ជម្រុញឲ្យវៀតណាម និងអូស្ត្រាលីក្លាយជាដៃគូក្នុងចំណោមដៃគូពាណិជ្ជកម្មកំពូលទាំង ១០ របស់គ្នាទៅវិញទៅមក
កប.អនឡាញ - នាថ្ងៃទី ១៧ ខែតុលា ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅអូស្ត្រាលី និងធ្វើជាសហប្រធានសន្និសីទរដ្ឋមន្ត្រីការបរទេសវៀតណាម - អូស្ត្រាលី លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានជួបជាមួយលោក Don Farrell រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងទេសចរណ៍អូស្ត្រាលី។
ដោយផ្អែកលើការអភិវឌ្ឍល្អរវាងវៀតណាម និងអូស្ត្រាលីនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យ លោក Bui Thanh Son បានស្នើឲ្យលោក Don Farrell បន្តជួយឧបត្ថម្ភធុរកិច្ចអូស្ត្រាលីដែលកំពុងវិនិយោគនៅវៀតណាម បង្កើនជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន បើកផ្លួវហោះហើរត្រង់បន្ថែមទៀតរវាងប្រទេសទាំងពីរ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនវៀតណាមទៅសិក្សា ធ្វើការ និងធ្វើដំណើរទេសចរណ៍នៅអូស្ត្រាលី។
|
|
លោក Bui Thanh Son ជួបជាមួយលោក Don Farrell |
រីឯខ្លួនវិញ លោក Don Farrell បានអះអាងថា ទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគរវាងវៀតណាម និងអូស្ត្រាលីនៅតែមានសក្ដានុពលអភិវឌ្ឍន៍ច្រើន ហើយភាគីទាំងពីរគប្បីបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវសេចក្តីថ្លែងការណ៍រួមស្តីពីការលើកកំពស់ទំនាក់ទំនងក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ខិតខំជម្រុញឲ្យប្រទេសទាំងពីរក្លាយជាដៃគូក្នុងចំណោមពាណិជ្ជកម្មកំពូលទាំង ១០ របស់គ្នាទៅវិញទៅមក។
លោក Don Farrell បានឲ្យដឹងថា អូស្ត្រាលីនឹងបន្តជួយឧបត្ថម្ភវៀតណាមលើវិស័យហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់ ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធបន្សាំបម្រែបម្រួលអាកាសធាតុ ការអភិវឌ្ឍធុរកិច្ចធុនតូចនិងមធ្យម អភិវឌ្ឍន៍ធនធានមនុស្ស កសិកម្ម រ៉ែ... ព្រមទាំងបង្កើនកិច្ចសហការក្នុងយន្តការពាណិជ្ជកម្មពហុភាគីដូចជា CPTPP និង AANZFTA។
*នាថ្ងៃដដែល លោក Bui Thanh Son ក៏បានចូលរួម និងថ្លែងសុន្ទរកថានៅសិក្ខាសាលានៃវិទ្យាស្ថានគោលនយោបាយអូស្ត្រាលី-វៀតណាមផងដែរ។ នៅក្នុងសិក្ខាសាលានេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ អ្នកជំនាញការ អ្នកប្រាជ្ញ និងធុរកិច្ចនៃភាគីទាំងពីរបានពិភាក្សា និងស្វែងរកដំណោះស្រាយ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ រួមចំណែកដល់អភិវឌ្ឍន៍ និងវិបុលភាពនៃប្រទេសទាំងពីរនាពេលខាងមុខ៕
បកប្រែដោយ Thuy Anh