ចែករំលែកនៅកម្មវិធីស្ថាបនាអនាគត  AI វៀតណាម ដែលបើកដំណើរការដោយមជ្ឈមណ្ឌលជាតិនវានុវត្ដន៍ (NIC) ក្រសួងផែនការនិងវិនិយោគវៀតណាម និង Google កាលពីចុងសប្តាហ៍កន្លងមក នៅទីក្រុងហាណូយ លោក Marc Woo នាយកប្រតិបត្តិ Google ទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិក ឲ្យដឹងថា សេដ្ឋកិច្ចឌីជីថលនាពេលបច្ចុប្បន្ននៃតំបន់អាស៊ីអាគ្នេយ៍កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយឈានដល់តម្លៃ ១០០ ពាន់លានដុល្លារអាមេរិក (កើនឡើងជាង ៨ ដងក្នុងរយៈពេលត្រឹមតែ ៨ ឆ្នាំ) ហើយត្រូវបានគេព្យាករណ៍ថានឹងឈានដល់ ៨៣៥ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ ដោយសារបញ្ញាសិប្បនិម្មិត (AI) ។ ជាពិសេសសេដ្ឋកិច្ចឌីជីថលរបស់វៀតណាមនឹងកើនឡើង ១១ ដងនៅឆ្នាំ ២០៣០ និងសម្រេចបាន ២២០ ពាន់លានដុល្លារ​អាមេរិក ដែលស្មើនឹងជិតពាក់កណ្តាលនៃផលិតផលក្នុងស្រុកសរុបរបស់វៀតណាមនាពេលបច្ចុប្បន្ន។

leftcenterrightdel
លោក Marc Woo នាយកប្រតិបត្តិក្រុមហ៊ុន Google ក្នុងពិធីបើកកម្មវិធី "ស្ថាបនាអនាគត AI របស់វៀតណាម"

យោងតាមអ្នកតំណាងរបស់ Google ថា AI នឹងក្លាយជាកត្តាសំខាន់មួយសម្រាប់វៀតណាមក្នុងការសម្រេចបាននូវការព្យាករណ៍​ខាងលើដោយសារ “វៀតណាមមានប្រជាជនវ័យក្មេង ដែលមានចំណេះដឹងផ្នែកបច្ចេកវិទ្យា។ សហគមន៍អាជីវកម្មមានភាពស្វាហាប់ ក៏ដូចជាការលើកទឹកចិត្តដោយរដ្ឋាភិបាល ក្រសួង និងស្ថាប័ននានា។ រដ្ឋាភិបាលវៀតណាមមានយុទ្ធសាស្ត្រ AI ថ្នាក់ជាតិដើម្បីលើកកម្ពស់សេដ្ឋកិច្ចឌីជីថល។

យោងតាមការព្យាករណ៍របស់ Google សេដ្ឋកិច្ចអុីនធឺណេតរបស់វៀតណាមត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងខ្លាំង។ ក្រុមហ៊ុន Startup របស់វៀតណាមបានកើនឡើងដល់ជាង ៤.០០០ ដែលអាចប្រកួតប្រជែងជាមួយប្រទេសសិង្ហបុរី។ ជាពិសេសចំនួនប្រជាជនវ័យក្មេងដែលបានប្រើប្រាស់ AI ក្នុងជីវភាពប្រចាំថ្ងៃ ហើយ AI កំពុងត្រូវបានប្រើប្រាស់ដោយនិស្សិត និងអ្នកជំនាញស្រាវជ្រាវ... ប្រការនេះមិនត្រឹមតែបង្ហាញពីការត្រៀមខ្លួនប្រើប្រាស់ AI នៅវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសក្តានុពលសម្រាប់យុវជនជំនាន់ក្រោយវៀតណាមឈានមុខក្នុងការប្រើប្រាស់ AI នៅក្នុងប្រទេសនេះ” ។

តំណាងក្រុមហ៊ុន Google ក៏បានសន្យាគាំទ្រវៀតណាមក្នុងការអនុវត្ដគោលដៅអភិវឌ្ឍធនធានមនុស្សផ្នែកឌីជីថល បណ្តុះបណ្តាលអាជីវកម្មលើបញ្ញាសិប្បនិម្មិត (AI) និងជំរុញខឿនសេដ្ឋកិច្ចឌីជីថលនៅក្នុងប្រទេសវៀតណាម៕

បកប្រែដោយ Pham Diep