អ្នកយកព័ត៌មាន៖ សូមលោកស្រីចែករំលែកអំពីសារៈសំខាន់នៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី និងជប៉ុនរបស់លោកប្រធានរដ្ឋសភា Tran Thanh Man និងលោកជំទាវ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៧ ខែធ្នូ?

លោកស្រី Le Thu Ha៖ សិង្ហបុរីគឺជាដៃគូដ៏សំខាន់ជាចម្បងរបស់វៀតណាមនៅក្នុងតំបន់។ បន្ទាប់ពីរយៈពេលជាង ៥០ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត និងរយៈពេលជាង ១០ ឆ្នាំនៃការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ ទំនាក់ទំនងវៀតណាម-សិង្ហបុរី កំពុងអភិវឌ្ឍដោយឥតឈប់ឈរ សម្រេចបានសញ្ញាសម្គាល់សំខាន់ជាច្រើនលើគ្រប់វិស័យ និងគ្រប់បណ្តាញរបស់បក្ស រដ្ឋសភា រដ្ឋាភិបាល និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។ ភាគីទាំងពីរបានឯកភាពគ្នាលើគោលការណ៍ឆាប់តម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយតាមពេលវេលាសមស្រប។

leftcenterrightdel
លោកស្រី Le Thu Ha អនុប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា

ទន្ទឹមនឹងនោះ ទំនាក់ទំនង វៀតណាម-ជប៉ុន ត្រូវបានចាត់ទុកថាជាទំនាក់ទំនងគំរូសម្រាប់ជោគជ័យនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់វៀតណាមជាមួយដៃគូនានា។ ជប៉ុនរក្សាកិត្យានុភាពរបស់ខ្លួនជាដៃគូសេដ្ឋកិច្ចដ៏សំខាន់ជាចម្បងរបស់វៀតណាម ដៃគូជំនួយ ODA ធំជាងគេ ដៃគូធំទីពីរក្នុងកិច្ចសហប្រតិបត្តិការពលកម្ម ទីបីក្នុងការវិនិយោគ និងទេសចរណ៍ និងទីបួនក្នុងវិស័យពាណិជ្ជកម្ម។ ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងរយៈពេលកន្លងមកនេះ បានធ្វើឱ្យមានការវិវឌ្ឍន៍ខាងគុណភាព ហើយកំពុងស្ថិតក្នុងដំណាក់កាលដ៏ល្អបំផុត ជាមួយនឹងកម្រិតនៃការជឿទុកចិត្តផ្នែកនយោបាយខ្ពស់។ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់ខ្ពស់ប្រព្រឹត្តទៅជាប្រចាំ និងស្និទ្ធស្នាលលើគ្រប់បណ្តាញរបស់បក្ស រដ្ឋ និងរដ្ឋសភា។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែជិតស្និទ្ធ និងស៊ីជម្រៅ។ កិច្ចសហប្រតិបត្តិការក្នុងមូលដ្ឋាន ការផ្លាស់ប្តូរវប្បធម៌ ជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន និងកិច្ចសហប្រតិបត្តិការធនធានមនុស្សកាន់តែជិតស្និទ្ធ និងមានប្រសិទ្ធភាព។ ប្រទេសទាំងពីរទើបតែបានប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត និងតម្លើងទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងនៅលើពិភពលោក (ឆ្នាំ២០២៣)។

ក្នុងបរិបទនោះ ដំណើរទស្សនកិច្ចនៅសិង្ហបុរី និងជប៉ុនរបស់លោកប្រធានរដ្ឋសភា Tran Thanh Man មានអត្ថន័យសំខាន់ក្នុងការអនុវត្តគោលការណ៍ និងគោលនយោបាយការបរទេស របស់វៀតណាម ជំរុញទំនាក់ទំនងសហប្រតិបត្តិការតាមរយៈបណ្តាញរដ្ឋសភាវៀតណាមជាមួយសភាសិង្ហបុរី និងសភាជប៉ុន ប្រកបដោយជាក់ស្តែង និងនិរន្តរភាព ដោយហេតុនោះ រួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ វៀតណាម-សិង្ហបុរី អនុវត្តខ្លឹមសារនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-ជប៉ុន ពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងរវាងវៀតណាម ជាមួយសិង្ហបុរី និងជប៉ុនលើគ្រប់វិស័យ។

អ្នកយកព័ត៌មាន៖ សូមលោកស្រីឲ្យដឹងអំពីសកម្មភាពសំខាន់ៗដែលរំពឹងទុករបស់លោកប្រធានរដ្ឋសភាក្នុងដំណើរទស្សនកិច្ចផ្លូវការនៅសិង្ហបុរី និងជប៉ុនលើកនេះបានទេ?

លោកស្រី Le Thu Ha៖ ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចនៅសិង្ហបុរី លោកប្រធានរដ្ឋសភា Tran Thanh Man នឹងមានកិច្ចពិភាក្សា និងមានជំនួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់សិង្ហបុរី៖ លោកនាយករដ្ឋមន្ត្រី Lawrence Wong លោកប្រធានាធិបតី Tharman Shanmugaratnam លោកប្រធានរដ្ឋសភា Seah Kian Peng; មានជំនួបជាមួយសាជីវកម្មឈានមុខគេរបស់សិង្ហបុរីដែលកំពុងវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម; មានជំនួបជាមួយសហគមន៍អាណិកជនវៀតណាម កម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំសិង្ហបុរី។

នៅប្រទេសជប៉ុន លោកប្រធានរដ្ឋសភា Tran Thanh Man នឹងជួបសម្តែងការគួរសមជាមួយព្រះចៅអធិរាជ Naruhito និងម្ចាស់ក្សត្រី Masako; ជួបសម្តែងការគួរសមជាមួយលោកនាយករដ្ឋមន្ត្រី Ishiba Shigeru; ជួបពិភាក្សាជាមួយលោកប្រធានព្រឹទ្ធសភា Sekiguchi Masakazu និងលោកប្រធានសភាជាន់ទាប Nukaga Fukushiro។

តាងនាមថ្នាក់ដឹកនាំបក្ស និងរដ្ឋ លោកប្រធានរដ្ឋសភា Tran Thanh Man នឹងប្រគល់គ្រឿងឥស្សរិយយសពីលោកប្រធានរដ្ឋវៀតណាម ជូនអតីតថ្នាក់ដឹកនាំជប៉ុនមួយចំនួន; មានជំនួបជាមួយថ្នាក់ដឹកនាំនៃសម្ព័ន្ធសភាមិត្តភាពជប៉ុន-វៀតណាម ថ្នាក់ដឹកនាំគណបក្សនយោបាយធំៗរបស់ជប៉ុន សហព័ន្ធអង្គការសេដ្ឋកិច្ចជប៉ុន ក្រុមប្រឹក្សាជំរុញការទូតប្រជាជន (FEC) និងអតីតថ្នាក់ដឹកនាំមួយចំនួន ដែលជាអ្នកនយោបាយល្បីឈ្មោះដែលបានចូលរួមចំណែកក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ថ្នាក់ដឹកនាំនៃសាជីវកម្ម និងអង្គភាពអាជីវកម្មជប៉ុនធំៗមួយចំនួន អភិបាលនៃតំបន់មួយចំនួនដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយវៀតណាម; មានជំនួបជាមួយកម្មាភិបាលស្ថានទូតវៀតណាមប្រចាំទីក្រុងតូក្យូ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Fukuoka និងតំណាងសហគមន៍អាណិកជនវៀតណាមប្រចាំជប៉ុន។

អ្នកយកព័ត៌មាន៖ តាមរយៈដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋសភា Tran Thanh Man និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមលើកនេះ តើកិច្ចសហប្រតិបត្តិការសភារវាងវៀតណាមជាមួយសិង្ហបុរី និងជប៉ុន នឹងត្រូវជំរុញយ៉ាងដូចម្តេច?

លោកស្រី Le Thu Ha៖ កិច្ចសហប្រតិបត្តិការសភាគឺជាបណ្តាញដ៏សំខាន់ក្នុងទំនាក់ទំនងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការល្អរវាងវៀតណាមជាមួយសិង្ហបុរី និងជប៉ុន។ ក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម ជាមួយរដ្ឋសភាសិង្ហបុរី និងព្រឹទ្ធសភាជប៉ុនបានអភិវឌ្ឍយ៉ាងល្អប្រសើរទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។

ខ្ញុំជឿជាក់ថា ជាមួយកម្មវិធីជួបជុំ និងគោលដៅដែលបានកំណត់ ដំណើរទស្សនៈកិច្ចរបស់លោកប្រធានរដ្ឋសភា Tran Thanh Man នឹងរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងបីឲ្យកាន់តែស៊ីជម្រៅថែមទៀត តាមរយៈការជំរុញការផ្លាស់ប្តូរគណៈប្រតិភូ អនុវត្តសកម្មភាពសហប្រតិបត្តិការរវាងគណៈកម្មាធិការ និងស្ថាប័ននានានៃរដ្ឋសភា រវាងសមាជិករដ្ឋសភាវៀតណាម និងសមាជិកសភាសិង្ហបុរី និងជប៉ុន សមាជិកសភាវ័យក្មេង និងសមាជិកសភាស្ត្រី; លើកកំពស់តួនាទីជាស្ពានដ៏សំខាន់របស់សម្ព័ន្ធសមាជិកសភាមិត្តភាព និងក្រុមសមាជិកសភាមិត្តភាព ក្នុងការជំរុញការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន កិច្ចសហប្រតិបត្តិការអាជីវកម្ម និងកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន; ពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងការគាំទ្រគ្នាទៅវិញទៅមកនៅបណ្តាវេទិកា អង្គការពហុភាគី និងវេទិកាអន្តរសភាក្នុងតំបន់ និងនៅលើពិភពលោក។ល។

ជាពិសេស កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងព្រឹទ្ធសភាជប៉ុនដែលបានចុះហត្ថលេខាក្នុងអំឡុងដំណើរទស្សនកិច្ចនេះ នឹងរួមចំណែកលើកកំពស់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ភាគីទាំងពីរ ជំរុញសកម្មភាពសហប្រតិបត្តិការទ្វេភាគីក៏ដូចជានៅវេទិកាពហុភាគី រួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងនៅលើពិភពលោក ស្របតាមផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ។

អ្នកយកព័ត៌មាន៖ សូមអរគុណលោកស្រី!

បកប្រែដោយ Huyen Trang