ជំរុញកិច្ចសហប្រតិបត្តិការវៀតណាម-EIB ក្នុងការជួយសម្រួលនូវឥណទានសម្រាប់គម្រោងថាមពលបៃតង
កប.អនឡាញ - នារសៀលថ្ងៃទី១៣ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោកស្រី Nicola Beer អនុប្រធានធនាគារវិនិយោគអឺរ៉ុប (EIB)។
នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីបានអះអាងថា ទំនាក់ទំនងរវាងវៀតណាម និង EU គឺជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការសន្តិភាព ព្រមទាំងមានបំណងចង់ធ្វើឲ្យទំនាក់ទំនងទ្វេភាគីឲ្យកាន់តែអភិវឌ្ឍយ៉ាងស៊ីជម្រៅ។ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងជាមួយ EU និងកិច្ចសហប្រតិបត្តិការវៀតណាម-EIB។
    |
 |
លោក Tran Hong Ha ឧបនាយករដ្ឋមន្ត្រី ទទួលជួបលោកស្រី Nicola Beer អនុប្រធានធនាគារវិនិយោគអឺរ៉ុប (EIB) (រូបថត៖ vnanet.vn) |
លោកឧបនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះរាល់គំនិតផ្តួចផ្តើមរបស់ EIB លើកម្ចីឥណទានសម្រាប់គម្រោងថាមពលរបស់វៀតណាម ដើម្បីអនុវត្តកិច្ចព្រមព្រៀងស្ដីពីការធ្វើបរិវត្តកម្មថាមពលដោយយុត្តិធម៌ (JETP) ជាពិសេសគម្រោងថាមពលខ្យល់នៅលំហសមុទ្រ និងប្រព័ន្ធក្រឡាចត្រង្គឆ្លាតវៃ។ ទន្ទឹមនឹងនោះ វៀតណាមកំពុងកែសម្រួលផែនការអភិវឌ្ឍន៍អគ្គិសនីជាតិសម្រាប់ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ (ផែនការអគ្គិសនីជាតិលេខ៨) ដើម្បីបន្ថែមប្រភពថាមពលមូលដ្ឋាន អគ្គិសនីដុតឧស្ម័ន អគ្គិសនីជីវម៉ាស ថាមពលកកើតឡើងវិញ...ដើម្បីបំពេញតម្រូវការនៃកំណើនសេដ្ឋកិច្ចពីរខ្ទង់នាពេលខាងមុខ។ លោកឧបនាយករដ្ឋមន្ត្រីក៏បានជម្រាបជូនលោកស្រី Nicola Beer អំពីគម្រោងបៃតងដែល EIB អាចពិចារណាលើការគាំទ្រឥណទាន គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍បៃតង...
ដោយថ្លែងអំណរគុណចំពោះលោកឧបនាយករដ្ឋមន្រ្ដីដែលបានចំណាយពេលវេលាទទួលស្វាគមន៍ លោកស្រី Nicola Beer បានវាយតម្លៃលើសកម្មភាពរបស់វៀតណាមក្នុងបំណងអនុវត្តកិច្ចព្រមព្រៀងស្ដីពីការធ្វើបរិវត្តកម្មថាមពលដោយយុត្តិធម៌ (JETP)។ លោកស្រី Nicola Beer បានឲ្យដឹងថា នាពេលខាងមុខ EIB នឹងផ្តោតលើការជម្រុញឥណទានអនុគ្រោះសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនបៃតង ថាមពលបៃតង គាំទ្រការធ្វើបរិវត្តកម្មបៃតង និងការកាត់បន្ថយការបំភាយឧស្ម័នសម្រាប់សហគ្រាសធុនតូច និងមធ្យម...
ទន្ទឹមនឹងនោះ EIB អះអាងថា នឹងបន្តចែករំលែកបទពិសោធន៍ជាមួយដៃគូវៀតណាមក្នុងការប្រមូលធនធានហិរញ្ញវត្ថុបៃតង កសាងយន្តការ និងដំណោះស្រាយហិរញ្ញវត្ថុ ដើម្បីគាំទ្រគម្រោងថាមពលកកើតឡើងវិញ កាត់បន្ថយការបំភាយឧស្ម័ន និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ៕
បកប្រែដោយ Thuy Anh