បង្កើនទំនាក់ទំនងសហប្រតិបត្តិការវៀតណាម-ប៊ូរុនឌី
កប.អនឡាញ - នារសៀលថ្ងៃទី ២៩ ខែកក្កដា នៅទីស្នាក់ការគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក Le Hoai Trung លេខាមជ្ឈិមបក្ស ប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានទទួលជួបលោក Révérien Ndikuriyo អគ្គលេខាធិកាគណបក្សក្រុមប្រឹក្សាជាតិការពារប្រជាធិបតេយ្យ កងកម្លាំងការពារលទ្ធិប្រជាធិបតេយ្យ (CNDD-FDD) ដែលកាន់អំណាចនៅប្រទេសប៊ូរុនឌី ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
លោកអគ្គលេខាធិកា Révérien Ndikuriyo បានពាំនាំនូវការរំលែកទុក្ខយ៉ាងក្រៀមក្រំ ពីថ្នាក់ដឹកនាំបក្ស CNDD-FDD និងរដ្ឋាភិបាលប៊ូរុនឌី ជូនចំពោះថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាម ចំពោះការទទួលមរណភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong ព្រមទាំងវាយតំលៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសំខាន់របស់លោកអគ្គលេខាបក្ស Nguyen Phu Trong ក្នុងបុព្វហេតុបដិវត្តរបស់ប្រជាជនវៀតណាម និងប្រជាជនជឿនលឿនលើពិភពលោក។ លោកអគ្គលេខាធិការ Révérien Ndikuriyo បានសម្តែងនូវបំណងចង់កសាងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបក្សកុម្មុយនិស្តវៀតណាម បង្កើតមូលដ្ឋានអំណោយផល ដើម្បីបង្កើនទំនាក់ទំនងសហប្រតិបត្តិការរវាងប៊ូរុនឌី និងវៀតណាម។
|
|
លោក Le Hoai Trung ប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ទទួលជួបលោក Révérien Ndikuriyo អគ្គលេខាធិកាគណបក្សក្រុមប្រឹក្សាជាតិការពារប្រជាធិបតេយ្យ កងកម្លាំងការពារលទ្ធិប្រជាធិបតេយ្យ (CNDD-FDD) (រូបថត៖ vnanet.vn) |
លោក Le Hoai Trung បានថ្លែងអំណរគុណចំពោះការចូលរួមរំលែកទុក្ខ និងមនោសញ្ចេតនាដ៏ស្មោះស្ម័គ្ររបស់គណបក្ស CNDD-FDD រដ្ឋាភិបាល និងប្រជាជនប៊ូរុនឌី។ លោក Le Hoai Trung បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និងបក្ស CNDD-FDD នឹងរួមចំណែកពង្រីកទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរលើវិស័យនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន។ លោកបានស្នើឲ្យរដ្ឋាភិបាលប៊ូរុនឌី បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សាជីវកម្មឧស្សាហកម្ម-ទូរគមនាគមន៍យោធា (Viettel) ដើម្បីប្រតិបត្តិការប្រកបដោយស្ថិរភាពនៅប៊ូរុនឌី ក្លាយជាគំរូសម្រាប់អង្គភាពអាជីវកម្មវៀតណាមក្នុងការវិនិយោគ និងធ្វើអាជីវកម្មនៅប៊ូរុនឌី និងទីផ្សារអឺរ៉ុប។
ភាគីទាំងពីរក៏បានឯកភាពជំរុញទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរតាមរយៈការបង្កើនការផ្លាស់ប្តូរគណៈប្រតិភូថ្នាក់ជាន់ខ្ពស់; ចែករំលែកបទពិសោធន៍ក្នុងការកសាងបក្ស និងអភិវឌ្ឍប្រទេស; បន្តសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី។ល៕
បកប្រែដោយ Huyen Trang