ទីក្រុងហូជីមិញ និង WEF ជំរុញកិច្ចសហប្រតិបត្តិការដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព
កប.អនឡាញ - នារសៀលថ្ងៃទី៥ ខែតុលា លោក Phan Van Mai ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ Klaus Schwab ប្រធានស្ថាបនិកនៃវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅ ទីក្រុងហូជីមិញ ប្រទេសវៀតណាម។
ក្នុងនាមថ្នាក់ដឹកនាំទីក្រុង លោកប្រធានគណៈកម្មាធិការប្រជាជនទីក្រុងថ្លែងអំណរគុណចំពោះលោកសាស្ត្រាចារ្យ Klaus Schwab ដែលបានជួយគាំទ្រទីក្រុងបង្កើតមជ្ឈមណ្ឌលបដិវត្តន៍ឧស្សាហកម្មលើកទី៤ (C4IR)។ លោក Phan Van Mai សង្ឃឹមថា មជ្ឈមណ្ឌលមិនត្រឹមតែជាស្ពានតភ្ជាប់រវាងទីក្រុងហូជីមិញ និងវេទិកាសេដ្ឋកិច្ចពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែនឹងរួមចំណែកជាក់ស្តែងក្នុងការអភិវឌ្ឍទីក្រុង និងតំបន់ប៉េកខាងកើតនៃភាគខាងត្បូងវៀតណាម។
|
|
ទិដ្ឋភាពនៃជំនួប (រូបថត៖ baotintuc.vn) |
លោក Phan Van Mai បានឲ្យដឹងថា ទីក្រុងមានបំណងទទួលបានការចែករំលែកបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការពីវេទិកាសេដ្ឋកិច្ចពិភពលោក ជាពិសេសលើបញ្ហាអភិវឌ្ឍន៍ធនធានមនុស្ស។ ទន្ទឹមនឹងនេះ ទីក្រុងសង្ឃឹមថាលោកសាស្រ្តាចារ្យ Klaus Schwab នឹងយកចិត្តទុកដាក់ និងជួយគាំទ្រទីក្រុងរៀបចំសកម្មភាពជាក់ស្តែង ដែលផ្សារភ្ជាប់ជាមួយនឹងសកម្មភាពនៃវេទិកាសេដ្ឋកិច្ចពិភពលោក។
លោកសាស្ត្រាចារ្យ Klaus Schwab បានសម្តែងនូវសេចក្តីរីករាយដោយឃើញពីការអភិវឌ្ឍយ៉ាងស្វាហាប់នៃទីក្រុងហូជីមិញ ដែលជានិមិត្តរូបនៃស្មារតីច្នៃប្រឌិត និងចាប់ផ្ដើមធ្វើអាជីវកម្មរបស់វៀតណាម។ លោកសាស្ត្រាចារ្យ Klaus Schwab បានឲ្យដឹងថា បច្ចុប្បន្ន វេទិកាសេដ្ឋកិច្ចពិភពលោក មានមជ្ឈមណ្ឌលបដិវត្តន៍ឧស្សាហកម្មលើកទី៤ ចំនួន ២២ ប៉ុន្តែលោកមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមជ្ឈមណ្ឌលបដិវត្តន៍ឧស្សាហកម្មលើកទី៤ នៅទីក្រុងហូជីមិញ ព្រោះវាមានការគាំទ្រពីរដ្ឋាភិបាល និងពីអាជីវកម្ម។ វេទិកាសេដ្ឋកិច្ចពិភពលោក និងទីក្រុងហូជីមិញ គប្បីមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធថែមទៀត ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនៃសម័យកាល។ វេទិកាសេដ្ឋកិច្ចពិភពលោកប្តេជ្ញាគាំទ្រ និងសហការជាមួយទីក្រុងហូជីមិញ ដើម្បីការអភិវឌ្ឍប្រកបដោយនិរន្តរភាពនាពេលអនាគត៕
បកប្រែដោយ Thuy Anh