នារសៀលថ្ងៃទី ១ ខែកក្កដា នៅទីក្រុងហាណូយ សន្និសីទទេសចរណ៍អ៊ីរ៉ង់-វៀតណាមបានប្រព្រឹត្តទៅក្នុងក្របខ័ណ្ឌនៃកម្មវិធី Roadshow ទេសចរណ៍អ៊ីរ៉ង់-អាស៊ីអាគ្នេយ៍ឆ្នាំ ២០២៤។

leftcenterrightdel
Roadshow ទេសចរណ៍អ៊ីរ៉ង់-អាស៊ីអាគ្នេយ៍ឆ្នាំ ២០២៤ និងសន្និសីទទេសចរណ៍អ៊ីរ៉ង់-វៀតណាម រូបថត៖ VOV

ថ្លែងមតិក្នុងសន្និសីទ លោក Ali Ashgar Shalbafian អនុរដ្ឋមន្ត្រីក្រសួងបេតិកភណ្ឌវប្បធម៌ ទេសចរណ៍ និងសិប្បកម្មនៃប្រទេសអ៊ីរ៉ង់ បានមានប្រសាសន៍ថា  អ៊ីរ៉ង់គឺជាអរិយធម៌ដ៏ចំណាស់ជាងគេមួយ ដែលអាចក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញចំពោះប្រជាជនវៀតណាមអំពីតំបន់ប្រវត្តិសាស្ត្រ ទេសភាពធម្មជាតិ និងអាកាសធាតុចម្រុះ។

ខាងភាគីវៀតណាម លោក Hoang Dao Cuong អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម បានឲ្យដឹងថា សន្និសីទនេះគឺជាវេទិកាសំខាន់សម្រាប់ស្ថាប័នគ្រប់គ្រងរដ្ឋទទួលបន្ទុកទេសចរណ៍វៀតណាម និងអ៊ីរ៉ង់ ជួបប្រាស្រ័យទាក់ទង ចែករំលែកបទពិសោធន៍ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គភាពអាជីវកម្មទេសចរណ៍វៀតណាម និងអ៊ីរ៉ង់ ជំរុញកិច្ចសហប្រតិបត្តិការក្នុងបរិបទនៃការងើបឡើងវិញនៃវិស័យទេសចរណ៍បន្ទាប់ពីជំងឺរាតត្បាត។

នៅក្នុងព្រឹត្តិការណ៍នេះដែរ ស្ថានទូតអ៊ីរ៉ង់បានបង្ហាញវីដេអូមួយ ដោយផ្តល់ព័ត៌មានជាក់លាក់អំពីទេសចរណ៍ និងនីតិវិធីមួយចំនួនសម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់។ ក្រៅពីនោះ ក្រុមហ៊ុនទេសចរណ៍អ៊ីរ៉ង់ចំនួន ៩ ក៏មានវត្តមានដើម្បីពិភាក្សា និងស្វែងរកកាលានុវត្តភាពសហប្រតិបត្តិការជាមួយធុរកិច្ចវៀតណាម ដោយហេតុនេះជំរុញទេសចរណ៍រវាងប្រទេសទាំងពីរ បង្កើនការផ្លាស់ប្តូរប្រជាជន និងរួមចំណែកជំរុញទំនាក់ទំនងមិត្តភាពដ៏រឹងមាំរវាងវៀតណាម និងអ៊ីរ៉ង់៕

បកប្រែដោយ Duy Hoan