អ្នកយកព័ត៌មាន៖ តើលោកឯកអគ្គរដ្ឋទូតវាយតម្លៃយ៉ាងណាចំពោះសារៈសំខាន់នៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Rumen Radev មកកាន់វៀតណាម សម្រាប់ទំនាក់ទំនងវៀតណាម-ប៊ុលហ្គារី ជាពិសេសនៅពេលដែលប្រទេសទាំងពីរឆ្ពោះទៅរកខួបលើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២៥?
លោកឯកអគ្គរដ្ឋទូត Do Hoang Long៖ ដំណើរទស្សនកិច្ចជាផ្លូវការរបស់លោកប្រធានាធិបតី Rumen Radev នៅវៀតណាមប្រព្រឹត្តទៅនៅពេលដែលទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ មានការអភិវឌ្ឍន៍សំខាន់ៗជាច្រើន។
|
|
លោកឯកអគ្គរដ្ឋទូត Do Hoang Long |
ទីមួយ នេះជាដំណើរទស្សនកិច្ចលើកដំបូងបន្ទាប់ពីរយៈពេល ១១ ឆ្នាំរបស់ប្រធានាធិបតីប៊ុលហ្គារី ហើយក៏ជាដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសវៀតណាមរបស់លោក Rumen Radev ក្នុងឋានៈប្រធានាធិបតីផងដែរ។ ទីពីរ នេះជាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់លើកទី៣ ក្នុងរយៈពេលពីរឆ្នាំមកនេះ មុនដំណើរទស្សនកិច្ចពីរលើករបស់ប្រធានរដ្ឋសភាទាំងពីរ (ខែកញ្ញា ឆ្នាំ ២០២៣ និងខែមករា ឆ្នាំ ២០២៤)។ ទីបី៖ សម្រាប់ប្រទេសវៀតណាម លោកប្រធានាធិបតី Rumen Radev គឺជាប្រមុខរដ្ឋដំបូងគេដែលលោក Luong Cuong ប្រធានរដ្ឋវៀតណាមបានទទួលស្វាគមន៍ជាផ្លូវការនៅវៀតណាម ចាប់តាំងពីចូលកាន់តំណែង ដោយហេតុនេះបង្ហាញពីការគោរព និងមនោសញ្ចេតនាដ៏ល្អរបស់រដ្ឋ និងប្រជាជនវៀតណាមជូនចំពោះប៊ុលហ្គារី ក្នុងនាមជាមិត្តប្រពៃណី គួរឱ្យទុកចិត្ត ស្មោះត្រង់ និងជាដៃគូសំខាន់របស់វៀតណាមក្នុងតំបន់បាល់កង់។ ទីបួន ដំណើរទស្សនកិច្ចគឺជាលទ្ធផលនៃទំនាក់ទំនងសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរលើកម្រិតទ្វេភាគី និងពហុភាគី។ នាពេលថ្មីៗនេះ ប្រទេសទាំងពីរបានរៀបចំប្រកបដោយជោគជ័យនូវយន្តការកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ប៊ុលហ្គារី (ឧសភា ២០២៤); អនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាង ក្រសួង ស្ថាប័ន និងមូលដ្ឋាន។ សម្របសម្រួលយ៉ាងសកម្មនូវទស្សនៈ និងជំហរ និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិ និងអង្គការនានា។ ទីប្រាំ ដំណើរទស្សនកិច្ចនេះបានធ្វើឡើងក្នុងពេលវេលាដែលប្រទេសទាំងពីរវៀតណាម និងប៊ុលហ្គារី ត្រៀមខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២៥ បង្កើតកម្លាំងចលករដ៏ធំធេងសម្រាប់ប្រទេសទាំងពីរក្នុងការបន្តកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ទំនាក់ទំនងឡើងកំពស់ថ្មី។
អ្នកយកព័ត៌មាន៖ ប៊ុលហ្គារី គឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេក្នុងពិភពលោក ដែលឆាប់ទទួលស្គាល់ឯករាជ្យ និងបង្កើតទំនាក់ទំនងការទូតជាមួយវៀតណាម។តើ លោកឯកអគ្គរដ្ឋទូត អាចឲ្យដឹងថា តើអ្វីជាចំណុចសំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងរយៈពេល ៧ ទសវត្សរ៍កន្លងមកនេះ?
លោកឯកអគ្គរដ្ឋទូត Do Hoang Long៖ ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អរវាងវៀតណាម និងប៊ុលហ្គារី ត្រូវបានបង្ហាញយ៉ាងច្បាស់តាំងពីឆ្នាំ ១៩៥០ នៅពេលដែលប៊ុលហ្គារីជាប្រទេសមួយក្នុងចំណោមប្រទេសទាំង១០ដំបូងក្នុងពិភពលោកដែលទទួលស្គាល់ជាផ្លូវការ និងបង្កើតទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម- សាធារណរដ្ឋសង្គមនិយមវៀតណាមបច្ចុប្បន្ន។
ក្នុងអំឡុងឆ្នាំដ៏លំបាកបំផុតនៃការតស៊ូដើម្បីឯករាជ្យជាតិ និងការកសាងប្រទេសវៀតណាមឡើងវិញប៊ុលហ្គារីតែងតែផ្តល់ជំនួយដ៏មានតម្លៃដល់វៀតណាមទាំងខាងសម្ភារៈ និងខាងស្មារតី។ ជាពិសេស ប៊ុលហ្គារី បានជួយបណ្តុះបណ្តាលអ្នកវិទ្យាសាស្ត្រ អ្នកជំនាញជាង ៣៦០០ នាក់ និងកម្មករជំនាញជាង ៣០០០០ នាក់ក្នុងវិស័យជាច្រើនដូចជា សំណង់ ស្ថាបត្យកម្ម បច្ចេកវិទ្យាព័ត៌មាន ជីវគីមី កសិកម្ម និងការផលិតម៉ាស៊ីន ឱសថ... ពួកគេភាគច្រើនបានក្លាយជាអ្នកដឹកនាំជាន់ខ្ពស់ ឬអ្នកវិទ្យាសាស្ត្រ អ្នកជំនាញ និងវិស្វករនាំមុខគេនៅវៀតណាម រួមទាំង លោក Nguyen Sinh Hung អតីតប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Doan អតីតអនុប្រធានរដ្ឋវៀតណាម... ទាំងនេះគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន ជាកត្តាវិជ្ជមានរួមចំណែកដល់ទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាប្រពៃណីរវាងវៀតណាម និងប៊ុលហ្គារី។
លើកតម្កើងប្រពៃណីដ៏ល្អខាងលើនេះ ប្រទេសទាំងពីរបានខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីក្នុងរយៈពេលជាង ៧ ទស្សវត្សរ៍ តាមរយៈប្រទេសទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងយន្តការអនុវត្កិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាល និងការពិគ្រោះយោបល់នយោបាយតាមកាលកំណត់។ អនុវត្តកិច្ចព្រមព្រៀង កម្មវិធី និងកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន; គាំទ្រគ្នាទៅវិញទៅមកយ៉ាងសកម្មនៅវេទិកាអន្តរជាតិ។
ទោះបីជាទំនាក់ទំនងរវាងប្រទេសទាំងពីរមានការអាក់ខានខ្លះដោយសារតែផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាត Covid-19 ក៏ដោយ ក៏ប៉ុន្តែជាមួយនឹងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ទំនាក់ទំនងវៀតណាម-ប៊ុលហ្គារីកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការស្តារឡើងវិញ និងការអភិវឌ្ឍន៍ដ៏រឹងមាំតាមរយៈការផ្លាស់ប្តូរគ្រប់កម្រិតទាំងអស់ក្នុងឆ្នាំ ២០២៣ និង២០២៤។ នៅក្នុងកិច្ចប្រជុំគ្រប់កម្រិត ថ្នាក់ដឹកនាំប៊ុលហ្គារីទាំងអស់បានសម្តែងនូវក្តីស្រលាញ់ ការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជាប្រពៃណី និងបានសម្តែងការកោតសរសើរចំពោះសមិទ្ធិផលនៃសេដ្ឋកិច្ចសង្គម និងសមាហរណកម្មអន្តរជាតិរបស់វៀតណាម ហើយត្រៀមខ្លួនជាស្រេចដើម្បីដើរតួជាស្ពានជំរុញកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរវាងប្រទេសវៀតណាម និងសហភាពអឺរ៉ុប (EU) និងតំបន់បាល់កង់។
គួរកត់សម្គាល់ថាទំហំពាណិជ្ជកម្មវៀតណាម-ប៊ុលហ្គារីបានកើនឡើងទ្វេដងពី ១០២.៥ លានដុល្លារអាមេរិកដល់ ២១១.៥ លានដុល្លារក្នុងកំឡុងឆ្នាំ ២០១៥-២០២៣ ហើយត្រូវបានគេព្យាករណ៍ថានឹងឈានដល់ប្រមាណ ៣០០ លានដុល្លារនៅឆ្នាំ ២០២៤ (កើនឡើងជាង ២០%)។
កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរត្រូវបានដាក់ឱ្យដំណើរការព្រមៗគ្នានាពេលថ្មីៗនេះ ដោយទទួលបានលទ្ធផលវិជ្ជមានជាច្រើនលើគ្រប់វិស័យ៖ នយោបាយ សេដ្ឋកិច្ច-ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ-បណ្តុះបណ្តាល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា វប្បធម៌-ទេសចរណ៍ ការពារជាតិ សន្តិសុខ ពលកម្ម តាមរយៈបណ្តាញ បក្ស រដ្ឋ រដ្ឋាភិបាល និងសភា។
ដូច្នេះ ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី Rumen Radev នៅវៀតណាម ត្រូវបានគេរំពឹងថានឹងបន្តរួមចំណែកលើកកម្ពស់ និងធ្វើឲ្យស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការពហុភាគីរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យដែលភាគីម្ខាងមានគុណសម្បត្តិ និងភាគីម្ខាងទៀតមានតម្រូវការ។
អ្នកយកព័ត៌មាន៖ បើតាមឯកអគ្គរដ្ឋទូត តើប្រទេសទាំងពីរត្រូវធ្វើអ្វីខ្លះ ដើម្បីលើកកម្ពស់សក្តានុពល និងប្រៀបខ្លាំងរបស់គ្នាទៅវិញទៅមក ក្នុងយុគសម័យថ្មីនៃការធ្វើបរិវត្តកម្មបៃតង និងការធ្វើបរិវត្តកម្មឌីជីថល?
លោកឯកអគ្គរដ្ឋទូត Do Hoang Long៖ បច្ចុប្បន្ននេះ ការធ្វើបរិវត្តកម្មឌីជីថល និងការធ្វើបរិវត្តកម្មបៃតងបានក្លាយជាអាទិភាពកំពូលសម្រាប់ប្រទេសភាគច្រើនក្នុងពិភពលោក រួមទាំងប៊ុលហ្គារីផងដែរ។
ចាប់តាំងពីឆ្នាំ ២០២០ មក រដ្ឋាភិបាលប៊ុលហ្គារីបានដាក់ចេញនូវយុទ្ធសាស្ត្រធ្វើបរិវត្តកម្មឌីជីថលជាតិសម្រាប់រយៈពេល ២០២០-២០៣០។ នៅឆ្នាំ ២០២៤ រដ្ឋាភិបាលប៊ុលហ្គារីនឹងបន្តធ្វើបច្ចុប្បន្នភាព និងធ្វើវិសោធនកម្មកម្មវិធីសកម្មភាពធ្វើបរិវត្តកម្មឌីជីថលជាតិរហូតដល់ឆ្នាំ ២០៣០ ដោយផ្តោតលើការលើកកំពស់ចំណេះដឹង និងជំនាញរបស់ប្រជាជនដើម្បីសម្របខ្លួនទៅនឹងយុគសម័យឌីជីថល។ ឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មានបានរួមចំណែកប្រហែល ៧.៤% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសប៊ុលហ្គារី ហើយកំពុងបន្តកើនតួរលេខពីរខ្ទង់ (ជាមធ្យម ១៧%/ឆ្នាំក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ)។
ក្នុងកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ប៊ុលហ្គារីលើកទី ២៤ នៅទីក្រុង Sofia (ឧសភា ឆ្នាំ ២០២៤) ភាគីទាំងពីរបានពិភាក្សាអំពីខ្លឹមសារសហប្រតិបត្តិការថ្មីជាច្រើន ស្របតាមនិន្នាការអន្តរជាតិដូចជា សេដ្ឋកិច្ចឌីជីថល រដ្ឋាភិបាលអេឡិចត្រូនិក ការអភិវឌ្ឍថាមពលប្រកបដោយនិរន្តរភាព ...
គួរកត់សម្គាល់ថា ក្នុងគណៈប្រតិភូធុរកិច្ចប៊ុលហ្គារី ដែលអមដំណើរលោកប្រធានាធិបតី Rumen Radev មកបំពេញទស្សនកិច្ចនៅវៀតណាមលើកនេះ មានអង្គភាពអាជីវកម្មរាប់សិបនៅក្នុងវិស័យព័ត៌មានវិទ្យា និងបច្ចេកវិទ្យាខ្ពស់។ នេះគឺជាមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់វៀតណាម និងប៊ុលហ្គារី បន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍លើវិស័យដែលប៊ុលហ្គារីមានប្រៀបខ្លាំង ហើយវៀតណាមមានតម្រូវការ និងផ្ទុយមកវិញ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរត្រូវសហការយ៉ាងជិតស្និទ្ធថែមទៀតនៅវេទិកាពហុភាគីស្តីពីបម្រែបម្រួលអាកាសធាតុ ខិតខំប្រឹងប្រែងសម្របខ្លួនដើម្បីអនាគតប្រកបដោយចីរភាព និងវិបុលភាព៕
អ្នកយកព័ត៌មាន៖ សូមអរគុណលោឯកអគ្គរដ្ឋទូត!
បកប្រែដោយ Duy Hoan