ផ្ទុយទៅវិញ ធុរកិច្ចវៀតណាមដែលកំពុងធ្វើអាជីវកម្មនៅបរទេស មិនត្រឹមតែរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងជួយបង្កើនកម្លាំង តួនាទី និងកេរ្តិ៍ឈ្មោះរបស់ប្រទេសវៀតណាមលើឆាកអន្តរជាតិទៀតផង។
"ស្វែងរក" ទីផ្សារសក្តានុពល
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សកម្មភាពវិនិយោគនៅបរទេសរបស់វៀតណាមទទួលបានលទ្ធផលគួឲ្យចាប់អារម្មណ៍ ហើយធុរកិច្ចកាន់តែច្រើនកំពុងស្វែងរក "ដែនដីសន្យា" សម្រាប់វិនិយោគ ធ្វើអាជីវកម្មរបស់ខ្លួន។
ទិន្នន័យពីនាយកដ្ឋានវិនិយោគបរទេស (ក្រសួងផែនការ និងវិនិយោគវៀតណាម) បានបង្ហាញថា ក្នុងរយៈពេល ១០ ខែដើមឆ្នាំ២០២៤ វៀតណាមមានគម្រោងថ្មីចំនួន ១២៤ ដែលវិនិយោគនៅបរទេស ដោយមានទុនវិនិយោគសរុបចំនួន ៤៧៣.១ លានដុល្លារអាមេរិក (កើនឡើង ១១.៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣)។ វិនិយោគិនវៀតណាមបានបណ្តាក់ទុននៅបរទេសលើ ១៥ ផ្នែក ហើយមានប្រទេស និងដែនដីចំនួន ៣០ ដែលទទួលការវិនិយោគពីវៀតណាម។
ក្នុងរយៈពេល ១០ ខែដើមឆ្នាំ២០២៤ វៀតណាមមានគម្រោងវិនិយោគនៅបរទេសដែលមានសុពលភាពចំនួន ១,៧៨៩ ដោយមានទុនវិនិយោគសរុបជាង ២២.៤ ពាន់លានដុល្លារអាមេរិក។ ប្រទេសដែលទទួលបានការវិនិយោគច្រើនជាងគេពីវៀតណាមគឺឡាវ (២៤.៨%); កម្ពុជា (១៣.១%); វេណេស៊ុយអេឡា (៨,.១%)...
តួលេខខាងលើពិតជាមានកម្រិតតិចតួច ប៉ុន្តែនៅតែត្រូវបានចាត់ទុកថាជាកម្លាំងចលករសម្រាប់ធុរកិច្ចវៀតណាមបន្តឆ្ពោះទៅការធ្វើអាជីវកម្មនៅបរទេស។ បច្ចុប្បន្ន ធុរកិច្ចវៀតណាមមានគម្រោងវិនិយោគនៅក្នុងប្រទេស និងដែនដីជាច្រើននៅអាស៊ី អាហ្វ្រិក អឺរ៉ុប និងអាមេរិកឡាទីន។
ទន្ទឹមនឹងនោះ ប្រសិនបើកាលពីអតីតកាល សកម្មភាពវិនិយោគនៅបរទេសរបស់វៀតណាមភាគច្រើនបានមកពីសាជីវកម្ម និងក្រុមហ៊ុនមេនៃរដ្ឋតាមរយៈគម្រោងធំៗ ឥឡូវនេះ សហគ្រាសឯកជនជាច្រើនបានបណ្តាក់ទុន និងសម្រេចបានជោគជ័យនៅក្នុងប្រទេស និងដែនដីជាច្រើន ដូចជា Vingroup, FPT, TH ឬ Vinamilk។ វៀតណាមក៏វិនិយោគលើវិស័យជាច្រើន ចាប់ពីសកម្មភាពក្នុងវិទ្យាសាស្ត្រ បច្ចេកវិទ្យា ប្រេងនិងឧស្ម័ន ទូរគមនាគមន៍ ឧស្សាហកម្មកែច្នៃ រហូតដល់ លក់រាយ ជួសជុលរថយន្ត ម៉ូតូ ដឹកជញ្ជូន និងឃ្លាំង...
គម្រោងវិនិយោគនៅបរទេសរបស់វៀតណាមបាន និងកំពុងមានប្រសិទ្ធភាព នាំមកនូវប្រាក់ចំណេញ និងជួយធុរកចិ្ចអភិវឌ្ឍ រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាមក៏ដូចជាប្រទេសម្ចាស់ផ្ទះដែលពួកគេវិនិយោគ។ ដោយទទួលបានភាពជោគជ័យ ធុរកិច្ចវៀតណាមមួយចំនួនកំពុងស្វែងរកវិស័យថ្មីដើម្បីធ្វើអាជីវកម្ម ហើយ "ស្វែងរក" ទីផ្សារសក្តានុពលថ្មី។
|
|
បុគ្គលិករបស់ Movitel (Viettel in Mozambique) បង្ហាញផលិតផល និងសេវាកម្មដល់អតិថិជន |
ដើរតាមធុរកិច្ចទៅឈានមុខ
បន្ទាប់ពីជោគជ័យរបស់ធុរកិច្ចដែលត្រូវបានចាត់ទុកថាជាអ្នកទៅឈានមុខក្នុងសកម្មភាពវិនិយោគអន្តរជាតិ ធុរកិច្ចវៀតណាមកាន់តែច្រើន កំពុងជម្រុញ ឬត្រៀមរៀបចំការចូលកាន់ទីផ្សារសក្តានុពលនៅបរទេស។
ក្នុងឆ្នាំនេះ ក្រុមហ៊ុន TH បានចាប់ផ្តើមគម្រោងចិញ្ចឹមគោយកទឹកដោះ និងកែច្នៃទឹកដោះគោ ជាមួយនឹងទុនវិនិយោគសរុបចំនួន ១៩ ពាន់លានរូប្ល នៅក្នុងសហព័ន្ធរុស្ស៊ី ឆ្ពោះទៅការសម្រេចបានគោលដៅវិនិយោគ ២.៧ ពាន់លានដុល្លារនៅក្នុងទីផ្សារនេះ។ ទន្ទឹមនឹងនោះដែរ ក្រុមហ៊ុន FPT បានទិញ ១០០% នៃដើមទុនរបស់ក្រុមហ៊ុនសេវាកម្មបច្ចេកវិទ្យាព័ត៌មានជប៉ុន Next Advanced Communications (NAC) - កិច្ចព្រមព្រៀងការរួមបញ្ចូលគ្នា និងការទិញយក (M&A) លើកដំបូងរបស់ FPT នៅក្នុងទីផ្សារជប៉ុន ព្រមទាំងបើកសាខាថ្មីនៅក្នុងទីផ្សារបរទេស។
នៅឆ្នាំ២០០៦ ក្រុមហ៊ុន Viettel បានចាប់ផ្តើមធ្វើអាជីវកម្មនៅទីផ្សារអន្តរជាតិជាមួយនឹងយុទ្ធសាស្ត្រ "ការផ្តល់សេវាទូរគមនាគមន៍ជាសកល" នៅកម្ពុជា ដោយបង្កើតម៉ាក មិត្តហ្វូន នៅក្នុងទីផ្សារនេះ។ មកដល់បច្ចុប្បន្ន Viettel បានក្លាយជាអ្នកវិនិយោគទូរគមនាគមន៍ដ៏សំខាន់នៅក្នុងប្រទេសជាច្រើន ដោយមានតម្លៃម៉ាកយីហោប្រមាណ ៩ ពាន់លានដុល្លារអាមេរិក ជាមួយនឹងម៉ាក Metfone (Viettel នៅកម្ពុជា), Unitel (នៅឡាវ), Telemor (នៅទីម័រខាងកើត), Lumitel (នៅ Burundi), Natcom (នៅប្រទេសហៃទី), Mytel (នៅមីយ៉ាន់ម៉ា) និង Movitel (នៅប្រទេសម៉ូសំប៊ិក)។ Viettel ក៏ជាម៉ាកទូរគមនាគមន៍តែមួយគត់នៅអាស៊ីអាគ្នេយ៍ ដែលមានវត្តមាននៅលើចំណាត់ថ្នាក់ Global 500 របស់ Brand Finance។
ជោគជ័យនៃធុរកិច្ចទៅឈានមុខ ដូចជា Viettel នាំមកនូវបទពិសោធន៍ដ៏មានតម្លៃដល់ធុរកិច្ចដែលចង់ឆ្ពោះទៅទីផ្សារនៅបរទេស។ វាជាចក្ខុវិស័យយុទ្ធសាស្ត្រ និងជាគោលនយោបាយផ្សារភ្ជាប់ជាមួយនឹងតម្រូវការការងារ និងលើកកំពស់គុណភាពនៃជីវភាពរស់នៅរបស់ប្រជាជននៅមូលដ្ឋាន។ ឧទាហរណ៍ នៅពេលដែលក្រុមហ៊ុន Viettel មកប្រទេស Burundi ជិត ៨០% នៃគ្រួសារនៅក្នុងប្រទេសដែលមានប្រជាជន ១០ លាននាក់នេះ មិនមានទូរទស្សន៍ ហើយ ៩៨% នៃប្រជាជនមិនធ្លាប់ប្រើប្រាស់អ៊ីនធឺណិត។ ប៉ុន្តែជាមួយនឹងការបង្កើតម៉ាក Lumitel អ៊ីនធឺណិតបានគ្របដណ្តប់ ១៨/១៨ ខេត្ត និងទីក្រុងនៃប្រទេស Burundi។ នៅក្នុងទីផ្សារប្រទេសប៉េរូ ក្រុមហ៊ុន Viettel បានផ្តល់អ៊ីនធឺណិតដោយឥតគិតថ្លៃដល់សាលារៀនជាង ៤,០០០។ ក្នុងរយៈពេល ១០ ឆ្នាំនៃការធ្វើអាជីវកម្មនៅទីនេះ Viettel នៅតែបន្តបំពេញបេសកកម្មបម្រើប្រជាជននៅតំបន់លំបាក។
ការចូលកាន់ទីផ្សារបរទេសគឺប្រហែលជាបំណងប្រាថ្នារបស់ធុរកិច្ចទាំងឡាយ។ នៅពេលមានឱកាស ធុរកិច្ចនីមួយៗនឹងក្លាយជាធនធានរួមចំណែកដល់យុគសម័យឈានមុខរបស់ប្រទេសជាតិ និងសម្រេចបាននូវគោលដៅជម្រុញឲ្យវៀតណាមក្លាយជាប្រទេសជាតិដែលមានចំណូលខ្ពស់និងអភិវឌ្ឍន៍៕
បកប្រែដោយ Thuy Anh