នេះជាដំណើរទស្សនកិច្ចជាផ្លូវការលើកដំបូងនៅប្រទេសឥណ្ឌារបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រី ក្នុងនាមជាប្រមុខរដ្ឋាភិបាលវៀតណាម។ ដំណើរទស្សនកិច្ចនេះមានអត្ថន័យសំខាន់ ក្នុងគោលបំណងបញ្ជាក់ពីគោលនយោបាយ និងមាគ៌ាការបរទេសឥតងាករេ របស់បក្ស និងរដ្ឋវៀតណាម ដោយចាត់ទុកឥណ្ឌាជាដៃគូដ៏សំខាន់បំផុត ជាមិត្តដ៏គួរឲ្យទុកចិត្ត និងយកចិត្តទុកដាក់លើទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយឥណ្ឌា។

ចាប់តាំងពីបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ១៩៧២ និងជាពិសេសចាប់តាំងពីលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១៦ ដល់បច្ចុប្បន្ន ទំនាក់ទំនងវៀតណាម-ឥណ្ឌាទទួលបានសមិទ្ធផលដ៏ធំធេងជាច្រើន។ ជំនឿទុកចិត្តខាងនយោបាយរវាងប្រទេសទាំងពីរត្រូវបានពង្រឹងឥតឈប់ឈរតាមរយៈការរក្សាដំណើរទស្សនកិច្ច ជំនួបគ្រប់លំដាប់ថ្នាក់ មូលដ្ឋាន និងជំនួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។

ភាគីទាំងពីររក្សា និងលើកកំពស់ប្រសិទ្ធភាពនៃយន្តការសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរដូចជា គណៈកម្មាធិការចម្រុះវៀតណាម-ឥណ្ឌាថ្នាក់រដ្ឋមន្ត្រីក្រសួងការបរទេស អនុគណៈកម្មការពាណិជ្ជកម្មចម្រុះវៀតណាម-ឥណ្ឌា កិច្ចពិគ្រោះយោបល់យោបាយ និងកិច្ចសន្ទនាយុទ្ធសាស្ត្រ កិច្ចសន្ទនាសន្តិសុខ កិច្ចសន្ទនាការពារជាតិ កិច្ចសន្ទនាសន្តិសុខដែនសមុទ្រ...

leftcenterrightdel
រូបថតឧទាហរណ៍ (hcma.vn)

កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខបន្តជាសសរស្តម្ភសំខាន់ និងយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការក្នុងទំនាក់ទំនងទ្វេភាគីវៀតណាម-ឥណ្ឌា ដោយមានការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីទំនាក់ទំនងភាពជាដៃគូការពារជាតិ និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការជួយគាំទ្រផ្នែកភស្តុភារ (ខែមិថុនា ឆ្នាំ២០២២) រវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរក៏ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យដូចជា៖ ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ឧស្សាហកម្មការពារជាតិ ប្រឆាំងភេរវកម្ម សន្តិសុខអ៊ីនធឺណែត...

កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មបានងើបឡើងវិញ និងអភិវឌ្ឍជាវិជ្ជមានក្រោយជំងឺកូវីដ-១៩។ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ២០២៣ សម្រេចបានជាង ១៤ ពាន់លានដុល្លារ។ គិតត្រឹមខែឧសភា ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជិត ៥.៩៤ ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញរបស់វៀតណាមទៅកាន់ប្រទេសឥណ្ឌាសម្រេចបាន ៣.៥៦ ពាន់លានដុល្លារ ហើយការនាំចូលពីឥណ្ឌាសម្រេចបានជិត ២.៣៨ ពាន់លានដុល្លារ។ បច្ចុប្បន្ននេះ ប្រទេសឥណ្ឌាមានគម្រោងវិនិយោគចំនួន ៣៨០ ដែលមានដើមទុនសរុបចំនួន ១.០៦៧ ពាន់លានដុល្លារអាមេរិក ដោយជាប់ចំណាត់ថ្នាក់លេខ ២៤ ក្នុងចំណោមប្រទេស និងដែនដីចំនួន ១៤៤ ដែលវិនិយោគនៅវៀតណាម។

ប្រទេសទាំងពីរនៅតែមានសក្តានុពលជាច្រើនក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។ នាពេលថ្មីៗនេះ សាជីវកម្មឥណ្ឌាធំៗមួយចំនួនយកចិត្តទុកដាក់ដល់ការវិនិយោគនៅវៀតណាមក្នុងវិស័យយុទ្ធសាស្ត្រដូចជា៖ ថាមពលកកើតឡើងវិញ ឧស្សាហកម្មកែច្នៃ ឱសថ ហេដ្ឋារចនាសម្ព័ន្ធ និង logistics។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet របស់វៀតណាម បានបើកជើងហោះហើរត្រង់ច្រើនថែមទៅកាន់ទីក្រុងធំៗរបស់ឥណ្ឌា ក្រុមហ៊ុន VinFast បានចាប់ផ្តើមសាងសង់រោងចក្រដំឡើងរថយន្ត និងផលិតរថយន្តនៅរដ្ឋ Tamil Nadu ប្រទេសឥណ្ឌា ដោយមានទុនវិនិយោគចំនួន ២ ពាន់លានដុល្លារអាមេរិក។

ទន្ទឹមនឹងនោះ ប្រទេសទាំងពីរក៏មានទំនាក់ទំនងសហប្រតិបត្តិការយ៉ាងទូលំទូលាយ និងជាក់ស្តែងលើវិស័យវិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការអប់រំ-បណ្តុះបណ្តាល វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ ភាគីទាំងពីរបានសហការ និងជួយគាំទ្រគ្នាទៅវិញទៅមកយ៉ាងជិតស្និទ្ធនៅវេទិកាពហុភាគី ជាពិសេសក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ ភាគីទាំងពីរបានចែករំលែកទស្សនៈស្រដៀងគ្នាជាច្រើនលើបញ្ហាតំបន់ និងអន្តរជាតិ។ វៀតណាមជួយគាំទ្រឥណ្ឌាក្នុងការអនុវត្តគោលនយោបាយ "សកម្មភាពឆ្ពោះទៅទិសខាងកើត" គំនិតផ្តួចផ្តើមតភ្ជាប់ក្នុងតំបន់ គាំទ្រការអភិវឌ្ឍមហាអនុតំបន់មេគង្គ និងកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា (MGC)។ ឥណ្ឌាយកចិត្តទុកដាក់ដល់ទំនាក់ទំនងជាមួយវៀតណាម ហើយចាត់ទុកអាស៊ានជាសសរស្តម្ភ និងជាមូលដ្ឋានគ្រឹះនៃគោលនយោបាយ “សកម្មភាពឆ្ពោះទៅទិសខាងកើត”។ ឥណ្ឌាតែងតែចូលរួមយ៉ាងសកម្មក្នុងយន្តការដែលដឹកនាំដោយអាស៊ាន គាំទ្រសាមគ្គីភាព ឯកភាព និងលើកកម្ពស់តួនាទីមជ្ឈភាពរបស់អាស៊ានក្នុងនិម្មាបនកម្មក្នុងតំបន់។ កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងវៀតណាម និងឥណ្ឌានឹងរួមចំណែកលើកកំពស់តួនាទីរបស់ប្រទេសនីមួយៗក្នុងតំបន់ និងពិភពលោក។

ជាមួយនឹងសមិទ្ធផល និងការខិតខំប្រឹងប្រែងរបស់ភាគីទាំងពីរ ទំនាក់ទំនងវៀតណាម-ឥណ្ឌាមានមូលដ្ឋានរឹងមាំដើម្បីរីកចម្រើនកាន់តែខ្លាំងថែមទៀតនាពេលខាងមុខ។ ដំណើរទស្សនកិច្ចរបស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីនៅប្រទេសឥណ្ឌានឹងជាឱកាសសម្រាប់ភាគីទាំងពីរពិនិត្យឡើងវិញនូវការវិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ ពិភាក្សាអំពីបញ្ហាដែលមានការយកចិត្តទុកដាក់ដូចគ្នា តាមរយៈនោះ ចូលរួមចំណែកពង្រឹងទំនុកទុកចិត្តខាងនយោបាយ ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការពហុភាគីរវាងវៀតណាមនិងឥណ្ឌា៕

បកប្រែដោយ Thuy Anh