សមាគមជំរុញការអភិវឌ្ឍភាពយន្តវៀតណាមលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ
កប.អនឡាញ - នាថ្ងៃទី ២៧ ខែវិច្ឆិកា នៅទីក្រុងហាណូយ សមាគមជំរុញការអភិវឌ្ឍន៍ភាពយន្តវៀតណាម (VFDA) បានរៀបចំមហាសន្និបាតតំណាងនីតិកាលទី ២ អាណត្តិ ២០២៤-២០២៩។
លោក Le Thanh Long ឧបនាយករដ្ឋមន្ត្រី និងលោក Ta Quang Dong អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បានអញ្ជើញចូលរួមមហាសន្និបាត។
ថ្លែងមតិនៅមហាសន្និបាត លោកស្រីបណ្ឌិត Ngo Phuong Lan ប្រធានសមាគមបានឲ្យដឹងថា៖ ក្នុង៥ឆ្នាំកន្លងទៅ សមាគមសម្រេចបានសមិទ្ធិផលគួរឲ្យកត់សម្គាល់ ចាប់ពីការរៀបចំព្រឹត្តិការណ៍ភាពយន្តធំៗ រហូតដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យភាពយន្ត ដែលផ្សារភ្ជាប់នឹងការផ្សព្វផ្សាយរូបភាពប្រទេសវៀតណាម រួមចំណែកដល់ការអភិវឌ្ឍទេសចរណ៍។ កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរទាំងនេះបានបង្កើតកម្លាំងចលករសម្រាប់អង្គការសមាជិក និងសមាជិកនៃសមាគម អង្គភាពភាពយន្ត និងអ្នកកាន់មុខតំណែងសំខាន់ៗក្នុងសកម្មភាពភាពយន្តនៅវៀតណាម ព្រមទាំងបញ្ជាក់ពីតួនាទីរបស់ VFDA ជាអង្គការត្រួសត្រាយផ្លូវក្នុងការអភិវឌ្ឍឧស្សាហកម្មភាពយន្តជាតិ។
លទ្ធផលលេចធ្លោមួយចំនួនរបស់សមាគមក្នុងអាណត្តិដំបូងរួមមាន ការបង្កើតនិងការសហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុង Da Nang រៀបចំពិធីបុណ្យភាពយន្តអាស៊ី Da Nang (DANAFF) ប្រកបដោយជោគជ័យ ហើយនេះក៏ជាពិធីបុណ្យភាពយន្តអន្ដរជាតិប្រចាំឆ្នាំដំបូងនៅវៀតណាម រួមទាំងការផ្សព្វផ្សាយភាពយន្តវៀតណាមនៅលើឆាកអន្តរជាតិ និងការ អភិវឌ្ឍទេពកោសល្យវ័យក្មេង និងគំនិតផ្តួចផ្តើមសម្រាប់សហគមន៍…
ក្នុងអាណត្តិ ២០២៤- ២០២៩ VFDA បន្តជំរុញ និងផ្សព្វផ្សាយភាពយន្ត ពង្រីកបណ្តាញសមាជិកភាពរបស់ខ្លួន និងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ។ នៅចុងបញ្ចប់ មហាសន្និបាតបានបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការប្រតិបត្តិមួយដែលមានសមាជិកចំនួន ២៥ រូប ក្នុងនោះ លោកស្រី Ngo Phuong Lan បានជាប់ឆ្នោតជាប្រធាន VFDA ជាថ្មីម្តងទៀត៕
បកប្រែដោយ Pham Diep