បង្កើតរបកគំហើញសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានវាយតម្លៃខ្ពស់ចំពោះតួនាទី និងការរួមវិភាគទានដ៏សំខាន់របស់លោក Abdulla bin Touq Al Mari រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ជាពិសេសការបញ្ចប់ការចរចាលើកិច្ចព្រមព្រៀង CEPA។
នាពេលខាងមុខ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យភាគីទាំងពីរជំរុញកិច្ចសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ ដើម្បីតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរឱ្យកាន់តែជិតស្និទ្ធថែមទៀត បង្កើតរបកគំហើញក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងជំរុញការបំពេញបន្ថែមគ្នាទៅវិញទៅមក ជាពិសេសលើការកសាងគោលនយោបាយ អភិវឌ្ឍន៍មណ្ឌលហិរញ្ញវត្ថុ មជ្ឈមណ្ឌលពាណិជ្ជកម្មសេរី អង្គភាពអាជីវកម្មទាក់ទាញអ្នកមានទេពកោសល្យ ការលើកកម្ពស់ការស្រាវជ្រាវ ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងនវានុវត្តន៍; ពង្រឹងការរៀបចំសកម្មភាពជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការតភ្ជាប់អង្គភាពអាជីវកម្ម; ជំរុញការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន កិច្ចសហប្រតិបត្តិការទេសចរណ៍ និងការបើកការហោះហើរត្រង់រវាងប្រទេសទាំងពីរ។
|
|
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោក Abdulla bin Touq Al Mari រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច UAE (រូបថត៖ vnanet.vn) |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ក៏បានស្នើឱ្យ UAE បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការនាំចូលផលិតផលដែលជាប្រៀបខ្លាំងរបស់វៀតណាម ដូចជាកសិផល ជលផល បន្លែ និងផ្លែឈើស្រស់ អាហារកែច្នៃ...; ជំរុញកិច្ចសហប្រតិបត្តិការ និងគាំទ្រការអភិវឌ្ឍឧស្សាហកម្មហាឡាល់នៅវៀតណាម; ឆ្ពោះទៅរកគោលដៅនៃទំហំពាណិជ្ជកម្មទ្វេភាគីចំនួន ១០ ពាន់លានដុល្លារអាមេរិក។
លោករដ្ឋមន្ត្រី Abdulla bin Touq Al Mari បានថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចំពោះការប្តេជ្ញាចិត្ត និងការគាំទ្រយ៉ាងសកម្មក្នុងដំណើរការចរចានៃកិច្ចព្រមព្រៀង CEPA។ លោកបានបញ្ជាក់ថា ភាគី UAE រីករាយណាស់ ដោយទន្ទឹងរង់ចាំការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ព្រមទាំងមានបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការ ដើម្បីទាញយកអត្ថប្រយោជន៍ពេញលេញនៃកាលានុវត្តភាពដែលនាំមកដោយកិច្ចព្រមព្រៀង បង្កើតរបកគំហើញក្នុងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។
ជាពិសេស លោករដ្ឋមន្ត្រី Abdulla bin Touq Al Mari បានចាត់ទុកថា UAE មានបំណងចង់រៀបចំសន្និសីទវិនិយោគទ្រង់ទ្រាយធំនៅវៀតណាម ដោយមានការចូលរួមពីសាជីវកម្ម និងធុរកិច្ចឈានមុខគេក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងវាគ្មិនដ៏មានកិត្យានុភាពដើម្បីចែករំលែកបទពិសោធន៍ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងទាក់ទាញការវិនិយោគពី UAE និងពិភពលោកទៅកាន់វៀតណាម។
ស្នើឱ្យ UAE គាំទ្រការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិនៅវៀតណាម
នាថ្ងៃដដែល លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមានជំនួបជាមួយលោក Mohamed bin Hassan Alsuwaidi រដ្ឋមន្ត្រីក្រសួងវិនិយោគ UAE។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រីកទំនាក់ទំនងសហប្រតិបត្តិការវិនិយោគជាមួយតំបន់មជ្ឈិមបូព៌ា ក្នុងនោះ UAE ជាចំណុចសំខាន់មួយ។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិត្យានុភាពរបស់ UAE ក្នុងនាមជាអ្នកវិនិយោគធំជាងគេនៅក្នុងពិភពអារ៉ាប់ ជាមួយនឹងការវិនិយោគទុនរាប់ពាន់លានដុល្លារអាមេរិកនៅបរទេស និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ចំនួន ៣៥ ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៣។ លោកបានបញ្ជាក់ថា UAE គឺជាដៃគូអាទិភាពមួយក្នុងចំណោមដៃគូអាទិភាពរបស់វៀតណាមក្នុងវិស័យវិនិយោគ។
|
|
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោក Mohamed bin Hassan Alsuwaidi រដ្ឋមន្ត្រីក្រសួងវិនិយោគ UAE (រូបថត៖ vnanet.vn) |
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា កាលានុវត្តភាព និងសក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគរវាងវៀតណាម និង UAE មានច្រើនណាស់។ លោកបានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចលើកនេះ ភាគីទាំងពីរនឹងតម្លើងទំនាក់ទំនង និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង CEPA វៀតណាម-UAE; បន្ទាប់មក រៀបចំផែនការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ ដើម្បីសម្រេចបាននូវគោលដៅនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០ ពាន់លានដុល្លារអាមេរិក។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានឲ្យដឹងថា៖ វៀតណាមផ្តល់អាទិភាពទាក់ទាញការវិនិយោគក្នុងវិស័យបច្ចេកវិទ្យាខ្ពស់ អេឡិចត្រូនិក បន្ទះឈីប-semiconductor នវានុវត្តន៍ បញ្ញាសិប្បនិមិត្ត... សមស្របនឹងប្រៀបខ្លាំងរបស់ UAE ក៏ដូចជានិន្នាការពិភពលោក។ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឲ្យក្រសួងវិនិយោគ UAE ចែករំលែកបទពិសោធន៍ក្នុងការទាក់ទាញការវិនិយោគបរទេស និងចូលរួមសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលនវានុវត្តន៍ជាតិវៀតណាម (NIC)។
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh សង្ឃឹមថា ភាគី UAE ដោយមានបទពិសោធន៍ក្នុងការអភិវឌ្ឍមជ្ឈមណ្ឌលហិរញ្ញវត្ថុ Dubai និង Abu Dhabi នឹងគាំទ្រវៀតណាមក្នុងការបង្កើតក្របខ័ណ្ឌគោលនយោបាយ និងទម្រង់អភិវឌ្ឍន៍សមស្រប; ចូលរួមក្នុងដំណើរការកសាង វិនិយោគ និងអភិវឌ្ឍន៍មជ្ឈមណ្ឌលហិរញ្ញវត្ថុនៅវៀតណាម។
លោករដ្ឋមន្ត្រីក្រសួងវិនិយោគ UAE បានបញ្ជាក់ថា UAE នឹងត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ និងគាំទ្រវៀតណាមក្នុងការកសាងមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅទីក្រុងហូជីមិញ និងទីក្រុង Da Nang។ លោកក៏បានអះអាងដែរថានឹងលើកទឹកចិត្តសាជីវកម្ម UAE វិនិយោគក្នុងគម្រោងយុទ្ធសាស្ត្រនៅវៀតណាម; សម្របសម្រួលការគាំទ្រ និងណែនាំដៃគូដ៏មានសក្តានុពលរបស់ UAE ដល់សហគ្រិន និងវិនិយោគិនវៀតណាម ដើម្បីពង្រីកប្រតិបត្តិការ និងអនុវត្តគម្រោងវិនិយោគយ៉ាងងាយស្រួលនៅ UAE៕
បកប្រែដោយ Huyen Trang