កិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការពារជាតិវៀតណាម និងវិទ្យាស្ថានការពារជាតិ Kaysone Phomvihane រួមចំណែកពូនជ្រំទំនាក់ទំនងវៀតណាម-ឡាវ
កប.អនឡាញី - ពង្រីកប្រពៃណីសាមគ្គីភាព និងមិត្តភាពរវាងបក្សទាំងពីរ រដ្ឋទាំងពីរ កងទ័ពនិងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងឡាវ ទំនាក់ទំនងសហប្រតិបត្តិការរវាងវិទ្យាស្ថានការពារជាតិវៀតណាម និងវិទ្យាស្ថានការពារជាតិ Kaysone Phomvihane ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ ជាពិសេសចាប់តាំងពីចុះហត្ថលេខាលើការចងសម្ព័ន្ធមេត្រីភាពនៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ ២០០៩ មក។
ទោះបីជារយៈពេល ១៥ ឆ្នាំកន្លងមកនេះ មិនមែនជាកំណាត់ផ្លូវវែងនោះទេ ប៉ុន្ដែដោយទង្វើជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព ទំនាក់ទំនងសហប្រតិបត្តិការនិងចងសម្ព័ន្ធមេត្រីភាពរវាងវិទ្យាស្ថានទាំងពីរកាន់តែមានភាពស្អិតរមួត និងល្អប្រសើរ។ ភាគីទាំងពីរបានចាត់បញ្ជូនគណៈប្រតិភូទៅសួរសុខទុក្ខ ផ្លាស់ប្តូរ សិក្សានិងជួយគ្នាទៅវិញទៅមកដែលបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងខ្លាំង។ ក្នុងការងារអប់រំ និងបណ្តុះបណ្តាល វិទ្យាស្ថានការពារជាតិវៀតណាម រហូតមកដល់ពេលនេះ បានបណ្តុះបណ្តាលចំនួន ៦៣ វគ្គ ជូនកងទ័ពប្រជាជនឡាវ។
|
|
វិទ្យាស្ថានការពារជាតិវៀតណាម និងវិទ្យាស្ថានការពារជាតិ Kaysone Phomvihane ចុះហត្ថលេខាលើការចងសម្ព័ន្ធមេត្រីភាពកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០០៩ ( រូបថត៖ វិទ្យាស្ថានការពារជាតិវៀតណាម) |
សិក្ខាកាមឡាវបន្ទាប់ពីបញ្ចប់ការសិក្សាត្រឡប់ទៅមាតុប្រទេសវិញបានពង្រីកតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន រួមចំណែកយ៉ាងសកម្មក្នុងការកសាងកងទ័ពប្រជាជនឡាវនិយាយរួម កសាងនិងអភិវឌ្ឍន៍វិទ្យាស្ថានការពារជាតិ Kaysone Phomvihane និយាយដោយឡែក ឲ្យកាន់តែអភិវឌ្ឍយ៉ាងខ្លាំង។
វិទ្យាស្ថានការពារជាតិវៀតណាមបានចាត់បញ្ជូនកម្មាភិបាល គ្រូបង្រៀនទៅជួយវិទ្យាស្ថានការពារជាតិ Kaysone Phomvihane ការងារជាច្រើន រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍន៍វិទ្យាស្ថានការពារជាតិឡាវ។ កម្មាភិបាល និងអ្នកជំនាញការនៃវិទ្យាស្ថានការពារជាតិវៀតណាមនៅពេលបំពេញភារកិច្ចតែងតែមានការទទួលខុសត្រូវ ម្ចាស់ការនិងអនុវត្ដបានល្អនូវភារកិច្ចដែលបានប្រគល់ឲ្យ និងគោរពយ៉ាងម៉ឺងម៉ាត់នូវបទបញ្ញត្តិស្តីពីកិច្ចការបរទេសយោធា ការពារជាតិ ថែរក្សានិងពូនជ្រំ ទំនាក់ទំនងសាមគ្គីភាព និងទំនុកចិត្ដជាមួយស្ថាប័ន កម្មាភិបាល គ្រូបង្រៀន សិក្ខាកាម បុគ្គលិកនិងយុទ្ធជននៃវិទ្យាស្ថានការពារជាតិ Kaysone Phomvihane រួមចំណែកពង្រឹងទំនាក់ទំនងពិសេសវៀតណាម-ឡាវនាពេលកន្លងមក។ កិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានទាំងពីរនៅមានសក្ដានុពលជាច្រើនសម្រាប់ការអភិវឌ្ឍន៍។ ដូច្នេះនាពេលខាងមុខគួរតែអនុវត្តខ្លឹមសារមួយចំនួនដូចខាងក្រោម។
ទីមួយ គឺបន្តលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវក្នុងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានទាំងពីរ រួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងពិសេសវៀតណាម-ឡាវក្នុងស្ថានភាពថ្មី។ ថ្នាក់ដឹកនាំ និងមេបញ្ជាការ ជាពិសេសកងកម្លាំងដែលចូលរួមដោយផ្ទាល់ក្នុងសកម្មភាពកិច្ចសហប្រតិបត្តិការទ្វេភាគី និងលើកកម្ពស់ប្រពៃណីសាមគ្គីភាព ស្អិតរមួតរវាងបក្សទាំងពីរ រដ្ឋទាំងពីរ កងទ័ពនិងប្រជាជននៃប្រទេសទាំងពីរ។ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវទស្សនៈ "ជួយមិត្តគឺជួយខ្លួនឯង" របស់បក្ស សេចក្ដីសម្រេចចិត្ដ សេចក្តីសន្និដ្ឋាន និងគម្រោងសហប្រតិបត្តិការជាមួយឡាវ។ ទន្ទឹមនឹងនោះ អនុវត្ដខ្លឹមសារមួយចំនួននៃទំនាក់ទំនងការពារជាតិជាមួយឡាវ ដោយឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី ទំនុកចិត្ត សមភាព កិច្ចសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមកអភិវឌ្ឍ។
ទី២ គឺបន្តពង្រីកខ្លឹមសារនៃកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានទាំងពីរក្នុងស្ថានភាពថ្មី។ គោលដៅខ្ពស់បំផុតនៃកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវិទ្យាស្ថានទាំងពីរគឺលើកកម្ពស់គុណភាពអប់រំនិងបណ្តុះបណ្តាល ស្រាវជ្រាវសិល្បៈយោធា រួមចំណែកបង្កើនកម្លាំងការពារជាតិនៃប្រទេសនីមួយៗ ពង្រឹងទំនុកចិត្តជាយុទ្ធសាស្ត្រ ពង្រឹងភាពរឹងមាំ នាំទំនាក់ទំនងការពារជាតិទ្វេភាគីឈានដល់កម្រិតកម្ពស់ថ្មី រួមចំណែកក្នុងការកសាងបរិយាកាសសន្តិភាព និងស្ថិរភាពក្នុងតំបន់។
ទីបី គឺធ្វើពិពិធកម្មវិធីសាស្រ្តនៃកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានទាំងពីរ។ ក្នុងដំណើរការចងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ វិទ្យាស្ថានទាំងពីរគួរតែបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ ផ្តោតលើសកម្មភាពជួបប្រជុំរវាងថ្នាក់ដឹកនាំ និងគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពនៃយន្តការកិច្ចសន្ទនាគោលនយោបាយការពារជាតិ ចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រង អប់រំនិងបណ្តុះបណ្តាល ស្រាវជ្រាវនិងអនុវត្តសិល្បៈយោធាក្នុងស្ថានភាពថ្មី; ដាក់ពង្រាយការចងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារ និងអង្គភាព។ ទន្ទឹមនឹងនោះ បង្កើនការផ្លាស់ប្តូរបទពិសោធន៍ក្នុងការគ្រប់គ្រង អប់រំ បង្កើតខ្លឹមសារនិងកម្មវិធីបណ្តុះបណ្តាលសម្រាប់មុខសញ្ញា។ លើកកំពស់ប្រសិទ្ធភាពនៃសកម្មភាពផ្លាស់ប្តូរ ចងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងអង្គការមហាជននៃវិទ្យាស្ថានទាំងពីរ។
ទី ៤ គឺផ្តោតលើការបូកសរុបការងារ និងដកបទពិសោធន៍ក្នុងដំណើរការចងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានទាំងពីរ។ បូកសរុបការងារ និងដកបទពិសោធន៍ ជួយក្ដាប់ជាប់ស្ថានការណ៍ ដោះស្រាយបានទាន់ពេល និងប្រសិទ្ធភាពរាល់បញ្ហាកើតឡើងបន្ថែមក្នុងការអនុវត្តខ្លឹមសារ និងកម្មវិធីចងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការ។ គួរតែជំរុញការត្រួតពិនិត្យសកម្មភាពចងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារនិងអង្គភាព។ ហើយផ្តោតលើការបូកសរុបការងារ និងកិច្ចសហប្រតិបត្តិការប្រចាំឆ្នាំ និងតាមកាលកំណត់ ធ្វើជាមូលដ្ឋានសម្រាប់កែសម្រួលខ្លឹមសារ កម្មវិធី និងផែនការចងសម្ព័ន្ធមេត្រីភាព កិច្ចសហប្រតិបត្តិការទ្វេភាគី បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពចងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានទាំងពីរ ឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង មានប្រសិទ្ធភាពនិងនិរន្តរភាព។
ទំនាក់ទំនងចងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការពារជាតិវៀតណាម និងវិទ្យាស្ថានការពារជាតិ Kaysone Phomvihane គឺជាទំនាក់ទំនងសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលបណ្តុះបណ្តាលកម្មាភិបាលយុទ្ធនាការ យុទ្ធសាស្ត្រ និងមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រយោធាធំបំផុតនៃរដ្ឋទាំងពីរនិងកងទ័ពទាំងពីរ។ ក្នុងស្មារតីនៃ "សាមគ្គីភាព មិត្តភាព សមភាព ជាក់ស្តែង និងប្រសិទ្ធភាព" ដែលភាគីទាំងពីរបានចុះហត្ថលេខានោះ កិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានទាំងពីរកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែង។ លើកកម្ពស់សមិទ្ធិផលដែលសម្រេចបាននោះ ទំនាក់ទំនងចងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានការពារជាតិវៀតណាម និងវិទ្យាស្ថានការពារជាតិ Kaysone Phomvihane ពិតជានឹងបន្តឈានដល់កម្រិតកំពស់ថ្មី រួមចំណែកក្នុងការកសាងវិទ្យាស្ថានទាំងពីរអភិវឌ្ឍន៍ សក្តិសមជាមជ្ឈមណ្ឌលស្រាវជ្រាវវិទ្យាសាស្ត្រ និងសិល្បៈយោធាដ៏ធំបំផុតនៃរដ្ឋទាំងពីរ និងកងទ័ពទាំងពីរ ស្មើនឹងកិត្យានុភាពក្នុងតំបន់ និងពិភពលោក៕
បកប្រែដោយ Pham Diep