាដែលកំពុងកើតមានថ្មីៗចំពោះមុខទាំងក្នុងតំបន់និងនៅលើឆាកអន្តរជាតិ សំដៅរក្សាឱ្យបានស្ថិរភាពលើគ្រប់វិស័យនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាក្នុង តំបន់។

លោក អ៊ុច លាង សង្កត់ធ្ងន់ថា ដោយឈរលើស្មារតី “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថិររភាពយូរអង្វែង” នេះ ប្រទេសទាំងពីរនឹងបន្តរក្សាទំនាក់ទំនងដ៏ល្អនេះ ក៏ដូចជានឹងសម្រេចឱ្យបាននូវរាល់កិច្ចព្រមព្រៀងនានាដែលបានឯកភាពកន្លងមក ហើយក៏បន្តពិភាក្សាគ្នាស្វែងរកដំណោះស្រាយចំពោះរាល់ចំណុចដែលនៅសេសសល់ជាបន្តបន្ទាប់ទៀត។ ដូច្នេះ ៥៨ ឆ្នាំនៃទំនាក់ទំនងការទូតរវាងប្រទេសទាំង២ គឺ ប្រទេសទាំងពីរបានឆ្លងកាត់ការសាកល្បង ការហាត់ពត់លត់ដំគ្រប់ទិដ្ឋភាពនយោបាយ គ្រប់សម័យកាល ហើយកសាងបាននូវមូលដ្ឋានគ្រឹះដ៏រឹងមាំ បូករួមនឹងគោលនយោបាយការបរទេសរបស់ប្រទេសទាំងពីរមានភាពប្រហាក់ប្រហែលគ្នាទៀតនោះ នឹងបង្កើតបានជាសន្ទុះជំរុញឱ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរអង្វែងរវាងកម្ពុជានិងវៀតណាម កាន់តែរឹងមាំបន្ថែមទៀត គឺឱ្យឡើងដល់កម្រិតកំពូលថ្មីមួយ កាន់តែការរីកចម្រើន កាន់តែច្បាស់លាស់ កាន់តែស៊ីជម្រៅ កាន់តែមានប្រសិទ្ធភាពលើគ្រប់វិស័យ និងបានក្លាយជាទ្រព្យសម្បត្តិរួមរបស់ប្រជាជាតិទាំងពីរ ដែលមិនអាចកាត់ថ្លៃបាន និងធានាបានស្ថិរភាពយូរអង្វែង មិនអាចរង្គោះរង្គើរបានឡើយ។ ប្រទេសទាំងពីរនឹងប្រកៀកស្មាគ្នាយ៉ាងជិតស្និទ្ធបន្ថែមទៀត ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យក្លាយជាប្រទេសអភិឌ្ឍន៍នៅឆ្នាំ២០៥០ របស់កម្ពុជា និងចក្ខុវិស័យឆ្នាំ២០៤៥ ក្លាយជាប្រទេសអភិឌ្ឍន៍របស់វៀតណាម"៕

បកប្រែដោយ Duy Hoan