ពន្លឿនវឌ្ឍនភាពនៃគម្រោងសហប្រតិបត្តិការរវាងវៀតណាម និង ADB
កប.អនឡាញ - នាថ្ងៃទី ៣១ ខែកក្កដា នៅទីស្នាក់ការរដ្ឋាភិបាល លោក Tran Luu Quang ឧបនាយករដ្ឋមន្ត្រីវៀតណាម បានទទួលជួបលោក Shantanu Chakraborty នាយកជាតិនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅវៀតណាម។
នៅក្នុងជំនួប លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang បានស្នើឲ្យភាគីទាំងពីរសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីពន្លឿនការអនុវត្តគម្រោងដែលបានសន្យា។ លោកបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ADB ក្នុងការកៀរគរធនធានសម្រាប់គម្រោងប្រហែល ២៣ នៅវៀតណាមក្នុងដំណាក់កាល ២០២៣-២០២៦។ វៀតណាមនឹងបន្តពិនិត្យ និងកែលម្អក្របខ័ណ្ឌច្បាប់ស្តីពី ODA ដែលជាកម្ចីអនុគ្រោះពីបរទេស ដើម្បីលុបបំបាត់ឧបសគ្គ បង្រួញរយៈពេលអនុម័ត ពន្លឿនការអនុវត្តគម្រោង ទទួលនិងប្រើប្រាស់ដើមទុនប្រកបដោយប្រសិទ្ធភាពពីដៃគូនិយាយរួម និង ADB និយាយដោយឡែក។
|
|
លោកឧបនាយករដ្ឋមន្ត្រី Tran Luu Quang ទទួលជួបលោក Shantanu Chakraborty នាយកជាតិនៃធនាគារ ADB ប្រចាំនៅវៀតណាម (រូបថត៖ vnanet.vn) |
លោក Shantanu Chakraborty នាយកជាតិនៃធនាគារ ADB ប្រចាំប្រទេសវៀតណាម បានអបអរសាទររដ្ឋាភិបាលវៀតណាមក្នុងការរក្សាបាននូវអត្រាកំណើនខ្ពស់ក្នុងបរិបទនៃការលំបាកជាសាកល។ លោកបានឲ្យដឹងថា ADB ព្យាករណ៍ថា កំណើនរបស់វៀតណាមនឹងឈានដល់ ៦% នៅឆ្នាំ ២០២៤ និង ៦.២% នៅឆ្នាំ ២០២៥។
គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ ២០២៣ ADB បានសន្យាផ្តល់ប្រាក់កម្ចី ជំនួយឥតសំណងនិងជំនួយបច្ចេកទេសចំនួន ៤៥៨ សម្រាប់តំបន់សាធារណៈរបស់វៀតណាមដែលមានតម្លៃសរុប ១៦.៥ ពាន់លានដុល្លារអាមេរិក៕
បកប្រែដោយ Huyen Trang