ប្តេជ្ញាជំរុញនិងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងប៊ុលហ្គារី ឲ្យកាន់តែស៊ីជម្រៅថែមទៀត
កប.អនឡាញ - តបតាមការអញ្ជើញរបស់លោក Luong Cuong ប្រធានរដ្ឋវៀតណាម លោក Rumen Radev ប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្គារី និងភរិយា បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រធានាធិបតីប៊ុលហ្គារី នៅប្រទេសវៀតណាមក្នុងរយៈពេល ១១ ឆ្នាំកន្លងមក សំដៅឆ្ពោះទៅខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងប៊ុលហ្គារីក្នុងឆ្នាំ ២០២៥។
វៀតណាម និងប៊ុលហ្គារី បានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ១៩៥០។ កាលពីខែសីហា ឆ្នាំ ១៩៥៧ លោកប្រធានហូជីមិញបានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប៊ុលហ្គារី ដោយបានចាក់គ្រឹះក្នុងប្រវត្តិសាស្ត្រទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ក្នុងរយៈពេលបីភាគបួននៃសតវត្សកន្លងមកនេះ ទំនាក់ទំនងវៀតណាម-ប៊ុលហ្គារី បានអភិវឌ្ឍយ៉ាងល្អ។ អំពីនយោបាយនិងការទូត ប៊ុលហ្គារីគឺជាប្រទេសដំបូងគេដែលបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម គាំទ្រយ៉ាងខ្លាំងក្លាក្នុងការតស៊ូដណ្ដើមឯករាជ្យជាតិ និងបង្រួបបង្រួមជាតិរបស់វៀតណាមកាលពីមុន ក៏ដូចជាការអភិវឌ្ឍន៍ប្រទេសជាតិនាបច្ចុប្បន្ន។ ថ្នាក់ដឹកនាំប៊ុលហ្គារី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងជាមួយវៀតណាម ដោយអះអាងថា វៀតណាមជាដៃគូអាទិភាពកំពូលរបស់ប៊ុលហ្គារីនៅតំបន់អាស៊ីអាគ្នេយ៍។
ភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ជាពិសេសគណៈប្រតិភូជាន់ខ្ពស់; នាពេលថ្មីៗនេះគឺជាដំណើរទស្សនកិច្ចទៅវិញទៅមករបស់ប្រធានរដ្ឋសភានៃប្រទេសទាំងពីរ (ឆ្នាំ២០២៣ និង ឆ្នាំ ២០២៤)។ សូមរំលឹកថា មុននោះ មានដំណើរទស្សនកិច្ចទៅកាន់ប្រទេសប៊ុលហ្គារីរបស់នាយករដ្ឋមន្ត្រី លោក Phan Van Khai (ខែកញ្ញា ឆ្នាំ ២០០០), ប្រធានរដ្ឋសភា លោក Nguyen Phu Trong (ខែមិថុនា ឆ្នាំ ២០០៨) និងលោកនាយករដ្ឋមន្ត្រី Nguyen Tan Dung (ខែមិថុនា ឆ្នាំ ២០១៥)។ គណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ប៊ុលហ្គារីដែលបំពេញទស្សនកិច្ចនៅវៀតណាមរួមមាន៖ ប្រធានរដ្ឋសភា Ognyan Gerdzhikov (ខែមីនា ឆ្នាំ ២០០៤); នាយករដ្ឋមន្រ្តី Sergei Stanishev (ខែវិច្ឆិកា ឆ្នាំ ២០០៦), ប្រធានាធិបតី Georgi Parvanov (ខែមករា ឆ្នាំ២០០៩), ប្រធានរដ្ឋសភា Tsetska Tsacheva (ខែមេសា ឆ្នាំ២០១២), ប្រធានាធិបតី Rosen Asenov Plevneliev (ខែតុលា ឆ្នាំ២០១៣), នាយករដ្ឋមន្ត្រី Plamen Vasilev Oresharski (ខែមេសា ឆ្នាំ២០១៤) ... ប្រទេសទាំងពីរតែងតែសហការយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី។
|
|
ប្រធានាធិបតីនៃសាធារណរដ្ឋប៊ុលហ្គារី លោក Rumen Radev ថ្លែងនៅក្នុងជំនួបរវាងសមាគមមិត្តភាពវៀតណាម-ប៊ុលហ្គារី និងមិត្តភក្តិវៀតណាមដែលសិក្សា និងធ្វើការនៅប៊ុលហ្គារី |
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការរីកចម្រើនជាវិជ្ជមានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងដំណាក់កាល ២០២១-២០២៣ បានកើនឡើងដល់ជាង ២០០ លានដុល្លារក្នុងមួយឆ្នាំ ដែលកើនឡើងជិតទ្វេដងបើធៀបនឹងដំណាក់កាល ២០១៩ -២០២០។ បច្ចុប្បន្ន ប៊ុលហ្គារី មានគម្រោងវិនិយោគកំពុងដំណើរការចំនួន ១៤ គម្រោងនៅក្នុងប្រទេសវៀតណាម ជាមួយនឹងដើមទុនចុះបញ្ជីសរុបចំនួន ៣១,៣២ លានដុល្លារអាមេរិក ដោយឈរនៅលំដាប់លេខ ៦៨/១៤៣ ប្រទេស និងដែនដីដែលវិនិយោគនៅវៀតណាម។ គម្រោងធំៗចំនួនពីរគឺគម្រោងរោងចក្រកែច្នៃកាហ្វេនៅខេត្ត Lam Dong (១៤ លានដុល្លារ) និងគម្រោងក្រុមហ៊ុនវាយនភណ្ឌ និងកាត់ដេរនៅខេត្ត Thua Thien Hue (១៤ លានដុល្លារ)។
នៅខែឧសភា ឆ្នាំ ២០២៤ ភាគីទាំងពីរបានរៀបចំកិច្ចប្រជុំលើកទី ២៤ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងសហប្រតិបត្តិការវិទ្យាសាស្ត្រ-បច្ចេកទេស ដោយជោគជ័យ។ ប៊ុលហ្គារី គឺជាប្រទេសសមាជិកមួយរបស់សហភាពអឺរ៉ុប (EU) ដែលបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ EU-វៀតណាម (EVIPA)។
ការអប់រំនិងបណ្តុះបណ្តាល គឺជាវិស័យសហប្រតិបត្តិការប្រពៃណីរវាងប្រទេសទាំងពីរ។ កាលពីមុន ប៊ុលហ្គារីបានបណ្តុះបណ្តាលកម្មាភិបាលវិទ្យាសាស្ត្រជាង ៣៦០០ នាក់ និងកម្មករជំនាញខ្ពស់ប្រហែល ៣ ០.០០០ នាក់ សម្រាប់ប្រទេសវៀតណាម។ បច្ចុប្បន្ន ភាគីទាំងពីរបានបញ្ចប់ឆាប់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងវិស័យអប់រំដំណាក់កាល ២០២៤-២០២៩។ ក្រៅពីនេះ កិច្ចសហប្រតិបត្តិការការងារជាវិស័យដ៏មានសក្ដានុពល។ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម និងក្រសួងការងារប៊ុលហ្គារី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យពលកម្ម ការងារ និងសន្តិសុខសង្គមក្នុងខែវិច្ឆិកា ឆ្នាំ ២០១៨។ កិច្ចសហប្រតិបត្តិការរវាងបណ្ដាមូលដ្ឋានក៏បានរក្សា និងលើកកំពស់ផងដែរ ដោយមានការបង្កើតទំនាក់ទំនងសហប្រតិបត្តិការជាច្រើនរវាងបណ្ដាមូលដ្ឋានវៀតណាម និងប៊ុលហ្គារី។
ក្នុងវិស័យការពារជាតិនិងសន្តិសុខ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ (ក្នុងឆ្នាំ ១៩៩៦), អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ (ក្នុងឆ្នាំ ២០១៣) និងកិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរក្រុមលំហែកាយនិងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាល (២០០៨) ។ នៅខែមេសា ឆ្នាំ ២០១២ វៀតណាម និងប៊ុលហ្គារីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការការពារ និងផ្លាស់ប្តូរព័ត៌មានសម្ងាត់។ ក្នុងខែមិថុនា ឆ្នាំ ២០១៥ ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Nguyen Tan Dung និងអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលស្តីពីការបង្ការ និងទប់ស្កាត់ឧក្រិដ្ឋកម្មក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក Tran Dai Quang ( ខែកក្កដា ឆ្នាំ ២០១៥)។
សហគមន៍អាណិកជនវៀតណាមនៅប៊ុលហ្គារីបច្ចុប្បន្នមានប្រជាជនប្រមាណ ១,០០០ នាក់ តែងតែលើកកម្ពស់ស្មារតីសាមគ្គីភាព ជួយគ្នាទៅវិញទៅមក ឆ្ពោះទៅមាតុភូមិ និងរួមចំណែកជាវិជ្ជមានដល់សេដ្ឋកិច្ច និងសង្គមនៅប្រទេសសាមី ហើយត្រូវបានវាយតម្លៃខ្ពស់ដោយអាជ្ញាធរគ្រប់លំដាប់ពីប៊ុលហ្គារី។
ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏ល្អរវាងប្រទេស ទាំងពីរ ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមមានសេចក្តីសោមនស្សរីករាយដោយបានស្វាគមន៍ដំណើរទស្សនកិច្ចជាផ្លូវការរបស់ប្រធានាធិបតីប៊ុលហ្គារី Rumen Radev និងភរិយាទៅកាន់ប្រទេសវៀតណាម។ ដំណើរទស្សនកិច្ចនេះបន្តអះអាងនូវគោលនយោបាយការបរទេសប្រកបដោយឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីភាវូបនីយកម្ម ពិពិធកម្មទំនាក់ទំនងការបរទេស និងគោលការណ៍ឥតងាករេរបស់វៀតណាមចាត់ទុកទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប៊ុលហ្គារី ក៏ដូចជាការប្តេជ្ញាចិត្តចូលរួមជាមួយប៊ុលហ្គារី ជំរុញទំនាក់ទំនងទ្វេភាគីឲ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក។ យើងជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងទទួលបានជោគជ័យ រួមចំណែកជំរុញទំនាក់ទំនងវៀតណាម-ប៊ុលហ្គារី ឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ហើយស្របតាមស្ថានភាពថ្មី៕
បកប្រែដោយ Pham Diep