ជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ ពាណិជ្ជកម្ម និងអប់រំ វៀតណាម-កូរ៉េខាងត្បូង
កប.អនឡាញ - នារសៀលថ្ងៃទី៣០ ខែវិច្ឆិកា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅសន្និសីទស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ពាណិជ្ជកម្ម និងអប់រំ វៀតណាម-កូរ៉េខាងត្បូង។
សន្និសីទនេះត្រូវបានធ្វើឡើងសំដៅតភ្ជាប់អង្គភាពអាជីវកម្ម បង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ធនធានមនុស្សសម្រាប់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងអភិវឌ្ឍមុខរបររបស់ជនជាតិភាគតិច រួមចំណែកក្នុងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព។
|
|
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម និងអប់រំ វៀតណាម-កូរ៉េខាងត្បូង |
ថ្លែងក្នុងសន្និសីទនេះ លោក Kim Hyun ប្រធានមន្ទីរទេសចរណ៍ខេត្ត Chungbuk ប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់ថា៖ “បច្ចុប្បន្ន វៀតណាមជាប្រទេសនាំមុខគេនៅអាស៊ីអាគ្នេយ៍ និងជាប់ចំណាត់ថ្នាក់ទី ៤ លើពិភពលោក ទាក់ទងនឹងចំនួនភ្ញៀវអន្តរជាតិមកទស្សនាខេត្ត Chungbuk។ ប្រការនេះបង្ហាញពីទំនាក់ទំនងសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងវៀតណាម និងខេត្ត Chungbuk ក្នុងវិស័យជាច្រើន។ យើងនៅទីនេះដើម្បីស្វែងរកផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយនិរន្តរភាព តាមរយៈវប្បធម៌ ទេសចរណ៍ និងការអប់រំរវាងប្រទេសទាំងពីរ។ នាពេលខាងមុខ មន្ទីរទេសចរណ៍ខេត្ត Chungbuk នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម តាមរយៈការអភិវឌ្ឍផលិតផលទេសចរណ៍រួមគ្នា ការរៀបចំសន្និសីទអន្តរជាតិ ការផ្លាស់ប្តូរនិស្សិតអន្តរជាតិ និងសកម្មភាពវប្បធម៌ និងសិល្បៈ។ល។ យើងខ្ញុំនឹងខិតខំប្រឹងប្រែងដោយឥតឈប់ឈរ ដើម្បីមិនត្រឹមតែរឹតបន្តឹងទំនាក់ទំនងរវាងមូលដ្ឋានរបស់យើង និងវៀតណាមប៉ុណ្ណោះទេ ថែមទាំងពង្រឹងទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ”។
លោក Nguyen Tran Quang នៅមជ្ឈមណ្ឌលជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ទីក្រុងហាណូយ បានឲ្យដឹងថា៖ “ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទេសចរណ៍គឺជាស្ពានដ៏សំខាន់មួយតភ្ជាប់ទេសចរណ៍ហាណូយជាមួយអង្គភាពអាជីវកម្ម និងមូលដ្ឋាននៅកូរ៉េខាងត្បូង”។ ភ្ញៀវទេសចរកូរ៉េខាងត្បូងជាប់ចំណាត់ថ្នាក់លេខមួយក្នុងចំនួនភ្ញៀវទេសចរអន្តរជាតិមកទីក្រុងហាណូយ។ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ប្រជាជនហាណូយកាន់តែច្រើនឡើងៗបានមកទស្សនាប្រទេសកូរ៉េខាងត្បូង។ ខ្ញុំគិតថា យើងត្រូវពង្រឹងការតភ្ជាប់ដើម្បីអភិវឌ្ឍផលិតផលទេសចរណ៍ ជាពិសេសផលិតផលទេសចរណ៍វប្បធម៌ ម្ហូបអាហារ និងរមណីយដ្ឋាន។ យើងក៏ត្រូវជំរុញ និងផ្សព្វផ្សាយវិស័យទេសចរណ៍ទាំងសងខាង; ប្រើប្រាស់បច្ចេកវិទ្យាក្នុងសកម្មភាពទេសចរណ៍...”៕
បកប្រែដោយ Huyen Trang