ដៃគូរបស់ Viettel ក្នុងកិច្ចព្រមព្រៀងនេះគឺ United Telecoms Limited (UTL) ដែលជាសាជីវកម្មដ៏កម្រមួយដែលមានសមត្ថភាព និងបទពិសោធន៍ក្នុងការស្រាវជ្រាវ ការផលិត និងការដាក់ពង្រាយផលិតផលក្នុងវិស័យទូរគមនាគមន៍ក្នុងប្រទេសឥណ្ឌា ជាមួយនឹងចំណែកទីផ្សារច្រើនជាង ៦០% នៃបណ្តាញបញ្ជូនសារជាតិ។

កិច្ចព្រមព្រៀងនេះបញ្ជាក់ពីភាពប្រកួតប្រជែងនៃផលិតផល VHT នៅក្នុងទីផ្សារឥណ្ឌា ដែលជាទីផ្សារដ៏ធំ និងមានភាពប្រកួតប្រជែងបំផុតរបស់ពិភពលោក។ ទន្ទឹមនឹងនោះ កិច្ចព្រមព្រៀងនេះនឹងជួយសាជីវកម្ម UTL ផ្តល់សេវាកម្មដល់ក្រុមអតិថិជនថ្មី។ បច្ចុប្បន្ន UTL ធ្វើអាជីវកម្មនៅក្នុងប្រទេសជាង ៦០ ក្នុងវិស័យជាច្រើនដូចជា៖ ទូរគមនាគមន៍ បច្ចេកវិទ្យាព័ត៌មាន R&D (ស្រាវជ្រាវ និងអភិវឌ្ឍន៍) និងរដ្ឋាភិបាលអេឡិចត្រូនិក។ល។ UTL ក៏ជាក្រុមហ៊ុនត្រួសត្រាយផ្លូវក្នុងការផ្តល់សេវាទូរស័ព្ទចល័តនៅក្នុងប្រទេសឥណ្ឌា ដែលឈានមុខគេក្នុងការអនុវត្តបច្ចេកវិទ្យាដើម្បីបង្កើតរដ្ឋាភិបាលឌីជីថលសម្រាប់ប្រទេសនេះ។

leftcenterrightdel
តំណាងសាជីវកម្មឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ Viettel និងសាជីវកម្ម United Telecoms Limited ចុះហត្ថលេខាលើកិច្ចព្រមព្រៀង

លោក Raja Mohan Rao Potluri ប្រធានសាជីវកម្ម UTL បានចែករំលែកថា៖ “ទីផ្សារឥណ្ឌាមានតម្រូវការដ៏ធំសម្រាប់ដំណោះស្រាយ 5G Private ហើយយើងខ្ញុំសង្ឃឹមថា នឹងបន្តក្លាយជាសហគ្រាសឈានមុខគេដែលនាំតម្លៃដល់អតិថិជន។ Viettel ដែលមានដំណោះស្រាយពេញលេញសម្រាប់ការតភ្ជាប់ 5G និង UTL នឹងដើរតួនាទីនៃការតភ្ជាប់ កិច្ចសហប្រតិបត្តិការ និងការជំរុញពាណិជ្ជកម្មផលិតផល”។

UTL និង VHT បានពិភាក្សាអំពីសកម្មភាពបន្ទាប់នៃកិច្ចព្រមព្រៀងក្នុងបរិបទនៃការបង្កើតមុខងារថ្មីៗដែលចាំបាច់សម្រាប់ 5G Private។ តម្រូវការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃគឺជាឱកាសមួយសម្រាប់ UTL និង Viettel ក្នុងការដាក់ពង្រាយសេវាកម្ម និងផលិតផលរបស់ពួកគេ ជាពិសេសនៅពេលដែលអត្ថប្រយោជន៍របស់ Viettel គឺការផ្តល់ប្រព័ន្ធ 5G Private។

លោក Nguyen Vu Ha អគ្គនាយក VHT បានបញ្ជាក់ថា៖ "ក្នុងនាមជាអ្នកផ្គត់ផ្គង់ឧបករណ៍ទូរគមនាគមន៍ឈានមុខគេនៅវៀតណាម VHT មានសមត្ថភាពក្នុងការផ្តល់ដំណោះស្រាយ 5G ពេញលេញ មានបទពិសោធន៍និងសមត្ថភាពដើម្បីដាក់ពង្រាយគម្រោងទូរគមនាគមន៍ធំ ព្រមទាំងត្រៀមខ្លួនជាស្រេចសម្រាប់គម្រោងអន្តរជាតិថ្មីៗ។

ប្រព័ន្ធ 5G Private នឹងត្រូវបានផ្តល់ដោយ Viettel ទៅ UTL ក្នុងរយៈពេលត្រឹមតែ ៣ ខែប៉ុណ្ណោះ និងជួយ UTL ចាប់យកឱកាសទីផ្សារ ដោយហេតុនេះផ្តល់សេវាកម្មទាន់ពេលវេលាដល់អតិថិជននៅក្នុងប្រទេសឥណ្ឌា និងបណ្តាប្រទេសជិតខាង។ មុននោះ Viettel ជាអ្នកត្រួសត្រាយលើការដាក់ពង្រាយបណ្តាញ 5G Private ពេញលេញដំបូងគេនៅក្នុងប្រទេសឥណ្ឌា ហើយបានប្រគល់វាទៅឱ្យដៃគូក្នុងខែធ្នូ ឆ្នាំ ២០២៣ ត្រឹមតែ ៥ ខែបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់សេវាកម្ម។ បច្ចុប្បន្ននេះ ប្រព័ន្ធ 5G Private នេះកំពុងដំណើរការប្រកបដោយស្ថិរភាព បំពេញបានយ៉ាងពេញលេញនូវតម្រូវការ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយផលិតផល 5G ដល់ក្រុមអតិថិជនអាជីវកម្ម៕

បកប្រែដោយ Huyen Trang