ពិនិត្យមើលការវិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងវៀតណាម-ឡាតវី នាពេលថ្មីៗនេះ លោក To Lam អគ្គលេខាបក្ស បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនឡាតវី សម្រាប់ការគាំទ្រ និងជំនួយដ៏មានតម្លៃដល់វៀតណាមក្នុងអំឡុងឆ្នាំដ៏លំបាកនាពេលអតីតកាល លោកអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់អភិវឌ្ឍទំនាក់ទំនងជាមួយមិត្តជាប្រពៃណី ក្នុងនោះមានឡាតវី ដែលជាដៃគូសំខាន់ៗរបស់វៀតណាមក្នុងតំបន់។
លោកអគ្គលេខាបក្សបានវាយតម្លៃខ្ពស់ និងអបអរសាទរដល់ប្រទេសឡាតវី ចំពោះសមិទ្ធផលរបស់ខ្លួនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសតួនាទីត្រួសត្រាយក្នុងវិស័យព័ត៌មានវិទ្យា បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) បញ្ញាសិប្បនិម្មិត (AI) និងសន្តិសុខតាមអ៊ីនធឺណិត ដែលជាផ្នែកសំខាន់ក្នុងដំណើរការធ្វើបរិវត្តកម្មឌីជីថលជាសាកលបច្ចុប្បន្ន ដោយហេតុនេះបង្កើនកិត្យានុភាពរបស់ប្រទេសឡាតវី។
    |
 |
លោក To Lam អគ្គលេខាបក្សទទួលជួបលោក Gitanas Nauseda ប្រធានាធិបតីនៃសាធារណរដ្ឋឡាតវី |
លោកប្រធានាធិបតីឡាតវី បានអះអាងថា លោកយកចិត្តទុកដាក់ចំពោះតួនាទី និងកិត្យានុភាពរបស់វៀតណាមនៅក្នុងតំបន់ក៏ដូចជាក្នុងពិភពលោក ហើយមានបំណងចង់ជំរុញទំនាក់ទំនងជាមួយវៀតណាមបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
ក្នុងជំនួបនេះ លោក To Lam អគ្គលេខាបក្ស និងលោក Nauseda ប្រធានាធិបតី បានពិភាក្សាអំពីទិសដៅផ្លាស់ប្តូរទំនាក់ទំនងជាប្រពៃណីរវាងប្រទេសទាំងពីរ វិធានការសំខាន់ៗជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ ថាមពល កសិកម្ម ការងារ... និងការចូលរួមកាន់តែស៊ីជម្រៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ រួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។
ចែករំលែកទស្សនៈស្តីពីបញ្ហាអន្តរជាតិ និងតំបន់ដែលមានការយកចិត្តទុកដាក់ដូចគ្នា ភាគីទាំងពីរបានឯកភាពបន្តពង្រឹងការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគីដូចជាអង្គការសហប្រជាជាតិ (UN), ASEM និងក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុប។ ភាគីទាំងពីរបានអះអាងការគាំទ្រចំពោះច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រខាងកើត។
    |
 |
លោក Luong Cuong ប្រធានរដ្ឋ និងលោកជំទាវ ទទួលស្វាគមន៍លោក Gitanas Nauseda |
* គួរឱ្យរំលឹកដែរថា នាព្រឹកថ្ងៃទី១២ មិថុនា នៅវិមានប្រធានរដ្ឋ លោក Luong Cuong ប្រធានរដ្ឋ និងលោកជំទាវ បានរៀបចំពិធីទទួលស្វាគមន៍លោក Gitanas Nauseda ប្រធានាធិបតី និងលោកជំទាវ ដែលមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។
ភ្លាមៗបន្ទាប់ពីពិធីស្វាគមន៍ជាផ្លូវការ លោក Luong Cuong ប្រធានរដ្ឋ និងលោក Gitanas Nauseda ប្រធានាធិបតីបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរចូលជួបពិភាក្សា។ ក្នុងជំនួបពិភាក្សានេះ តាងនាមបក្ស រដ្ឋ និងប្រជាជនវៀតណាម លោក Luong Cuong ប្រធានរដ្ឋបានសង្កត់ធ្ងន់ថា នេះគឺជាដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រលើកដំបូងរបស់ប្រមុខរដ្ឋចាប់តាំងពីប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ ១៩៩២ ហើយបង្កើតឱកាស និងកិច្ចសហប្រតិបត្តិការថ្មីៗជាច្រើនផងដែរ។ លោកអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងមានបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយឡាតវី ដែលជាដៃគូប្រពៃណីសំខាន់របស់វៀតណាមក្នុងតំបន់ លើវិស័យនយោបាយ និងការទូត។ ភាគីទាំងពីរបានឯកភាពបន្តបង្កើនជំនួប និងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់ តាមរយៈគ្រប់បណ្តាញរបស់បក្ស រដ្ឋ រដ្ឋាភិបាល រដ្ឋសភា និងជំនួបរវាងប្រជាជននិងប្រជាជន ដើម្បីពង្រឹងទំនុកចិត្តនយោបាយ ការយោគយល់គ្នាទៅវិញទៅមក និងជាមូលដ្ឋានគ្រឹះសម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ។
អំពីសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ប្រមុខរដ្ឋទាំងពីរបានអះអាងថា នេះជាសសរស្តម្ភសំខាន់ក្នុងទំនាក់ទំនងទ្វេភាគី។ ប្រទេសទាំងពីរនៅតែមានសក្តានុពលជាច្រើនក្នុងការបង្កើនការផ្លាស់ប្តូរទំនិញ និងពង្រីកយន្តការសហប្រតិបត្តិការ ដូចជាការជំរុញការបង្កើតគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
ថ្នាក់ដឹកនាំទាំងពីរបានអះអាងថា ប្រទេសទាំងពីរមានផលិតផលកសិកម្មគុណភាពខ្ពស់ជាច្រើនដែលអាចបំពេញបន្ថែមគ្នាទៅវិញទៅមក ហើយអាចសហការកែច្នៃផលិតផលកសិកម្ម ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងសន្តិសុខស្បៀង។
ភាគីទាំងពីរបានឯកភាពជំរុញការចែករំលែកបទពិសោធន៍ បង្កើនកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាព័ត៌មាន បច្ចេកវិទ្យាហិរញ្ញវត្ថុ បញ្ញាសិប្បនិម្មិត ការផ្លាស់ប្តូរបៃតង ថាមពលកកើតឡើងវិញ ដោយបញ្ជាក់ថា ទាំងនេះគឺជាវិស័យសំខាន់ជាពិសេសក្នុងដំណើរការអភិវឌ្ឍន៍នៃប្រទេសនិមួយៗ។
ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខស្របតាមច្បាប់អន្តរជាតិ និងគោលនយោបាយ និងច្បាប់របស់ប្រទេសនីមួយៗ ជាពិសេសលើវិស័យបង្ការ និងត្រួតពិនិត្យឧក្រិដ្ឋកម្ម សុវត្ថិភាពព័ត៌មាន និងសន្តិសុខ រួមចំណែកដល់សន្តិភាព និងសន្តិសុខរួម។
ពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ដូចគ្នា លោក Luong Cuong ប្រធានរដ្ឋបានស្នើឱ្យប្រទេសឡាតវី បន្តគាំទ្រគោលជំហរអាស៊ាន និងវៀតណាមនៅសមុទ្រខាងកើត ដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និង UNCLOS ឆ្នាំ១៩៨២ រួមចំណែករក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព សេរីភាពនាវាចរណ៍ និងអាកាសចរណ៍ក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក។
    |
 |
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ជួបសន្ទនាជាមួយលោក Gitanas Nauseda |
* នារសៀលថ្ងៃទី ១២ មិថុនា នៅវិមានរដ្ឋសភា លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានជួបសន្ទនាជាមួយលោក Gitanas Nauseda។ លោកប្រធានរដ្ឋសភាបានសង្កត់ធ្ងន់លើតួនាទីនៃការទូតសភាក្នុងការបង្កើនការយល់ដឹង ពង្រឹងទំនុកចិត្តនយោបាយ និងជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសតាមរយៈការជំរុញ និងត្រួតពិនិត្យការអនុវត្តកិច្ចព្រមព្រៀង ធ្វើឲ្យល្អឥតខ្ចោះនូវក្របខ័ណ្ឌច្បាប់ ដើម្បីសម្រួលដល់សកម្មភាពសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងឡាតវី។ លោកបានស្នើឱ្យភាគីទាំងពីរបន្តជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ សម្របសម្រួលយ៉ាងជិតស្និទ្ធនៅវេទិកាសភាពហុភាគី ដូចជាសហភាពអន្តរសភា (IPU) និងវេទិកាសភាអាស៊ី-អឺរ៉ុប (ASEP)
លោក Nauseda ប្រធានាធិបតី បានឯកភាពជាមួយវៀតណាមក្នុងការជំរុញយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការច្នៃប្រឌិត និងការធ្វើបរិវត្តកម្មឌីជីថល ការអប់រំ-បណ្តុះបណ្តាល វប្បធម៌ និងការផ្លាស់ប្តូរប្រាស្រ័យរវាងប្រជាជន និងប្រជាជន។ លោក Nauseda ប្រធានាធិបតី បានអះអាងថា ឡាតវីនឹងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយវៀតណាមនៅអង្គការអន្តរជាតិ និងវេទិកាពហុភាគី ជាពិសេសនៅអង្គការសហប្រជាជាតិ និងសង្កត់ធ្ងន់លើការគាំទ្រចំពោះការដោះស្រាយវិវាទទាំងអស់ដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ និង UNCLOS ឆ្នាំ ១៩៨២ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ក៏ដូចជានៅក្នុងពិភពលោក៕
បកប្រែដោយ Minh Trung