ASOCIO គឺជាពានរង្វាន់ដ៏មានកិត្យានុភាពខ្ពស់ក្នុងវិស័យឧស្សាហកម្មកុំព្យូទ័រអន្តរជាតិ។ ពានរង្វាន់នេះគឺជាការទទួលស្គាល់ និងការលើកទឹកចិត្តសម្រាប់គ្រប់រដ្ឋាភិបាល និងអង្គការរដ្ឋាភិបាលទាំងអស់ក្នុងការខិតខំដើម្បីសម្រេចបាននូវលទ្ធផលដ៏ល្អក្នុងការអនុវត្តការធ្វើបរិវត្តកម្មឌីជីថល និងការកសាងរដ្ឋបាលឌីជីថល។ ទីក្រុងហូជីមិញគឺជាអង្គការរដ្ឋាភិបាលមួយនៅអាស៊ី ដែលមានកិត្តិយសទទួលបានពានរង្វាន់នេះ។

ពានរង្វាន់ ASOCIO 2023 គឺជា “ការជំរុញ” យ៉ាងសំខាន់ចំពោះស្មារតី និងជាការលើកទឹកចិត្តសម្រាប់ទីក្រុងហូជីមិញ ដើម្បីបន្តអះអាងជាតំបន់ឈានមុខគេមួយក្នុងប្រទេសវៀតណាម ទាក់ទងនឹងល្បឿន និងប្រសិទ្ធភាពនៃការធ្វើបរិវត្តកម្មឌីជីថល។ ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ដោយមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា និងគ្រប់ជ្រុងជ្រោយដើម្បីស្ដារកំណើនសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺរាតត្បាត Covid-19 នោះ ទីក្រុងហូជីមិញបានកំណត់ថា ការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលគឺជាសសរស្តម្ភសំខាន់បំផុត។ រដ្ឋបាលទីក្រុងសម្រេចបានលទ្ធផលលេចធ្លោជាច្រើន ក្នុងការអនុវត្តយុទ្ធសាស្ត្រ និងដំណោះស្រាយឌីជីថល ដើម្បីបង្កើនគុណភាពសេវាកម្មសម្រាប់ប្រជាជន និងធុរកិច្ច ព្រមទាំងធ្វើឱ្យសកម្មភាពរបស់រដ្ឋបាល ស្ថាប័នសាធារណៈ មានតម្លាភាពនៅគ្រប់កម្រិតទាំងអស់។ ទីក្រុងហូជីមិញគឺជាទីក្រុងឈានមុខគេរបស់ប្រទេសទាំងមូលដែលបានដាក់ឱ្យអនុវត្តកម្មវិធីបច្ចេកវិទ្យាឆ្លាតវៃយ៉ាងសកម្មដើម្បីបម្រើប្រកបដោយប្រសិទ្ធភាពលើវិស័យសំខាន់ៗដូចជា៖ ផ្លូវគមនាគមន៍ សេវាថែទាំសុខភាព ការអប់រំ ... និងការផ្តល់សេវាសាធារណៈនានា។

leftcenterrightdel
ទីក្រុងហូជីមិញទទួលបានពានរង្វាន់ជ័យលាភី ASOCIO 2023

ទន្ទឹមនឹងការអនុវត្តនូវរាល់យន្តការ និងគោលនយោបាយជាក់លាក់ ស្របតាមគោលការណ៍ណែនាំរបស់បក្ស និងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា  បរិយាកាសឌីជីថលបានរួមចំណែកយ៉ាងសកម្មក្នុងការជួយរដ្ឋបាលទីក្រុងដោះស្រាយរាល់បញ្ហាជាប់គាំងក្នុងការបញ្ចេញទុនវិនិយោគសាធារណៈបានឆាប់រហ័ស និងជួយជំរុញវឌ្ឍនភាពនៃគម្រោង និងការងារសំខាន់ៗ។ ជាពិសេសក្នុងវិស័យរដ្ឋបាលសាធារណៈ ប្រសិទ្ធភាពនៃការធ្វើបរិវត្តកម្មឌីជីថលបានជះឥទ្ធិពលយ៉ាងជ្រាលជ្រៅ និងទូលំទូលាយលើប្រតិបត្តិការរបស់រដ្ឋបាលទីក្រុង។ គ្រប់កម្រិត និងគ្រប់វិស័យក្នុងប្រព័ន្ធនយោបាយតែងតែធ្វើអោយប្រសើរឡើងនូវសន្ទស្សន៍នៃការពេញចិត្តរបស់ប្រជាជនដោយមិនឈប់ឈរ បង្កើតការឯកភាពខ្ពស់ក្នុងចំណោមប្រជាជនគ្រប់ស្រទាប់វណ្ណៈ និងគាំទ្រគោលនយោបាយ និងកម្មវិធីសកម្មភាពរបស់ទីក្រុង។

នាពេលខាងមុខ ទីក្រុងហូជីមិញ បានប្តេជ្ញាបន្តជំរុញការធ្វើបរិវត្តកម្មឌីជីថល និងកសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល ដោយមានគោលដៅកសាងទីក្រុង ឱ្យក្លាយជាតំបន់ទីក្រុងឆ្លាតវៃលេចធ្លោរបស់ប្រទេស។ ក្នុងបរិបទដែលសេដ្ឋកិច្ចប្រឈមមុខនឹងការលំបាកជាច្រើន តួនាទីសេដ្ឋកិច្ចឈានមុខគេរបស់ទីក្រុងហូជីមិញកំពុងត្រូវបាន "ជាប់គាំង" នៅក្នុងផ្នែក និងវិស័យមួយចំនួន  ហេតុដូច្នេះការជំរុញការធ្វើបរិវត្តកម្មឌីជីថល និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ត្រូវបានកំណត់ថាជាដំណោះស្រាយមានលក្ខណៈបំបែកភាពទាល់ច្រកដ៏សំខាន់ៗ។ ភារកិច្ចភ្លាមៗនាពេលខាងមុខរបស់ទីក្រុង គឺបង្កើតការលោតផ្លោះនៃសន្ទស្សន៍កំណើនសេដ្ឋកិច្ចក្នុងរយៈពេលពីរខែចុងក្រោយនៃឆ្នាំនេះ រួមចំណែកដល់ការបញ្ចប់ផែនការឆ្នាំ ២០២៣។

គោលដៅខ្ពស់បំផុតនៃការធ្វើបរិវត្តកម្មឌីជីថល គឺដើម្បីបម្រើប្រជាជន និងថែទាំបីបាច់ដល់ជីវិតរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើង។ ដូច្នេះ ការធ្វើបរិវត្តកម្មឌីជីថលឱ្យបានរឹងមាំ ជាក់លាក់ និងមានប្រសិទ្ធភាព... គឺជាតម្រូវការសម្រាប់បរិយាកាសឌីជីថលនៃទីក្រុងឈានមុខគេ។ ការទទួលបានពានរង្វាន់ ASOCIO 2023 គឺជាកិត្តិយសដ៏ធំធេងដែលជួយទីក្រុងហូជីមិញ អះអាងនូវកិត្តិនាមរបស់ខ្លួន និងពង្រឹងទំនុកចិត្តជាមួយដៃគូសេដ្ឋកិច្ចក្នុងការទាក់ទាញការវិនិយោគ និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។ ការរក្សាកិត្តិនាមនោះមានន័យថា ទីក្រុងហូជីមិញត្រូវតែកសាង និងដំណើរការរដ្ឋបាលឌីជីថល និងអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលដ៏រឹងមាំ និងមានស្ថិរភាព។ ទំនួលខុសត្រូវនៃធនធានមនុស្សឌីជីថលរបស់ "ពលរដ្ឋឌីជីថល" នៅក្នុងជួរកម្មាភិបាល សមាជិកបក្ស បញ្ញវន្ត...គឺពិតជាសំខាន់ណាស់ ប៉ុន្តែក៏រុងរឿង និងមានមោទនភាពណាស់ផងដែរ៕

បកប្រែដោយ Minh Trung