លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស ទទួលជួបអភិបាលរដ្ឋ Hessen ប្រទេសអាល្លឺម៉ង់
កប.អនឡាញ - នាថ្ងៃទី ២៨ ខែវិច្ឆិកា នៅទីស្នាក់ការក្រសួងការបរទេស (ទីក្រុងហាណូយ) លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម បានទទួលជួបលោក Boris Rhein អភិបាលរដ្ឋ Hessen (សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់) ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
នៅក្នុងជំនួប លោក Bui Thanh Son បានស្នើឲ្យអាជ្ញាធររដ្ឋ Hessen ឆាប់មានសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការជាអាទិភាពជាមួយវៀតណាម ព្រមទាំងស្នើឱ្យរដ្ឋ Hessen លើកទឹកចិត្តឱ្យអង្គភាពអាជីវកម្មរបស់រដ្ឋ Hessen បង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) បច្ចេកវិទ្យាខ្ពស់នៅវៀតណាម; បន្តគាំទ្រគម្រោងអភិវឌ្ឍន៍ និងពង្រីកសាកលវិទ្យាល័យ Viet Duc។ល។
|
|
លោក Bui Thanh Son ទទួលជួបលោក Boris Rhein (រូបថត៖ baoquocte.vn) |
ក្នុងវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈដែល Hessen មានប្រៀបខ្លាំង លោក Bui Thanh Son បានស្នើឲ្យអាជ្ញាធររដ្ឋជួយបណ្តុះបណ្តាលភាសាអាល្លឺម៉ង់សម្រាប់សិក្ខាកាមវិជ្ជាជីវៈវៀតណាម និងមានសំឡេងក្នុងការជំរុញការទទួលស្គាល់សញ្ញាប័ត្រទៅវិញទៅមករវាងប្រទេសទាំងពីរ ក្នុងវិស័យបណ្តុះបណ្តាលវិជ្ជាជីវៈ។
រីឯលោក Boris Rhein បានអះអាងថា រដ្ឋ Hessen មានបំណងចង់ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការជាអាទិភាពជាមួយវៀតណាម ដែលជាទីផ្សារសក្តានុពលដែលសហគ្រាសរបស់រដ្ឋ Hessen ជាច្រើនមានគម្រោងវិនិយោគប្រកបដោយប្រសិទ្ធភាព។ លោក Boris Rhein បានអះអាងថា Hessen ត្រៀមខ្លួនជាស្រេចចែករំលែកបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងដំណើរការធ្វើបរិវត្តកម្មថាមពល និងអភិវឌ្ឍន៍បៃតង គាំទ្រវៀតណាមក្នុងវិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យា និងបណ្តុះបណ្តាលធនធានមនុស្សសម្រាប់សកម្មភាពឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព អនុវត្តកិច្ចសន្យាដើម្បីកាត់បន្ថយការបំភាយឧស្ម័នដល់សូន្យត្រឹមឆ្នាំ ២០៥០។ លោក Boris Rhein ក៏បានវាយតម្លៃខ្ពស់ចំពោះការធ្វើសមាហរណកម្មដ៏ជោគជ័យរបស់សហគមន៍អាណិកជនវៀតណាមនៅរដ្ឋ Hessen ព្រមទាំងបញ្ជាក់ថា Hessen ត្រៀមខ្លួនជាស្រេចសម្របសម្រួលជាមួយភាគីវៀតណាមរៀបចំសកម្មភាពអបអរសាទរខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-អាល្លឺម៉ង់នៅឆ្នាំ ២០២៥៕
បកប្រែដោយ Thanh Cong