ពង្រឹងកិច្ចសហប្រតិបត្តិការរវាងសមាគមកាកបាទក្រហមវៀតណាម និងគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ
កប.អនឡាញ - នាថ្ងៃទី ១៩ ខែវិច្ឆិកា លោកស្រី Bui Thi Hoa ប្រធានសមាគមកាកបាទក្រហមវៀតណាម បានជួបពិភាក្សាជាមួយគណៈប្រតិភូនៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) មុនពេលសន្និសីទលើកទី១១ នៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអន្តរជាតិអាស៊ី-ប៉ាស៊ីហ្វិច (AP-11) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយ។
នៅក្នុងជំនួបនេះ លោកស្រី Bui Thi Hoa បានថ្លែងអំណរគុណចំពោះការរួមចំណែក កិច្ចសហប្រតិបត្តិការ និងការជួយគាំទ្រដែល ICRC ផ្ដល់ដល់សមាគមកាកបាទក្រហមវៀតណាម ចាប់ពីឆ្នាំ១៩៧២ ដល់បច្ចុប្បន្ន។ ទន្ទឹមនឹងនោះ ICRC ក៏បានសហការជាមួយក្រសួង ស្ថាប័ននានារបស់វៀតណាមដូចជា ក្រសួងការពារប្រទេស និងក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច ដើម្បីជួយឧបត្ថម្ភជនរងគ្រោះដោយសង្គ្រាម និងជួយគាំទ្រវៀតណាមក្នុងការចូលរួមចលនាមនុស្សធម៌សកល។
|
|
លោកស្រី Bui Thi Hoa ប្រធានសមាគមកាកបាទក្រហមវៀតណាម (រូបថត៖ vnanet.vn) |
លោកស្រីប្រធានសមាគមកាកបាទក្រហមវៀតណាមសង្ឃឹមថា ICRC និងវៀតណាមនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដំណាក់កាល ២០២៤-២០២៧។ ទន្ទឹមនឹងនោះ លោកស្រីសង្ឃឹមថា ICRC នឹងបន្តជួយឧបត្ថម្ភវៀតណាមក្នុងការបណ្តុះបណ្តាលជំនាញ ចែករំលែកបទពិសោធន៍និងចំណេះដឹង លើកកំពស់សមត្ថភាពសម្រាប់កងកម្លាំងកាកបាទក្រហម ដើម្បីអាចចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពតបតាមការសំណើរបស់អង្គការសហប្រជាជាតិ។
រីឯខ្លួនវិញ លោក Gilles Carbonnier អនុប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ បានវាយតំលៃខ្ពស់ចំពោះកិច្ចសន្យារបស់វៀតណាមចំពោះសន្តិភាពដែលបង្ហាញក្នុងសកម្មភាពនានានៅពេលថ្មីៗនេះដូចជា៖ វៀតណាមជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាប្រទេសទី១០ ដែលផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមឃាត់អាវុធនុយក្លេអ៊ែរ ហើយចូលរួមយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌សកល។
នាពេលខាងមុខ ICRC សន្យាបន្តជួយឧបត្ថម្ភ និងសហការជាមួយសមាគមកាកបាទក្រហមវៀតណាមក្នុងការលើកកម្ពស់សមត្ថភាពរបស់សមាគម ជាពិសេសក្នុងបរិបទដែលពិភពលោកមានតម្រូវការជំនួយមនុស្សធម៌កាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ៕
បកប្រែដោយ Thuy Anh