វៀតណាមត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររយៈពេលវែងជាមួយក្រុមហ៊ុន Ericsson
កប.អនឡាញ - នារសៀលថ្ងៃទី២៥ ខែវិច្ឆិកា នៅទីស្នាក់ការរដ្ឋាភិបាល លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក Borje Ekholm ប្រធាន និងជាអគ្គនាយកក្រុមហ៊ុន Ericsson (ស៊ុយអែត) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ដោយទទួលស្វាគមន៍ប្រធានក្រុមហ៊ុន Ericsson បំពេញទស្សនកិច្ចនៅវៀតណាម និងសម្ដែងនូវក្តីរីករាយចំពោះការអភិវឌ្ឍដ៏ល្អ នៃទំនាក់ទំនងវៀតណាម-ស៊ុយអែត ជាពិសេសក្នុងវិស័យនយោបាយ-ការបរទេស និងជំនួយអភិវឌ្ឍន៍ (រហូតមកដល់ពេលនេះប្រហែលជិត ៣ ពាន់លានដុល្លារអាមេរិក) ទំហំពាណិជ្ជកម្មទ្វេភាគីប្រចាំឆ្នាំគឺជាង ១ ពាន់លានដុល្លារ លោក Pham Minh Chinh បានចាត់ទុកថា វៀតណាមមានបំណងជម្រុញទំនាក់ទំនងជាមួយស៊ុយអែតឡើងកម្រិតខ្ពស់ថ្មី ជាក់ស្តែង និងមានប្រសិទ្ធភាពជាង។
លោក Borje Ekholm ប្រធានក្រុមហ៊ុន Ericsson បានឲ្យដឹងថា ក្រុមហ៊ុនមានបំណងចង់ជួយគាំទ្រវៀតណាមក្នុងការពន្លឿនដំណើរការធ្វើបរិវត្តកម្មឌីជីថលជាតិ ព្រមទាំងស្រាវជ្រាវ និងអភិវឌ្ឍផលិតផល និងបច្ចេកវិទ្យាថ្មីៗនៅវៀតណាម។
|
|
លោក Pham Minh Chinh និងលោក Borje Ekholm |
ដោយវាយតំលៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់ Ericsson នៅវៀតណាមក្នុងរយៈពេលជាង ៣០ ឆ្នាំកន្លងមក លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រុមហ៊ុន Ericsson ជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម មិនត្រឹមតែពង្រីកពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងជំរុញកិច្ចសហប្រតិបត្តិការឲ្យស៊ីជម្រៅ ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ កសាងមជ្ឈមណ្ឌលស្រាវជ្រាវអភិវឌ្ឍន៍នៅវៀតណាម ជំរុញការផ្ទេរបច្ចេកវិទ្យា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ជម្រុញបញ្ញាសិប្បនិម្មិត ជួយគាំទ្រសារជីវកម្ម និងដៃគូវៀតណាម ដើម្បីចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ល។
លោកនាយករដ្ឋមន្ត្រីក៏ប្រកាសត្រៀមជាស្រេចពិភាក្សាជាមួយក្រុមហ៊ុន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ ទូលំទូលាយ មានប្រសិទ្ធភាព អនុវត្តគម្រោង និងភារកិច្ចជាក់លាក់ប្រកបដោយប្រសិទ្ធភាពបំផុត នាពេលខាងមុខ រួមចំណែកជម្រុញទំនាក់ទំនងវៀតណាម-ស៊ុយអែតឡើងកម្រិតខ្ពស់ថ្មី។
ឯកភាពជាមួយមតិរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី លោកប្រធានក្រុមហ៊ុន Ericsson បានអះអាងថា ទីផ្សារវៀតណាមមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ Ericsson។ ទន្ទឹមនឹងនោះ ក្រុមហ៊ុន Ericsson នឹងបន្តសហប្រតិបត្តិការជាមួយវៀតណាម ហើយត្រៀមខ្លួនជាស្រេចក្នុងកិច្ចសហការកសាងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍នៅវៀតណាម។ លោក Borje Ekholm បានឲ្យដឹងថា ក្រុមហ៊ុននឹងពិភាក្សាជាមួយដៃគូ និងអង្គភាពនានារបស់វៀតណាមអំពីឱកាសសហប្រតិបត្តិការ ហើយសង្ឃឹមថានឹងទទួលបានការជួយគាំទ្រក្នុងដំណើរការសហប្រតិបត្តិការនាពេលខាងមុខ៕
បកប្រែដោយ Thuy Anh