ជម្រុញឲ្យទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងវៀតណាម និងអាមេរិក កាន់តែអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព
កប.អនឡាញ - នាថ្ងៃទី ២៧ ខែវិច្ឆិកា នៅទីក្រុងហាណូយ លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានចូលរួមកិច្ចប្រជុំកំពូលអាជីវកម្មវៀតណាម-អាមេរិកឆ្នាំ ២០២៤ ដែលរៀបចំដោយសហភាពពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) សភាពាណិជ្ជកម្មអាមេរិកប្រចាំវៀតណាម (AMCHAM) និងសភាពាណិជ្ជកម្មអាមេរិកនៅទីក្រុងវ៉ាស៊ីនតោន។
ក្នុងគោលបំណងរឹតបន្តឹងទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងអនុវត្តក្របខណ្ឌទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក ប្រតិភូបានពិភាក្សាអំពីគោលនយោបាយ និងទិសដៅដែលរដ្ឋាភិបាល និងវិស័យឯកជនគប្បីអនុវត្ត ដើម្បីធានាថាទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគវៀតណាម-អាមេរិកមានការរីកចម្រើន កាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាព។ កិច្ចប្រជុំបានផ្តោតលើការពិភាក្សាអំពីការទាញយកសក្តានុពលនៃសេដ្ឋកិច្ចឌីជីថល ដើម្បីជម្រុញកំណើន ការវិនិយោគលើនវានុវត្តន៍ ការដោះស្រាយតម្រូវការសន្តិសុខថាមពល និងអភិវឌ្ឍជាមួយនឹងសកម្មភាពជាក់ស្តែង។
|
|
លោក Pham Minh Chinh និងប្រតិភូក្នុងកិច្ចប្រជុំ (រូបថត៖ vnanet.vn) |
ថ្លែងមតិក្នុងកិច្ចប្រជុំ លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាមកំពុងផ្តោតលើការជំរុញការផ្លាស់ប្ដូរថ្មី ការច្នៃប្រឌិត ការធ្វើសមាហរណកម្មដើម្បីអភិវឌ្ឍន៍ និងបន្តកែលម្អបរិយាកាសអាជិវកម្ម ឆ្ពោះទៅរកគោលនយោបាយស្ថិរភាព កាន់តែបើកចំហ និងតម្លាភាព បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អ្នកវិនិយោគអន្តរជាតិ រួមទាំងធុរកិច្ចអាមេរិកផងដែរ។
លោក Pham Minh Chinh បានស្នើថា ធុរកិច្ចនៃប្រទេសទាំងពីរ គាំទ្រគ្នាទៅវិញទៅមកក្នុងការចូលរួមយ៉ាងស៊ីជម្រៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ថ្មី រួមចំណែកពង្រីកខ្សែសង្វាក់ផ្គត់ផ្គង់សកលនៅវៀតណាម។ ធុរកិច្ចអាមេរិកយកចិត្តទុកដាក់ដល់ការអភិវឌ្ឍគម្រោងវិនិយោគធំៗ ដើម្បីបង្កើតរបកគំហើញនៅក្នុងកិច្ចសហប្រតិបត្តិការវិនិយោគរវាងប្រទេសទាំងពីរ។ លោក Pham Minh Chinh បានស្នើថា ធុរកិច្ចអាមេរិកវិនិយោគហិរញ្ញវត្ថុ ផ្ទេរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បណ្តុះបណ្តាលធនធានមនុស្ស និងចែករំលែកបទពិសោធន៍គ្រប់គ្រងជាមួយវៀតណាម ជាពិសេសលើវិស័យសេដ្ឋកិច្ចឌីជីថល សេដ្ឋកិច្ចបៃតង គម្រោងបច្ចេកវិទ្យាខ្ពស់ អេឡិចត្រូនិក ថាមពលថ្មី មជ្ឈមណ្ឌលហិរញ្ញវត្ថុ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន ភស្តុភារ...
លោក Pham Minh Chinh អះអាងថា វៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចបរទេស រួមទាំងធុរកិច្ចអាមេរិក មកបណ្តាក់ទុន និងធ្វើអាជីវកម្មនៅវៀតណាម ហើយស្តាប់ និងពិភាក្សាដើម្បីជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែមានប្រសិទ្ធភាព។ លោក Pham Minh ជឿជាក់ថា ធុរកិច្ចនៃប្រទេសទាំងពីរនឹងក្លាយជាកម្លាំងចលករដើម្បីស្វែងរកសក្តានុពល ដើម្បីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិកមានចក្ខុវិស័យថ្មី កម្លាំងចលករថ្មី បង្កើតតម្លៃថ្មី នាំមកនូវផលប្រយោជន៍ជាក់ស្តែងសម្រាប់ភាគីទាំងពីរ៕
បកប្រែដោយ Thuy Anh