ក្នុងបរិយាកាសបើកចំហ ស្មោះស្ម័គ្រ និងជឿទុកចិត្ត ភាគីទាំងពីរបានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍយ៉ាងទូលំទូលាយនៃទំនាក់ទំនងរវាងប្រទេសទាំងពីរលើគ្រប់វិស័យ ព្រមទាំងអះអាងថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ រួមចំណែកជំរុញទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ វៀតណាម-ជប៉ុន ឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពថែមទៀត។ ភាគីទាំងពីរក៏បានឯកភាពគ្នាសម្របសម្រួលដើម្បីជំរុញការផ្លាស់ប្តូរ បង្កើនដំណើរទស្សនកិច្ចជាប្រចាំ ការផ្លាស់ប្តូរនៅថ្នាក់ជាន់ខ្ពស់និងគ្រប់លំដាប់ថ្នាក់; ពង្រឹងការផ្លាស់ប្តូរ និងការតភ្ជាប់រវាងប្រជាជននៃប្រទេសទាំងពីរ។

leftcenterrightdel
លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម ជួបសន្ទនាតាមទូរស័ព្ទជាមួយលោក Iwaya Takeshi រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន (រូបថត៖ baoquocte.vn)

លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី បានស្នើឲ្យភាគីទាំងពីរសម្របសម្រួលពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលជាសសរស្តម្ភសំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ការវិនិយោគ ODA ជំរុញការអនុវត្ត ODA ជំនាន់ថ្មី ផ្តោតលើការផ្ទេរបច្ចេកវិទ្យា...; ពង្រីកកិច្ចសហប្រតិបត្តិការយ៉ាងសកម្មទៅក្នុងវិស័យយុទ្ធសាស្ត្រថ្មីៗ ដូចជា បរិវត្តកម្មបៃតង បរិវត្តកម្មឌីជីថល សឺមីកុងឌុចទ័រ បញ្ញាសិប្បនិមិត្ត។ល។ លោក Bui Thanh Son ក៏បានស្នើឱ្យជប៉ុនបង្កើតលក្ខខណ្ឌអំណោយផល សម្រួល និងឆ្ពោះទៅរកការលើកលែងនីតិវិធីសម្រាប់ពលរដ្ឋវៀតណាម។

លោក Takeshi រដ្ឋមន្ត្រីការបរទេស បានអះអាងថា វៀតណាមជាដៃគូសំខាន់ក្នុងការអនុវត្តគោលនយោបាយការបរទេសរបស់ជប៉ុននៅក្នុងតំបន់ ព្រមទាំងសង្ឃឹមថា ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខឱ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព។ ដោយអះអាងនូវបំណងរបស់ជប៉ុនក្នុងការបន្តគាំទ្រ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាម លោករដ្ឋមន្ត្រី Takeshi បានមានបំណងថាភាគីទាំងពីរពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដើម្បីជំរុញវឌ្ឍនភាពនៃគម្រោងសេដ្ឋកិច្ចសំខាន់ៗមួយចំនួន រួមទាំងការដាក់ឲ្យដំណើរការកំណាត់ Ben Thanh-Suoi Tien នៃគម្រោងផ្លូវដែកទីក្រុងលេខ១ នៅឆ្នាំ ២០២៤ ដែលបានព្រមព្រៀងដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។

ភាគីទាំងពីរក៏បានពិភាក្សាអំពីស្ថានភាពក្នុងតំបន់ និងអន្តរជាតិ រួមទាំងបញ្ហាសមុទ្រខាងកើតផងដែរ ព្រមទាំងអះអាងថានឹងពង្រឹងការសម្របសម្រួល ការចែករំលែកគោលជំហរ កិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាតំបន់ និងអន្តរជាតិ និងក្នុងវេទិកាអន្តរជាតិ ដូចជាអង្គការសហប្រជាជាតិ អាស៊ាន APEC មេគង្គ ... នាពេលខាងមុខ៕

បកប្រែដោយ Huyen Trang