ការនាំចេញរបស់វៀតណាមទៅកាន់សិង្ហបុរីកើនឡើងយ៉ាងខ្លាំង
កប.អនឡាញ - នៅក្នុងខែសីហា ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីវៀតណាម និងសិង្ហបុរីសម្រេចបានជិត ២.៧៤ ពាន់លាន SGD កើនឡើង ៤.៨៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។
ក្នុងរយៈពេល ៨ ខែដើមឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងសិង្ហបុរីសម្រេចបានជាង ២១ ពាន់លាន SGD កើនឡើង ៨.៤៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ហើយវៀតណាមនៅតែជាដៃគូពាណិជ្ជកម្មធំទី១២ របស់ប្រទេសសិង្ហបុរី។
ការនាំចេញផលិតផលសំខាន់ៗរបស់វៀតណាមទៅកាន់សិង្ហបុរីបានកើនឡើងយ៉ាងខ្លាំង។ ម៉ាស៊ីនគ្រឿងចក្រ បរិក្ខារ ទូរសព្ទដៃ និងគ្រឿងបន្លាស់គ្រប់ប្រភេទកើនឡើង ២១.៣៩%; រ៉េអាក់ទ័រ ឡចំហាយ ឧបករណ៍ម៉ាស៊ីន និងគ្រឿងបន្លាស់កើនឡើង ១៥០%; ប្រេងឥន្ធនៈ និងផលិតផលប្រេងកើនឡើង ៨៧០%។
យោងតាមលោក Cao Xuan Thang ទីប្រឹក្សាពាណិជ្ជកម្ម ប្រធានការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅសិង្ហបុរី ឲ្យដឹងថា ការិយាល័យពាណិជ្ជកម្មវៀតណាមនឹងបន្តជួយឧបត្ថម្ភធុរកិច្ចវៀតណាមក្នុងការតភ្ជាប់ពាណិជ្ជកម្ម បង្កើនវត្តមាននៃទំនិញវៀតណាមនៅសិង្ហបុរី ក៏ដូចជាជួយគាំទ្រគណៈប្រតិភូពីសិង្ហបុរីទៅកាន់វៀតណាមដើម្បីស្វែងរកប្រភពទំនិញ ជំរុញការវិនិយោគលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្មនៅវៀតណាម៕
បកប្រែដោយ Thuy Anh