នៅក្នុងជំនួបនេះ លោកស្រី Nguyen Thi Thanh បានសង្កត់ធ្ងន់ថា បន្ទាប់ពីរយៈពេលជាង ៣០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងកំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ល្អបំផុត ហើយទំនុកចិត្តនយោបាយរវាងប្រទេសទាំងពីរត្រូវបានពង្រឹងដោយឥតឈប់ឈរ ក្នុងនោះមានការរួមចំណែកជាវិជ្ជមានរបស់សភានៃប្រទេសទាំងពីរ។ លោកស្រីអនុប្រធានរដ្ឋសភាបានអះអាងថា រដ្ឋសភា និងរដ្ឋាភិបាលវៀតណាមតែងតែផ្តល់អាទិភាពខ្ពស់លើការលើកកម្ពស់សមភាពយេនឌ័រ លើកកំពស់តួនាទីនៃស្ត្រី និងកសាងគ្រួសារប្រកបដោយចីរភាព និងវឌ្ឍនភាព។

leftcenterrightdel
លោកស្រី Nguyen Thi Thanh ទទួលជួបលោកស្រី Lee In-sun (រូបថត៖ quochoi.vn)

លោកស្រីអនុប្រធានរដ្ឋសភាបានស្នើឲ្យគណៈកម្មាធិការសម្រាប់សមភាពយេនឌ័រ និងក្រុមគ្រួសារនៃសភាកូរ៉េខាងត្បូង សហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធរបស់វៀតណាម ដើម្បីជំរុញការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់នៃសភារបស់ប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូររវាងសមាជិកសភា និងសមាជិកសភាវ័យក្មេងនៃប្រទេសទាំងពីរ ហើយលើកកំពស់តួនាទីជាស្ពានតភ្ជាប់របស់ក្រុមសមាជិកសភាមិត្តភាពនៃប្រទេសនីមួយៗ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងការពិនិត្យឡើងវិញ វាយតម្លៃការអនុវត្ត និងសុក្រិតគោលនយោបាយការពារសិទ្ធិនៃស្ត្រីអន្តោប្រវេសន៍នៅក្នុងប្រទេសនីមួយៗ។

ទន្ទឹមនឹងនោះ ភាគីទាំងពីរគួរតែបង្កើនការផ្លាស់ប្តូរជំនាញវិជ្ជាជីវៈរវាងគណៈកម្មាធិការ និងស្ថាប័នពាក់ព័ន្ធដែលទទួលបន្ទុកយេនឌ័រ កុមារ និងគ្រួសារ ហើយអនុវត្តកម្មវិធីបណ្តុះបណ្តាល ចែករំលែកបទពិសោធន៍ និងការផ្លាស់ប្តូរដើម្បីលើកកម្ពស់សមត្ថភាពនីតិប្បញ្ញត្តិ។

រីឯលោកស្រី Lee In-sun បានបញ្ជាក់ថា កូរ៉េខាងត្បូងតែងតែយកចិត្តទុកដាក់ និងផ្តល់អាទិភាពដល់វិស័យសមភាពយេនឌ័រក្នុងសកម្មភាពរបស់ខ្លួន។ គណៈកម្មាធិការសម្រាប់សមភាពយេនឌ័រ និងក្រុមគ្រួសារនៃសភាកូរ៉េខាងត្បូង នឹងបន្តរួមដំណើរ និងសហការសជាមួយស្ថាប័នពាក់ព័ន្ធរបស់វៀតណាមដើម្បីកសាងបរិយាកាសសុវត្ថិភាព និងសមភាពសម្រាប់ស្ត្រី និងកុមារក្នុងគ្រួសារពហុវប្បធម៌ ហើយបង្កើនជំនួបប្រាស្រ័យរវាងប្រជាជន និងប្រជាជនប្រកបដោយនិរន្តរភាព និងអរិយធម៌ រួមចំណែកដល់វឌ្ឍនភាពរួមនៃពិភពលោកទាំងមូល។

នៅក្នុងជំនួបនេះ ភាគីទាំងពីរក៏បានចែករំលែកបទពិសោធន៍ក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានប្រកបដោយប្រសិទ្ធភាព រួមទាំង សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតសម្រាប់ស្ត្រី និងកុមារ៕

បកប្រែដោយ Thuy Anh